សារលិខិត សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ ​ទិវាសាកលលើកទី​៥៨ អធិដ្ឋានសម្រាប់ការត្រាស់ហៅ

ថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២១

សន្តយ៉ូសែប៖ ព្រះជាម្ចាស់ត្រាស់ហៅ តាមសុបិននិមិត្ត

បងប្អូនជាទីស្រឡាញ់

            ថ្ងៃទី​ ៦ ​ខែធ្នូកន្លងមក ជាខួប១៥០ឆ្នាំ​ ដែលព្រះសហគមន៍ប្រកាសថា​ សន្តយ៉ូសែប  ជាឧបការី របស់ព្រះសហគមន៍​ទូទាំងសកលលោក ហើយបានចាប់ផ្តើមឆ្នាំពិសេស ដើម្បីគោរពសន្តយ៉ូសែប (នេះ​បើ​យោងអនុសាសនក្រិត្យ ចុះថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០)។  ចំពោះខ្ញុំផ្ទាល់ ខ្ញុំបានសរសេរសាលិខិត មានចំណងជើងថា «ទឹកចិត្តឪពុក»  ក្នុងគោលបំណងឲ្យគ្រីស្តបរិស័ទមានចិត្តស្រឡាញ់សន្តយ៉ូសែប​ដ៏ប្រសើរនេះ ឲ្យកាន់តែខ្លាំងឡើងៗ។ សន្តយ៉ូសែបពិតជាសន្តម្នាក់ដ៏អស្ចារ្យ ហើយម៉្យាងទៀត «លោកបានរស់នៅសាមញ្ញធម្មតាដូចយើងម្នាក់ៗ»។ សន្តយ៉ូសែបមិនធ្វើការអស្ចារ្យទេ លោកមិនបានទទួលព្រះអំណោយទានពិសេសពីព្រះជាម្ចាស់ទេ អស់អ្នកដែលជួបលោកមិនយល់ថា  លោកជាមនុស្សខុសពីគេទេ។ លោកគ្មានឈ្មោះល្បី ហើយក៏មិនធ្វើឲ្យនរណាចាប់អារម្មណ៍ដែរ។  ព្រះគម្ពីរដំណឹងល្អ មិន​ដែលរៀបរាប់ពាក្យសម្ដីមួយម៉ាត់របស់លោកទេ។ ក៏ប៉ុន្តែ ទោះបីជាលោករស់នៅតាមរបៀបសាមញ្ញធម្មតាក្តី ក៏លោកបានបំពេញកិច្ចការលើសពីធម្មតា នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់។

 

          ព្រះជាម្ចាស់ទតមើលចិត្តគំនិត (១សម ១៦:១៧)​ ហើយព្រះអង្គទតឃើញថា លោកយ៉ូសែប​មានចិត្តជាឪពុក ដែលអាចផ្តល់ជីវិតជារៀងរាល់ថ្ងៃ និងលើកតម្កើងជីវិតនោះផង។ ការត្រាស់ហៅ ក៏មានគោលដៅដូចគ្នានេះដែរ គឺផ្តល់កំណើត ​និងបន្តជីវិតរស់នៅប្រចាំថ្ងៃ។ ​ព្រះអម្ចាស់មានព្រះបំណងបង្កើតមនុស្សឲ្យមានចិត្តជាឪពុក និងចិត្តជាម្តាយ គឺមនុស្សដែលមានចិត្តទូលំទូលាយ ដែលអាចយកចិត្តទុកដាក់នឹងគេយ៉ាងខ្លាំងបំផុត និងជាមនុស្សសុខចិត្តបូជាខ្លួនឯងចំពោះអ្នកដទៃ ជាអ្នកចេះអាណិត និងលើកទឹកចិត្តគេ ដើម្បីឲ្យគេមានសង្ឃឹមយ៉ាងមាំ​​​​​​មួន។ ​អស់លោកបូជាចារ្យ និង បព្វជិត បព្វជិតា ត្រូវមានចរិយាសម្បត្តិ ចិត្តគំនិតយ៉ាងដូច្នោះដែរ ជាពិសេសក្នុងសម័យបច្ចុប្បន្ននេះ ក្នុងគ្រាដែលបង្ហាញភាពទន់ខ្សោយ និងទុក្ខលំបាករបស់មនុស្សលោក បណ្តាលមកពីមេរោគឆ្លង COVID 19 ដែលនាំឲ្យមនុស្សលែងជឿលើខ្លួនឯង និងនាំឲ្យមានការភ័យខ្លាចអំពីអនាគត ហើយនាំឲ្យគេសង្ស័យអំពីអត្ថន័យនៃជិវិតជាមនុស្សតែម្តង។ សន្តយ៉ូសែប មកជួបយើង ដោយចិត្តសុភាពរាបសា ជា«សន្តបុគ្គលម្នាក់ដែលរស់នៅជិតយើង»។ ​ក្នុងពេលជាមួយគ្នា លោកផ្តល់​សក្ខីភាពយ៉ាងច្បាស់លាស់ ដែលអាចបង្ហាញផ្លូវយើងថែមទៀតផង។

