សារលិខិតសម្តេចប៉ាប ទិវាបេសកកម្មប្រកាសដំណឹងល្អសកល ២០២២ “

បងប្អូនជាទីស្រឡាញ់

            ព្រះអម្ចាស់យេស៊ូដែលមានព្រះជន្មរស់ឡើងវិញដ៏រុងរឿង មានព្រះបន្ទូលនេះទៅកាន់សាវ័ករបស់ព្រះអង្គ មុនយាងឡើងស្ថានបរមសុខ ដូចបានរៀបរាប់ក្នុងគម្ពីរកិច្ចការគ្រីស្តទូតថា “ប៉ុន្តែ អ្នក​រាល់​គ្នា​នឹង​ទទួល​ឫទ្ធា‌នុភាព​មួយ គឺ​ឫទ្ធា‌នុភាព​នៃ​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ​មក​សណ្ឋិត​លើ​អ្នក​រាល់​គ្នា។ អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​បន្ទាល់​របស់​ខ្ញុំ នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម ក្នុង​ស្រុក​យូដា​ទាំង​មូល ក្នុង​ស្រុក​សាម៉ារី និង​រហូត​ដល់​ស្រុក​ដាច់​ស្រយាល​នៃ​ផែន‌ដី”។ (កក ១,៨) ព្រះបន្ទូលនេះជាប្រធានបទរបស់ទិវាបេសកកម្មប្រកាសដំណឹងល្អសកល ឆ្នាំ ២០២២ ដែលដាស់តឿនយើង ជានិច្ចថា ព្រះសហគមន៍មានធម្មជាតិជាសាសនទូត។ ទិវាបេសកកម្មសកលឆ្នាំនេះ ផ្តល់ឱកាសឱ្យយើងរំលឹកដល់ព្រឹត្តិការណ៍ជាច្រើន ក្នុងជីវិតនិងបេសកកម្មរបស់ព្រះសហគមន៍គឺ គម្រប់ ៤០០ ឆ្នាំ ការបង្កើត ក្រសួងប្រកាសជំនឿ(Congregation de Propaganda Fide) សព្វថ្ងៃនេះ គឺជា ក្រសួងប្រកាសដំណឹងល្អដល់ប្រជាជនទាំងឡាយ (Congregation for the Evangelization of Peoples) និង គម្រប់ ២០០ ឆ្នាំ របស់ សមាគមសន្តអាសនៈដើម្បីប្រកាសជំនឿ និង គម្រប់ ១០០ ឆ្នាំ របស់សមាគមសន្តអាសនៈដើម្បីកុមារភាពដ៏វិសុទ្ធ និង សមាគមរបស់សន្តសិលាជាគ្រីស្តទូត ដែលទទួលស្គាល់ ក្រោមការប្រើសឈ្មោះថា “សមាគមសន្តអាសនៈ”

            សូមបងប្អូនរិះគិតឃ្លាសំខាន់ ៣ ដែល មានគ្រឹះលើមូលដ្ឋាន ៣ ប្រការ អំពីជីវិតនិងបេសកកម្មរបស់សាវ័កទាំងអស់គឺ អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​បន្ទាល់​របស់​ខ្ញុំ, “រហូតដល់ដាច់ស្រយាលនៃផែនដី”, “អ្នករាល់គ្នានឹងទទួលឫទ្ធានុភាពរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ”។

 

១. អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​បន្ទាល់​របស់​ខ្ញុំ ជា ការត្រាស់ហៅឱ្យមនុស្សទាំងអស់ធ្វើជាសាក្សីអំពីព្រះយេស៊ូ។