           

សន្តយ៉ូសែប បានផ្តល់ដំបូន្មាន នូវពាក្យគន្លឹះចំនួនបី សម្រាប់ការត្រាស់ហៅរបស់ព្រះជាម្ចាស់ចំពោះយើងម្នាក់ៗ។

 

- ទី​១​ គឺ សុបិន។ មនុស្សគ្រប់គ្នាតែងមានសុបិន នៅក្នុងការរស់នៅរបស់ខ្លួន ប្រកបដោយភាពជោគជ័យ។ យើងតែងតែមានសង្ឃឹមខ្ពស់បំផុត ​ប្រាថ្នាយ៉ាងមោះមុតឲ្យបានសម្រេចឆាប់ៗ គឺទទួលបានជោគជ័យ មានលុយ និងភាពសប្បាយហ៊ឺហា ប៉ុន្តែមិនអាចបំពេញសេចក្កីសង្ឃឹមនោះបាន។ ប្រសិនបើយើងសួរមនុស្សម្នាក់ៗ ឲ្យនិយាយតែមួយម៉ាត់  អំពីសុបិនសម្រាប់ជីវិតរបស់គេ ​យើងមិនពិបាកស្មានឡើយ អំពីចម្លើយរបស់គេ គឺ«គេចង់បានសេចក្តីស្រឡាញ់»។ សេចក្តីស្រឡាញ់ផ្តល់ឲ្យជីវិតមានអត្ថន័យ ដ្បិតសេចក្តីស្រឡាញ់សម្ដែងអាថ៌កំបាំងនៃជិវិតរស់នៅ។ យើងមានជិវិត លុះត្រាតែយើងផ្តល់ជីវិត ដ្បិតយើងកាន់កាប់អ្វីៗយ៉ាងពិតប្រាកដ លុះត្រាតែយើងផ្តល់អ្វីៗដែលយើងកាន់កាប់នោះឲ្យគេទាំងអស់​។​ សន្ត យ៉ូសែប មានសេចក្តីជាច្រើនប្រាប់យើងឲ្យដឹងអំពីរឿងនេះ ព្រោះថា ក្នុងចំណោម​សុបិន ដែលព្រះជាម្ចាស់បានបំភ្លឺឲ្យលោកឃើញ នាំឲ្យលោកថ្វាយជីវិតទាំងអស់ស្រុងទៅព្រះជាម្ចាស់។

 