          នេះជាមជ្ឈមណ្ឌលកណ្តាល ជាបេះដូងនៃការណែនាំរបស់ព្រះយេស៊ូ ដែលប្រទានឲ្យសាវ័កនៅពេលចាត់ពួកគាត់ឱ្យទៅ។ ក្រុមសាវ័កត្រូវធ្វើជាបន្ទាល់អំពីព្រះយេស៊ូ។ អរព្រះគុណចំពោះព្រះអំណោយព្រះវិញ្ញាណដ៏វិសុទ្ធដែលពួកគាត់បានទទួល មិនថាពួកគាត់ទៅណា ឬនៅឯណា ពួកគាត់បានរកឃើញព្រះអំណោយទាំងនោះដោយខ្លួនឯង។ ព្រះគ្រីស្តជាបុគ្គលដំបូងដែលត្រូវចាត់មកធ្វើជា “សាសនទូត” របស់ព្រះបិតា។ (យហ ២០,២១) ដោយសារហេតុនេះហើយ ព្រះអង្គទ្រង់ជា “សាក្សីដ៏ស្មោះត្រង់”របស់ព្រះបិតា (វវ ១.៥)។ ដូចគ្នាដែរ គ្រីស្តបរិស័ទទាំងអស់ ត្រូវហៅមកឱ្យធ្វើជាសាសនទូត និងជាបន្ទាល់អំពីព្រះគ្រីស្ត ហើយព្រះសហគមន៍ដែលជាសហគមន៍របស់ព្រះគ្រីស្ត គ្មានបេសកកម្មផ្សេង ក្រៅពីការប្រកាសដំណឹងល្អទៅទូទាំងពិភពលោក តាមរយៈការផ្តល់សក្ខីភាពអំពីព្រះគ្រីស្ត ដោយអត្តសញ្ញាណនៃព្រះសហគមន៍គឺ ការប្រកាសដំណឹងល្អ។

          ការពិនិត្យឲ្យជ្រៅទៅពាក្យថា “អ្នករាល់គ្នានឹងធ្វើជាបន្ទាល់របស់ខ្ញុំ” អាចបញ្ជាក់លើលក្ខណៈខ្លះរបស់បេសកកម្មដែលព្រះគ្រីស្តបានផ្តល់ឲ្យសាវ័កតាមពេលវេលាដ៏សាក់សម។ ករិយាសព្ទបែបពហុវចនៈនេះ បញ្ជាក់លើធម្មជាតិរបស់ប្រជាជនរបស់ព្រះសហគមន៍ ដែលមានការត្រាស់ហៅជាសាសនទូតរបស់សាវ័ក។ អ្នកបានជ្រមុជទឹកទាំងអស់ហើយនោះ ត្រូវកក់ហៅចូលកិច្ចការសាសនទូតក្នុងព្រះសហគមន៍ តាមអំណាចដែលទទួលមកក្នុងព្រះសហគមន៍។ ដោយហេតុនេះហើយ បានជា ការប្រកាសដំណឹងល្អ បានដំណើរទៅ មិនគ្រាន់តែជារឿងផ្ទាល់ខ្លួន ប៉ុន្តែជាទំនាក់ទំនងជាមួយប្រជុំជនរបស់ព្រះសហគមន៍ មិនមែនជាគំនិតច្នៃប្រឌិតរបស់ខ្លួនឯងតែប៉ុណ្ណោះទេ។ សូម្បីតែក្នុងករណីពិសេសខ្លះ ដែលធ្វើដោយឡែក តែក៏មិនមែនគាត់ប្រកាសដំណឹងល្អតែម្នាក់ឯងទេ។ ពួកគាត់ត្រូវធ្វើដោយមានទំនាក់ទំនងជាធ្លុងតែមួយ ជាមួយនឹងព្រះសហគមន៍ ដែលប្រគល់ឱ្យគាត់ ដូចសម្តេចប៉ាបប៉ូលទី ៦ បានណែនាំក្នុង “ការប្រកាស ដំណឹងល្អក្នុងពិភពលោកសព្វថ្ងៃនេះ” (Evangelii Nuntiandi) ជាឯកសារដែលខ្ញុំស្រឡាញ់ ថា “ការប្រកាសដំណឹងល្អ មិនមែនកិច្ចការផ្ទាល់ខ្លួននិងដាច់ដោយឡែកតែឯង ប៉ុន្តែ ជាកិច្ចការរបស់ព្រះសហគមន៍យ៉ាងពិតប្រាកដ។ នៅពេលអ្នកទេសនា គ្រូអប់រំជំនឿ ឬ អ្នកបម្រើព្រះសហគមន៍ណាម្នាក់ ទោះបីគាត់ទន់ទាប់បំផុតក្នុងដែនដីដាច់ស្រយាល ការប្រកាសដំណឹងល្អក៏បានរួបរួមប្រជុំជនតូចៗជាមួយគ្នា ប្រារព្ធពិធីអគ្គសញ្ញា។ សូម្បីតែមានតែម្នាក់នោះធ្វើ ក៏ចាត់ទុកថា គាត់ធ្វើកិច្ចការរបស់ព្រះសហគមន៍ និងរួមកិច្ចការនោះក្នុងបេកកម្មការប្រកាសដំណឹងល្អ។ មិនមែនគ្រាន់តែជាការទាក់ទងនិងស្ថាប័នតែប៉ុណ្ណោះទេ តែដោយទំនាក់ទំនងដែលមើលមិនឃើញនិងដោយព្រះគុណដ៏ជ្រាលជ្រៅ ពោលគឺ កិច្ចការដែលគាត់ធ្វើ ដោយមិនចាត់ទុកថាជាភារកិច្ចផ្ទាល់ខ្លួន ឬដោយគំនិតផ្ទាល់របស់គាត់ តែដោយសហការគ្នាក្នុងកិច្ចការ របស់ព្រះសហគមន៍និងក្នុងនាមព្រះសហគមន៍(EN 60) តាមពិតមិនមែនរឿងចៃដន ដែលព្រះយេស៊ូចាត់ក្រុមសាវ័ករបស់ព្រះអង្គឲ្យទៅជាគូៗ ព្រោះការធ្វើជាសាក្សីរបស់ព្រះគ្រីស្តរបស់គ្រីស្តបរិស័ទ ត្រូវធ្វើជាក្រុមបែបសហគមន៍ ចេញពីគ្រឹះដែលមានក្នុងសហគមន៍របស់អ្នកជឿ ទោះបីជាសហគមន៍តូចៗ ក៏មានភាគមួយក្នុងការរីកចម្រើនរបស់បេសកកម្មការប្រកាសដំណឹងល្អ។

          ក្រៅពីនេះ ក្រុមសាវ័កត្រូវទាមទារឲ្យរស់នៅតាមគ្រឹះនៃការធ្វើជាសាសនទូលបែបផ្ទាល់ខ្លួន ព្រះយេស៊ូចាត់ឲ្យពួកគាត់ទៅក្នុងពិភពលោក មិនគ្រាន់តែដើម្បីប្រកាសដំណឹងល្អប៉ុណ្ណោះទេ តែលើសពីនេះទៅទៀត គឺ ធ្វើជាសាក្សីឲ្យព្រះយេស៊ូផ្ទាល់ ដូចសន្តប៉ូលបានមានប្រសាសន៍ថា “ក្នុង​រូប​កាយ​យើង យើង​ផ្ទុក​សេចក្ដី​ឈឺ​ចាប់​​របស់​ព្រះ‌យេស៊ូ​ជា‌និច្ច ដើម្បី​ឲ្យ​គេ​ឃើញ​ព្រះ‌ជន្ម​របស់​ព្រះ‌អង្គ​នៅ​ក្នុង​រូប​កាយ​យើង។” (២ ករ ៤,១០) គ្រឹះនៃការប្រកាសដំណឹងល្អ គឺ ការធ្វើជាសាក្សីអំពីព្រះគ្រីស្ត ពោលគឺ អំពីព្រះជន្មរបស់ព្រះអង្គ ការរងទុក្ខពិបាក ការសោយទិវង្គត និងការរស់ឡើងវិញដ៏រុងរឿង ដើម្បីសេចក្តីស្រឡាញ់ចំពោះព្រះបិតា និង ចំពោះមនុស្សជាតិ។ នៅពេលក្រុមគ្រីស្តទូត ស្វែងរកអ្នកដែលមកជំនួសលោកយូដាស  ក្នុងចំណោមអស់អ្នកដែលជាសាក្សីអំពីការរស់ឡើងវិញដ៏រុងរឿងរបស់ព្រះអម្ចាស់ដូចពួកគាត់(យោង កក ១,២១) មិនមែនជារឿងចៃដនដែរ។ ប៉ុន្តែជាព្រះគ្រីស្តដែលមានព្រះជនដ៏រស់ឡើងវិញដ៏រុងរឿងយ៉ាងពិតប្រាកដ។ ព្រះអង្គដែលយើងធ្វើសាក្សីបន្ទាល់ និងជាទ្រង់ដែលយើងត្រូវចែករំលែកជីវិតរបស់ព្រះអង្គ។ ក្រុមសាសនទូតរបស់ព្រះគ្រីស្ត មិនត្រូវចាត់ឲ្យទៅដើម្បីប្រកាសអំពីខ្លួនឯង ដើម្បីបង្ហាញគុណសម្បត្តិ សមត្ថភាពការនិយាយទាក់ទាញ ឬតាមជំនាញខាងចាត់ចែងរបស់ពួកគាត់ទេ។ ផ្ទុយទៅវិញ ពួកគាត់បានទទួលកិត្តិយសខ្ពស់ ក្នុងការបង្ហាញព្រះគ្រីស្តដោយវាចានិងការប្រព្រឹត្ត ដោយប្រកាសដំណឹងល្អអំពីការសង្គ្រោះរបស់ព្រះអង្គសម្រាប់មនុស្សទាំងអស់។ ដូចក្រុមគ្រីស្តទូតដំបូងបានធ្វើ ដោយអំណរនិងស្មោះត្រង់។