          គម្ពីរដំណឹងល្អរៀបរាប់អំពីសុបិនបួនយ៉ាងរបស់លោកយ៉ូសែបឲ្យយើងស្គាល់ (មថ ១:២០; ២:១៣.១៩.២២)។ សុបិនទាំងបួននេះជាការត្រាស់ហៅរបស់ព្រះជាម្ចាស់ ដែលពិបាកទទួលថា ​ ព្រះជាម្ចាស់ត្រាស់ហៅគាត់តាមសុបិនទាំងនោះ។ ក្រោយពីយល់សុបិនម្តងៗ សន្តយ៉ូសែបត្រូវតែដូរគម្រោងការរបស់ខ្លួន ហើយត្រូវចោលខ្លួនឯង គឺលោកលះបង់ចោលគម្រោងការរបស់ខ្លួន ដើម្បីបំពេញគម្រោងការដ៏អាថ៌កំបាំង​របស់ព្រះជាម្ចាស់។ លោកទុកចិត្តលើព្រះជាម្ចាស់រហូតសម្រេចកិច្ចការទាំងអស់។ យើងអាចសួរខ្លួនឯងថា «តើលោកយល់សុបិនឃើញអ្វីនៅពេលយប់ដែលធ្វើឲ្យលោកជឿទុកចិត្តយ៉ាងខ្លាំងរបៀបនេះ?» ទោះបីនៅសម័យមុនៗ គេយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះការយល់សុបិន ហើយបើប្រៀបនឹងការរស់នៅជាក់ស្តែង ការយល់សុបិនមិនមែនជាអ្វីអស្ចារ្យទេ។ ក៏ប៉ុន្តែ សម្រាប់សន្តយ៉ូសែបមិនរួញរាប្រព្រឹត្តតាមការយល់សុបិននោះទេ​។ ហេតុអ្វី? គឺមកពីលោកមានចិត្តតម្រង់ឆ្ពោះទៅកាន់ព្រះជាម្ចាស់ ​គឺលោកសុខចិត្តធ្វើតាមព្រះអង្គរួចស្រេចទៅហើយ។ លោកមានត្រចៀកនៅក្នុងដួងចិត្ត និងត្រង់ត្រាប់ស្តាប់។ លោក​ត្រូវការតែសញ្ញាសំគាល់ដ៏តូចមួយ ​ដើម្បីទទួលស្គាល់សំឡេងដែលនិយាយមកកាន់លោក។ ចំពោះការត្រាស់ហៅរបស់យើង ក៏ដូច្នេះដែរ គឺព្រះជាម្ចាស់មិនសព្វព្រះហឫទ័យសម្តែងព្រះអង្គ​យ៉ាងអស្ចារ្យ ដើម្បីបង្ខំសេរីភាពរបស់យើងឡើយ។ ព្រះអង្គបញ្ជូនព្រះគម្រោងការរបស់ព្រះអង្គយ៉ាងស្រទន់។​ ព្រះអង្គមិនធ្វើឲ្យយើងរំភើបចិត្តដោយមើលឃើញនឹងភ្នែកស្តែងៗឡើយ  តែព្រះអង្គមានព្រះបន្ទូលមកយើងយ៉ាងស្រទន់ក្នុងដួងចិត្តយើង និងយ៉ាងស្និទ្ធស្នាល ដោយមានព្រះបន្ទូលមកយើងតាមរយ:ចិត្តគំនិតនិងអារម្មណ៍របស់យើង។ ព្រះអង្គប្រព្រឹត្តចំពោះសន្តយ៉ូសែបយ៉ាងណា ព្រះអង្គក៏រៀបចំ សម្រាប់យើងយ៉ាងខ្ពង់ខ្ពស់ និងហួសពីការស្មានយ៉ាងនោះដែរ។

 

            សន្តយ៉ូសែប យល់សុបិនទាំងប៉ុន្មាន បាននាំលោកឲ្យប្រព្រឹត្តកិច្ចការដែលលោកមិនដែលស្រមៃឃើញពីមុន។ សុបិនទីមួយ រំខានការផ្តាច់ពាក្យនឹងនាងម៉ារី តែបានធ្វើឲ្យលោកក្លាយទៅជាឪពុករបស់ព្រះមេស្ស៊ី។ សុបិនទី ​២ គឺនាំឲ្យលោករត់ភៀសខ្លួនទៅស្រុកអេហ្ស៊ីប  ដើម្បីសង្គ្រោះ​ជីវិតក្រុមគ្រួសារទាំងមូល។ ក្រោយមកសុបិនទី​៣ ដែលជូនដំណឹងថា លោកអាចត្រឡប់ទៅមាតុភូមិវិញបាន។ ​ការយល់សុបិនទី​៤  បណ្តាលឲ្យលោកដូរគម្រោងការម្តងទៀត គឺនាំលោកទៅភូមិណាសារ៉ែត នៅកន្លែងដែលព្រះយេស៊ូនឹងចាប់ផ្តើមប្រកាសអំពីព្រះរាជ្យរបស់ព្រះជាម្ចាស់។ ក្នុងការប្រែប្រួលទាំងអស់នោះ លោកយ៉ូសែបក៏មានចិត្តដោយក្លាហានធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់  ហើយមានជ័យជំនះ។

 

          អំពីព្រះជាម្ចាស់ត្រាស់ហៅរបស់យើងក៏ដូច្នេះដែរ! ព្រះជាម្ចាស់ត្រាស់ហៅយើងជានិច្ចឲ្យចេញទៅ ឲ្យសុខចិត្តបូជាជិវិត និងឲ្យទៅមុខបន្តទៀត។ គ្មាននរណាផ្ញើជីវិតលើព្រះជាម្ចាស់ ដោយមិនប្រឈមនឹងគ្រោះថ្នាក់នោះទេ។ គឺមានតែការផ្ញើជីវិត ដោយទុកចិត្តលើព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់។ អ្នកណាបំភ្លេចគម្រោងការផ្ទាល់ខ្លួន និងភាពងាយស្រួលរបស់ខ្លួន អ្នកនោះ «យល់ព្រម»យ៉ាងពិតប្រាកដ ចំពោះព្រះជាម្ចាស់ដែលត្រាស់ហៅ។ ពេលណាយើង «យល់ព្រម» ធ្វើតាមព្រះជាម្ចាស់ដែលត្រាស់ហៅម្តងៗ ​ទើបយើងបានបង្កើតផល ព្រោះយើងសុខចិត្តទទួលគម្រោងការធំជាងគម្រោងការរបស់ខ្លួន។ ​យើង​មិនទាន់ស្គាល់ច្បាស់អំពីគម្រោងការនេះទេ តែព្រះជាម្ចាស់ទ្រង់ជ្រាប ហើយធ្វើឲ្យបង្កើតផលបានតទៅមុខទៀត ដើម្បីឲ្យការរស់នៅរបស់មនុស្សម្នាក់ៗ ទៅជាស្នាព្រះហស្តយ៉ាងពិតប្រាកដ។ សន្ត យ៉ូសែប ជាគំរូដែលយើងត្រូវអនុវត្តតាម ក្នុងការទទួលគម្រោងការរបស់ព្រះជាម្ចាស់។ លោកទទួលគម្រោងការរបស់ព្រះជាម្ចាស់យ៉ាងសកម្ម គឺលោកមិនស្ទាក់ស្ទើរ ឬបោះបង់ចោលឡើយ។ លោកយ៉ូសែបមិនមែនជាមនុស្ស កំសាក គេចវេះឡើយ តែលោកចូលរួមយ៉ាងសកម្ម និងដោយចិត្តក្លាហាន (ទឹកចិត្តឪពុក លេខ៤)។ សូមសន្តយ៉ូសែបជួយយើងខ្ញុំទាំងអស់គ្នា ជាពិសេស យុវជន យុវនារី  ឲ្យបានយល់ពីគម្រោងការរបស់ព្រះជាម្ចាស់សម្រាប់គេ! សូមជួយឲ្យគេមានចិត្តក្លាហាន សុខចិត្តឆ្លើយ «បាទ/ចាស» ចំពោះការត្រាស់ហៅរបស់ព្រះអម្ចាស់​ដែលតែងតែនាំឲ្យមានអំណ​រសប្បាយ​ និង សេចក្តីសង្ឃឹម។

 