          ការរិះគិតចុងក្រោយគឺ ការធ្វើជាបន្ទាល់យ៉ាងពិតប្រាកដគឺ “ការធ្វើជាមរណសាក្សី” ជាអ្នកដែលលះបង់ជីវិតដើម្បីព្រះគ្រីស្ត តបស្នងព្រះពរដែលព្រះអង្គប្រព្រឹត្តដើម្បីយើងដោយព្រះអង្គផ្ទាល់។ “ការជំរុញចិត្តដំបូងរឿងការប្រកាសដំណឹងល្អ គឺ សេចក្តីស្រឡាញ់របស់ព្រះយេស៊ូ ដែលយើងបានទទួល។ បទពិសោធន៍អំពីការសង្គ្រោះដែលយើងបានទទួលពីព្រះអង្គ បានជំរុញយើងឲ្យស្រឡាញ់ព្រះអង្គ កាន់តែច្រើនឡើង” (EG 264)។

          ជាទីបំផុត ពេលយើងនិយាយអំពីការធ្វើជាសាក្សីរបស់គ្រីស្តបរិស័ទ មកពីចំណាប់អារម្មណ៍របស់សម្តេចប៉ាប ប៉ូលទី ៦ នៅតែប្រើបានគឺ “មនុស្សយើងសព្វថ្ងៃនេះ ស្តាប់ការធ្វើជាសាក្សីជាងគ្រូបង្រៀន ឬ ប្រសិនបើពួកគាត់ស្តាប់គ្រូ ក៏ដោយសារលោកគ្រូរស់នៅជាសាក្សី” (EN. 41)។ ដោយសារហេតុនេះ សាក្សីរបស់ជីវិតគ្រីស្តបរិស័ទពិតប្រាកដ ក្លាយទៅជាមូលដ្ឋានសម្រាប់បន្តជំនឿ។ ក្រៅពីនេះ ការប្រកាសព្រះបុគ្គលរបស់ព្រះគ្រីស្តនិងព្រះបន្ទូលរបស់ព្រះអង្គ មានសេចក្តីចំបាច់ដូចគ្នា តាមពិត សន្តសម្តេចប៉ាប ប៉ូល ទី ៦ បានបន្តមានប្រសាសន៍ថា “ការទេសនា” ពោលគឺ ការប្រាកាសដោយវាចា ជារឿងមិនអាចជៀសវាងបានពិតមែន.... ពាក្យសំដី នៅតែសាកសមសម្រាប់មនុស្សជំនាន់យើងជានិច្ច ដូចជា ប្រសិនបើវាចានោះ មានអំណាចរបស់ព្រះជាម្ចាស់។ ហេតុនេះហើយ គោលការពិតរបស់សន្តប៉ូលបានថា “ជំនឿ   មកពីការស្តាប់” (រម ១០,១៧) គឺជារឿងពិតមែនទែន។ ព្រះបន្ទូលដែលយើងបានស្តាប់នោះ នាំឱ្យយើងទៅកាន់ជំនឿ” (EN 42)

          គំរូរបស់គ្រីស្តបរិស័ទនិងការប្រកាសព្រះគ្រីស្តនោះ មិនអាចបែកចែកពីរឿងការប្រកាសដំណឹងល្អបានឡើយ។ ព្រោះវាជួយគាំទ្រគ្នា ដូចជាសួតសងខាង ដែលគ្រប់សហគមន៍ត្រូវដកដង្ហើម ប្រសិនចង់ធ្វើជាសាសនទូត។ ការធ្វើជាសាក្សីអំពីព្រះគ្រីស្តយ៉ាងពេញលក្ខណៈ ជាប្រចាំ និង ដោយអំណរសប្បាយ ការធ្វើបែបនេះ ក្លាយទៅជាការទាក់ទាញចិត្ត សម្រាប់ការរីកចម្រើនរបស់ព្រះសហគមន៍ ក្នុងសហ្សវស្សទី ៣ យ៉ាងពិតប្រាកដ។ ខ្ញុំសុំដាក់តឿនយើងទាំងអស់ ឱ្យនាំភាពក្លាហាន តៀងត្រង់ និងរស់រវើកតាមរបៀបគ្រីស្តបរិស័ទដើមដំបូងមកប្រើទៀត ដើម្បីជាសាក្សីអំពីព្រះគ្រីស្តដោយវាចានិងការប្រព្រឹត្តឱ្យគ្រប់ជ្រុងជ្រោយក្នុងជីវិត។

 

២. “រហូតដល់ដាច់ស្រយាលនៃផែនដី” សេចក្តីពិតអស់កល្បជានិច្ចនៃបេសកកម្មការប្រកាសដំណឹងល្អ។

          ពេលប្រាប់កូនសិស្សឲ្យធ្វើជាសាក្សីអំពីព្រះអង្គ ព្រះអម្ចាស់ដែលរស់ឡើងវិញដ៏រុងរឿង នៅតែប្រាប់ពួកគាត់ថា ពួកគាត់ត្រូវចាត់ទៅណា “នៅក្នុងក្រុងយេរូសាឡឹម ក្នុងស្រុកយូដាទាំងមូល ក្នុងស្រុកសាម៉ារី និង រហូតដល់ស្រុកដាច់ស្រយាលនៃផែនដី”។(កច ១,៨) នៅទីនេះ យើងនឹងឃើញលក្ខណៈសកលនៃបេសកកម្មរបស់ក្រុមសាវ័កយ៉ាងច្បាស់លាស់។ លើសពីនេះទៀត  យើងនឹងឃើញការរីកតាមភូមិសាស្ត្របែប “ចេញពីមជ្ឈមណ្ឌល” ហាក់ដូចជារង្វង់មូលនៃបេសកកម្ម ដោយចាប់ផ្តើមពីក្រុងយេរូសាឡឹម ដែលតាមប្រពៃណី ជនជាតិយូដាចាត់ទុកថា ជាមជ្ឈមណ្ឌលកណ្តាលនៃពិភពលោក ទៅដល់ស្រុកយូដា ស្រុកសាម៉ារី និងរហូតដល់ “ដាច់ស្រយាលនៃផែនដី”។ ក្រុមសាវ័ក មិនមែនត្រូវឱ្យទៅប្តូរសាសនា តែដើម្បី ទៅប្រកាស។ គ្រីស្តបរិស័ទ មិនទៅផ្លាស់ប្តូរសាសនាអ្នកណា។ គម្ពីរកិច្ចការគ្រីស្តទូត រៀបរាប់ ការពង្រីកព្រំដែនកិច្ចការងារសាសនទូតនេះ និង ឱ្យរូបភាពច្បាស់លាស់របស់ព្រះសហគមន៍ ដែល “ចេញទៅ” ដោយ ភាពស្មោះត្រង់ ចំពោះការត្រាស់ហៅរបស់ព្រះសហគមន៍ ដើម្បីជាសាក្សីអំពីព្រះគ្រីស្តជាអម្ចាស់ និងទទួល ការណែនាំដោយព្រះឧបការគុណរបស់ព្រះជាម្ចាស់ បែបឃើញច្បាស់ក្នុងជីវិតរបស់ព្រះសហគមន៍។ ក្រុមគ្រីស្តបរិស័ទដើមដំបូងត្រូវបៀតបៀនក្នុងក្រុងយេរូសាឡឹម ហើយត្រូវខ្ចាត់ខ្ចាយពាសពេញស្រុកយ៉ូដា និងស្រុកសាម៉ារី។ ក្រុមគ្រីស្តបរិស័ទដំបូង បានធ្វើជាសាក្សីអំពីព្រះយេស៊ូនៅគ្រប់ទីកន្លែង យ៉ាងមានប្រសិទ្ធិភាព។ (យោង កក ៨,៤)