            - ទី២ គឺ ការបម្រើ​ ៖ ពាក្យទី២ដែលសម្គាល់ក្នុងដំណើរជីវិតរបស់សន្តយ៉ូសែប និងការត្រាស់ហៅរបស់លោក គឺការបម្រើ។ ក្នុងគម្ពីរដំណឹងល្អ មានសម្តែងអំពីលោកយ៉ូសែបបានរស់នៅគ្រប់យ៉ាងសម្រាប់អ្នកដទៃ មិនសម្រាប់ខ្លួនឯងទេ។ ប្រជាជនដ៏វិសុទ្ធរបស់ព្រះជាម្ចាស់ តែងហៅលោកថា ស្វាមីដ៏វិសុទ្ធបំផុត គឺគេហៅដូច្នេះ ដើម្បីសម្តែងថា  លោកមានសមត្ថភាពអាចស្រឡាញ់អ្នកដទៃ ដោយមិនរកប្រយោជន៍សម្រាប់ខ្លួនលោកផ្ទាល់ឡើយ។ លោកស្រឡាញ់គេ ដោយមិនកាន់កាប់អ្វីរបស់អ្នកដែលខ្លួនស្រឡាញ់នោះទេ។ លោកសុខចិត្តបម្រើដូច្នេះ ហើយលទ្ធផលទទួល​បានខ្លាំងជាងទៅទៀត គឺសម្រាប់មនុស្សគ្រប់ជំនាន់ តែងសរសើរចំពោះការថែរក្សា​ការពារ ដោយចិត្តស្រឡាញ់ គេនាំគ្នាគោរពលោកទុកជា ឧបការី​របស់ព្រះសហគមន៍។ សន្ត យ៉ូសែប ក៏ជាឧបការីសម្រាប់គ្រីស្តបរិស័ទ ដែលកំពុងចែកស្ថានយ៉ាងសុខសាន្ត ព្រោះលោកបានយល់ថា   ការរស់នៅរបស់មនុស្សក្នុងលោកនេះ សុទ្ធតែជាដង្វាយថ្វាយព្រះជាម្ចាស់ជានិច្ច។ លោកអាចបម្រើ និងថ្វាយការរស់នៅរបស់ខ្លួនជាយញ្ញបូជាបាន មកពីលោកមានចិត្តស្រឡាញ់យ៉ាងខ្លាំងបំផុត គឺថា មនុស្សអាចធ្វើតាមការត្រាស់របស់ព្រះជាម្ចាស់បាន លុះត្រាតែបូជាខ្លួនជាយញ្ញបូជាយ៉ាងពេញលក្ខណ:។ លោកបូជាចារ្យ ឬបព្វជិត បព្វជិតា ក៏ត្រូវជាយញ្ញបូជាយ៉ាងពេញលក្ខណ:។ ប្រសិនបើព្រះជាម្ចាស់ត្រាស់ហៅ ឲ្យរៀបអាពាហ៍ពិពាហ៍ ឲ្យរស់នៅលីវ (កំលោះ ឬកាន់ព្រហ្មចារី) មិនទាន់ទៅដល់ការយញ្ញបូជាយ៉ាងពេញលេក្ខណ: នោះទេ។ ប្រសិនបើគេឈប់ គេមិនបង្ហាញសោភ័ណ្ឌភាពនិងអំណរនៃសេចក្តីស្រឡាញ់នោះទេ  តែបង្ហាញអពមង្គល ភាពក្រៀមក្រំ និងការខកចិត្ត។

           

​          ការបម្រើ ជាការបង្ហាញជាក់ស្តែងអំពីអំណោយទានផ្ទាល់ខ្លួន វាមិនមែនជាការបូជាខ្លួនជារូបី ឬជាឧត្តមគតិដ៏ខ្ពង់ខ្ពស់បំផុតរបស់លោកយ៉ូសែបទេ តែជាវិន័យក្នុងការរស់នៅប្រចាំថ្ងៃរបស់លោក។ លោកយកចិត្តទុកដាក់ រកទីកន្លែងសម្រាប់ព្រះយេស៊ូប្រសូត។ ​លោកយកចិត្តទុកដាក់ការពារព្រះកុមារយេស៊ូពីភាពឃោឃៅរបស់ព្រះបាទហេរ៉ូដ ដោយរត់ភៀសខ្លួនទៅប្រទេសអេហ្ស៊ីប។ លោកយកចិត្តទុកដាក់ ខិតខំត្រឡប់ទៅក្រុងយេរូសាឡឹម ស្វែងរកព្រះកុមារយេស៊ូដែលបាត់ខ្លួន។ ​លោកយកចិត្តទុកដាក់ធ្វើការ សូម្បីនៅលើទឹកដីបរទេស ដើម្បីចិញ្ចឹមគ្រួសារ។ លោកសម្របខ្លួនតាមកាល:ទេស: ទាំងមានចិត្តគំនិតរឹងប៉ឹង និងក្លាហាន ខណៈការប៉ងប្រាថ្នារបស់លោកមិនបានសម្រេច គឺលោកសុខចិត្តរស់នៅដោយបម្រើអ្នកដទៃ។