          មានហេតុការណ៍ខ្លះនៅតែកើតឡើងនៅជំនាន់យើង ដោយសារការបៀតបៀនសាសនា និង បញ្ហាសង្គ្រោមនិងអំពើហិង្សា។ គ្រីស្តបរិស័ទ ជាច្រើនត្រូវបង្ខំចេញពីស្រុកកំណើតរបស់ខ្លួន ទៅប្រទេសផ្សេង។ យើងសុំអរគុណបងប្អូនទាំងអស់នេះ ដែលមិនវិលក្នុងទុក្ខលំបាករបស់ខ្លួន ប៉ុន្តែធ្វើជាសាក្សីអំពីព្រះគ្រីស្ត និង សេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ ក្នុងប្រទេសដែលទទូលពួកគេ។ ដូច្នេះ សន្តសម្តេចប៉ាប ប៉ូលទី ៦បានគាំទ្រពួកគាត់នឹកដល់ “ការទទួលខុសត្រូវចំពោះជនភៀសខ្លួនក្នុងប្រទេស ដែលទទួលពួកគេ” (EN21)។ យើងឃើញច្រើនឡើងៗថា មានជនជាតិផ្សេងៗនៅក្នុងព្រះសហគមន៍ ដែលធ្វើឲ្យព្រះសហគមន៍មានលក្ខណៈសកលនិងជាកាតូលិកច្រើនយ៉ាងណា។ ហេតុនេះហើយ គួរមានការការណែនាំថែទាំជនភៀសខ្លួន ឲ្យក្លាយទៅជាការប្រកាសដំណឹងល្អយ៉ាងសំខាន់ ដែលជំរុញឲ្យគ្រីស្តបរិស័ទប្រចាំស្រុក រកឃើញ អំណរសប្បាយក្នុងជំនឿ ដែលពួកគាត់ទទួលម្តងទៀត។

          ពាក្យថា “រហូតដល់ដាច់ស្រយាលនៃផែនដី” គួរប្រឈមក្រុមសាវ័ករបស់ព្រះយេស៊ូគ្រីស្ត គ្រប់ជំនាន់ និងជំរុញឲ្យពួកគាត់ចេញឲ្យឆ្ងាយពីកន្លែងដែលធ្លាប់ស្គាល់ ដើម្បីធ្វើជាសាក្សីអំពីព្រះអង្គ។ ទោះបី មានឧបករណ៍ជួយសម្រួលដែលចាំបាច់និងទំនើបគ្រប់យ៉ាង ក៏នៅតែមានតំបន់ខាងភូមិសាស្ត្រ ដែលសក្ខីភាពអំពីព្រះគ្រីស្តដើម្បីនាំដំណឹងល្អនៃសេចក្តីស្រឡាញ់របស់ព្រះអង្គ មិនទាន់ទៅដល់។ ក្រៅពីនេះ សេចក្តីពិតរបស់មនុស្សក៏មិន ក៏មិនឆ្ងាយពីសេចក្តីព្រួយបារម្ភរបស់ក្រុមសាវ័ករបស់ព្រះយេស៊ូគ្រីស្ត ក្នុងបេសកកម្មរបស់ពួកគេ។ ព្រះសហគមន៍របស់ព្រះគ្រីស្ត ត្រូវ “ចេញទៅ”ជានិច្ច។ ដើម្បីទៅដល់ព្រំដែនថ្មីខាងភូមិសាស្ត្រ សង្គម ឬ ទៅដល់ “ជាយដែន”នៃទីកន្លែងនិងសភាពការណ៍របស់មនុស្ស ដើម្បីផ្តល់សក្ខីភាពអំពីព្រះគ្រីស្ត និងសេចក្តីស្រឡាញ់របស់ព្រះអង្គដែលទ្រង់មានចំពោះមនុស្សប្រុសស្រីទាំងអស់ ទៅដល់វប្បធម៌និង ស្ថានភាពខាងសង្គម។ តាមគំនិតនេះ ការប្រកាសដំណឹងល្អ ក្លាយទៅជាការប្រកាសដំនឹងល្អដល់ជាតិនានា។ តាមមហាសន្និបាតវ៉ាទិកង់ទី ២ បានបង្រៀនថា ព្រះសហគមន៍ ត្រូវមានគោលដៅ ទៅខាងមុខជាបន្តបន្ទាប់ លើសពីកំរិតរបស់ខ្លួន ដើម្បីធ្វើជាសាក្សីនៃសេចក្តីស្រឡាញ់ទាំងមូល របស់ព្រះគ្រីស្ត។ នៅទីនេះ ខ្ញុំសូមនឹករលឹកនិងចង់សំដែងការអរគុណចំពោះ ក្រុមសាសនទូតដែល លះបង់ជីវិត ដើម្បី “កាន់តែឈានទៅមុខ” ក្នុងការបង្ហាញសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ត ចំពោះបងប្អូនប្រុសស្រីទាំង អស់ដែលពួកគាត់បានរកឃើញ។