 

            ក្នុងគោលគំនិតនេះ សន្តយ៉ូសែប សុខចិត្តទទួលធ្វើដំណើរជាច្រើនក្នុងការរស់នៅ ​គឺ​ដើរពីភូមិណាសារ៉ែត ទៅភូមិបេថេ្លហិម ដើម្បីចូលជំរឿងប្រជាជន។ ​រួចទៅស្រុកអេហ្ស៊ីប ហើយទៅភូមិណាសារ៉ែតម្តងទៀត។ ជារៀងរាល់ឆ្នាំ លោកទៅក្រុងយេរូសាឡឹម សុខចិត្តទទួលសភាពការណ៍ថ្មីៗ ​ដោយមិនត្អូញត្អែ​រអំពីអ្វីដែលកើតឡើង សុខចិត្ដដោះស្រាយស្ថានភាពនីមួយៗដែរ។ យើងអាចនិយាយថា ​លោកជាព្រះហស្តរបស់ព្រះបិតាដែលគង់នៅស្ថានដ៏ខ្ពង់ខ្ពស់បំផុតសម្រាប់ព្រះបុត្រានៅលើផែនដីនេះ។ ​ហេតុនេះ ​លោកជាគំរូសម្រាប់អស់អ្នកដែលព្រះជាម្ចាស់ត្រាស់ហៅ គឺព្រះជាម្ចាស់ត្រាស់ហៅអ្នកទាំងនោះ ឲ្យទៅ​ជាព្រះហស្តរបស់ព្រះបិតាដែលបំពេញការងារសម្រាប់បុត្រធីតារបស់ព្រះអង្គ។

 

            ខ្ញុំចូលចិត្តនឹកដល់សន្តយ៉ូសែប ជាឧបការី គឺជាអ្នកថែរក្សាព្រះយេស៊ូ និងព្រះសហគមន៍ ព្រមទាំងជាអ្នកថែរក្សាអស់អ្នកដែលព្រះជាម្ចាស់ត្រាស់ហៅ។ លោកសុខចិត្តបម្រើគេ និងការថែទាំគេដែរ។ លោកក្រោកឡើង នាំព្រះឱរស និងមាតា រត់ភៀសខ្លួនទៅស្រុកអេហ្ស៊ីប (មថ ២:១៤)។​ ព្រះគម្ពីរដំណឹងល្អក៏បញ្ជាក់ថា លោកប្រញាប់ ​និងមានចិត្តភក្កីចំពោះក្រុមគ្រួសាររបស់លោក។​ លោកមិនខ្ជះខ្ជាយពេល រិះគិតអំពីអ្វីដែលមិនសមទេ តែលោកធ្វើតាមព្រះបញ្ជាព្រះជាម្ចាស់ដែលផ្ញើមុខងារឲ្យលោកធ្វើ។ ​ការយកចិត្តទុកដាក់ មើលការខុសត្រូវ ពិតជាសញ្ញាសម្គាល់បញ្ជាក់ថា លោកបានធ្វើតាមព្រះជាម្ចាស់ត្រាស់ហៅពិតមែន។​ លោកធ្វើដូច្នេះ​​ ផ្តល់សក្ខីភាពអំពីព្រះហឫទ័យអាណិតមេត្តា។ ពេលណាយើងមិនចចេសបន្តកិច្ចការតាមប្រាថ្នារបស់យើង ឬមិនទុកឲ្យអតីកាលរបស់យើងមកបង្អាក់យើង ហើយយកចិត្តទុកដាក់កិច្ចការដែលព្រះអម្ចាស់ផ្ញើឲ្យយើងធ្វើ តាមរយ:ព្រះសហគមន៍ ការទាំងនោះពិតជាគំរូនៃការរស់នៅជាគ្រីស្តបរិស័ទ។ នៅពេលនោះ ព្រះជាម្ចាស់ប្រទានព្រះវិញ្ញាណលើយើង និងប្រោសឲ្យយើងមានអំណាចបង្កើតអ្វីៗជាថ្មី។ ព្រះអង្គបង្កើតអ្វីៗដ៏អស្ចារ្យ ដូចព្រះអង្គបានបំពេញតាមរយៈសន្តយ៉ូសែប។

ក្រៅពីការត្រាស់ហៅរបស់ព្រះជាម្ចាស់ ដែលព្រះអង្គបំពេញតាមសុបិនដ៏អស្ចារ្យក្លាយជាការពិត និងការឆ្លើយតបរបស់យើង ដែលសុខចិត្ត​បម្រើ ​និងយកចិត្តទុកដាក់ថែរក្សាបងប្អូន នោះគឺជាចំណុច ទី​៣ ដែលមានក្នុងការរស់នៅប្រចាំថ្ងៃរបស់សន្តយ៉ូសែប និងក្នុងការត្រាស់ហៅរបស់យើងជាគ្រីស្តបរិស័ទ ដែលយើងត្រូវប្រណិប័តន៍ជារៀងរាល់ថ្ងៃ គឺសេចក្តីស្មោះត្រង់។ លោកយ៉ូសែបជាមនុស្សសុចរិត (មថ ១:១៩)។ ​​ក្នុងភាពស្ងៀមស្ងាត់ជារៀងរាល់ថ្ងៃ លោកនៅតែផ្ញើជីវិតលើព្រះជាម្ចាស់ និងក្នុងគម្រោងការរបស់ព្រះអង្គ។ ​ក្នុងគ្រាដ៏សែនពិបាកក្នុង​ជីវិត​របស់​លោក​ លោក​សញ្ជឹង​គិត​អ្វីដែល​ត្រូវ​ធ្វើ (cf. v. 20)។ លោក​មិន​បង្ខំ​ធ្វើ​អ្វីដោយ​តក់​ក្រហល់​នោះ​ទេ។ លោកមិនចាញ់ការល្បួង មិនធ្វើតាមសភាវគតិ ឬរស់នៅសម្រាប់តែបច្ចុប្បន្នភាពទេ។ លោកដឹងថា ជីវិត​ជោគជ័យ​របស់​មនុស្ស​ គឺ​កសាង​ភាព​ស្មោះ​ត្រង់ ជា​ជម្រើសដ៏សំខាន់។ នៅពេលលោកធ្វើការដោយចិត្តនឹងធឹង​ និងស្លូតបូត នៅពេលលោកធ្វើជាជាងឈើ (មថ១៣,៥៥) ក្នុង​ភាព​អត់ធ្មត់​នាសម័យនោះ​ដែល​គ្មាន​ពត៌មាន​ណាមួយ​អំពី​លោកសោះ​ ប៉ុន្តែ​ភាព​ស្ងប់​ស្ងាត់​នៃ​ជីវិត​របស់​ ​ឪពុករូប​នេះ បាន​ជម្រុញ​គំនិត​ដល់​កម្មករម្នាក់ៗ និងគ្រីស្តបរិស័ទគ្រប់រូប តាំងពីដើមរៀងមក។ សម្រាប់ការត្រាស់ហៅរបស់ព្រះជាម្ចាស់ ដូចជាជីវិតមួយ មានភាពចាស់ទុំដោយសារ ចិត្តស្មោះត្រង់ ក្នុងការរស់នៅប្រចាំថ្ងៃ។          

            តើត្រូវធ្វើដូចម្តេចដើម្បីរក្សាសេចក្តីស្មោះត្រង់នេះ? ដោយសារពន្លឺ​របស់ព្រះជាម្ចាស់។​ ដំបូងសន្តយ៉ូសែប​បានស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ក្នុងសុបិននិមិត្តថា កុំខ្លាចអី! ហេតុការណ៍នេះកើតឡើង ស្របនឹងសេចក្តីដែលព្រះជាម្ចាស់មានព្រះបន្ទូលសន្យា៖ «លោក​យ៉ូសែប​ជា​ព្រះរាជវង្ស​របស់​ព្រះបាទ​ដាវីឌ​អើយ សូម​កុំ​ខ្លាចអី...»(មថ ១:២០)។​ សូមកុំខ្លាចអី! ព្រះអម្ចាស់ក៏មានព្រះបន្ទូលនេះមក កាន់ប្អូនស្រី ប្អូនប្រុស នៅពេលដែលប្អូនជួបការសង្ស័យ ស្ទាក់ស្ទើរក្នុងចិត្ត ពិបាកសម្រេចចិត្ត ក្នុងបំណងចង់ថ្វាយជីវិតទៅព្រះជាម្ចាស់ គឺមិនអាចបង្អង់បានទៀតឡើយ។ ខាងលើនេះក៏ជាពាក្យដែលព្រះអង្គមានព្រះបន្ទូលជាញឹកញាប់ ក្នុងកន្លែងដែលប្អូនរស់នៅ។ ប្រហែលប្អូននៅតែជួបប្រទះការពិបាក និងគេមិនយល់គំនិតរបស់ប្អូន ប្អូននៅតែតស៊ូជារៀងរាល់ថ្ងៃ ដើម្បីធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គ។ ប្អូននឹងឮព្រះបន្ទូលនេះសារជាថ្មី នៅជំហាននីមួយៗនៃការត្រាស់ហៅ វាហាក់ដូចជាប្អូនត្រឡប់ទៅរកសេចក្តីស្រឡាញ់គ្រាដំបូងអីចឹង។ ព្រះបន្ទូលទាំងនោះ​ដូចជាបន្ទរ ដែលជាប់ជាមួយបងប្អូនដែលសុខចិត្តរស់នៅដោយបម្រើព្រះអង្គ  ដូចសន្ត យ៉ូសែប ដែលបានឆ្លើយ «បាទ» ទៅព្រះជាម្ចាស់តាមរយៈការរស់នៅ ប្រកបចិត្តស្មោះត្រង់ជារៀងរាល់ថ្ងៃ។

ភាពស្មោះត្រង់នេះ ជាសេចក្កីសម្ងាត់ដែលផ្តល់អំណរសប្បាយ។ មានចម្រៀងក្នុងពីធីបុណ្យ មានចំណងជើង អំណសប្បាយ... ដែលមានក្នុងផ្ធះនៅភូមិណាសារ៉ែត មានអំណរថៃ្លថ្លា គឺជាអំណរជារៀងរាល់ថ្ងៃ ជាអំណររាបសារ ជាអំណររបស់អ្នកដែលទុកតែអ្វីដែលមានតម្លៃ គឺការរស់នៅក្បែរព្រះជាម្ចាស់ និងអ្នកដទៃ។ ប្រសិនបើទេវវិទ្យាល័យ គ្រឹះស្ថានគ្រីស្តសាសនា ផ្ទះនៅជិតព្រះវិហារក្នុងភូមិ ​ប្រសិនមានបរិយកាសសុភាពរាបសារ និងពោរពេញដោយអំណរសប្បាយ ពោរពេញដោយសេចក្តីសង្ឃឹម ពិតជាការល្អប្រសើរខ្លាំងណាស់។

បងប្អូនជាទីស្រឡាញ់ សូមឲ្យបងប្អូនបានប្រកបដោយអំណរសប្បាយ គឺបងប្អូនដែលសុខចិត្តយកព្រះជាម្ចាស់ធ្វើជាសុបិន សម្រាប់ការរស់នៅរបស់បងប្អូន  ដើម្បីឲ្យបងប្អូនបម្រើព្រះអង្គ បម្រើបងប្អូនដែលព្រះអង្គផ្ញើមកយើង។ បងប្អូនបម្រើគេដោយចិត្តស្មោះត្រង់ ដែលជាសក្ខីភាពដ៏វិសេស ក្នុងសម័យនៃការរើសទីដៅ តាមមនោសញ្ចេតនា និងចិត្តពុះកញ្ច្រោល។ ទីដៅទាំងនោះបាត់ទៅដោយមិនបាន ផ្តល់សេចក្តីអំណរសប្បាយឡើយ។  សូមសន្តយ៉ូសែបជាឧបការី នៃការត្រាស់ហៅ រួមដំណើរជាមួយបងប្អូន​ ក្នុងទឹកចិត្តជាឪពុក។                 

ធ្វើនៅទីក្រុងរ៉ូម  ព្រះវិហារសន្តយ៉ូហាននៅភ្នំឡាត្រង់  

ក្នុងឱកាសបុណ្យ គោរពសន្តយ៉ូសែប                                                                        

សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ

           

Add new comment

7 + 1 =