 

៣. “អ្នករាល់គ្នានឹងទទួលឫទ្ធានុភាពមួយ គឺ ឫទ្ធានុភាពនៃព្រះវិញ្ញាណដ៏វិសុទ្ធ”។ សូមឲ្យយើងទទួលកម្លាំងនិងការណែនាំពីព្រះវិញ្ញាណដ៏វិសុទ្ធជានិច្ច។

          នៅពេលព្រះគ្រីស្តមានព្រះជន្មរស់ឡើងវិញដ៏រុងរឿង ព្រះអង្គទ្រង់ប្រគល់ឱ្យក្រុមសាវ័កធ្វើជាសាក្សីអំពីព្រះអង្គ។ ព្រះអង្គសន្យាអំពីព្រះអំណោយទានដ៏ចាំបាច់សម្រាប់ពួកគាត់ចំពោះទំនួញខុសត្រូវដ៏ធំធេងនេះ “ឫទ្ធានុភាពនៃព្រះវិញ្ញាណដ៏វិសុទ្ធមកសណ្ឋិតលើអ្នករាល់គ្នា។ អ្នករាល់គ្នានឹងធ្វើជាបន្ទាល់របស់ខ្ញុំ” (កក ១,៨)។ តាមការរៀបរាប់ក្នុគម្ពីរកិច្ចការគ្រីស្តទូត កិច្ចការជាអាថិភាពមុនគេ បន្ទាប់ពីការយាងមករបស់ព្រះវិញ្ញាណដ៏វិសុទ្ទលើក្រុមសាវ័ក គឺ ធ្វើជាបន្ទាល់ អំពីព្រះគ្រីស្តដែលត្រូវឆ្កាងលើឈើឆ្កាងនិងមានព្រះជន្មរស់ឡើងវិញដ៏រុងរឿង បានកើតឡើង ដោយការប្រកាសបង្រៀនទេសនារឿងព្រះយេស៊ូ ដែលហៅថា ការប្រកាសទេសនាដំណឹងល្អរបស់សន្តសិលា ដល់អ្នកស្នាក់ក្នុងក្រុងយេរូសាឡឹម។ នេះជាការបើកពេលវេលាថ្មី ដែលក្រុមសាវ័ករបស់ព្រះយេស៊ូប្រកាសដំណឹងល្អដល់ពិភពលោក។ នៅពេលដែលពួកគាត់ធ្លាប់ ទន់ខ្សោយ ភ័យខ្លាច និង បិទខ្លួនឯង។ ព្រះវិញ្ញាណដ៏វិសុទ្ធបានប្រទានកម្លាំង សេចក្តីក្លាហាន និង ប្រាជ្ញាញាណឱ្យពួកគាត់ ដើម្បីជាបន្ទាល់អំពីព្រះគ្រីស្តនៅមុខមនុស្សទាំងអស់។

          ដូចគ្នាដែរ “បើគ្មានព្រះវិញ្ញាណដ៏វិសុទ្ធណែនាំទេនោះ ក៏គ្មាននរណាម្នាក់អាចពោលថា «ព្រះយេស៊ូជាព្រះអម្ចាស់»ដែរ។” (១ករ ១២,៣) ដូច្នេះ មិនអាចមានគ្រីស្តបរិស័ទណាម្នាក់ អាចធ្វើជានបន្ទាល់អំពីព្រះគ្រីស្ត ជាអម្ចាស់បានយ៉ាងពេញលក្ខណៈនិងពិតប្រាកដបាន បើសិនគ្មានការណែនាំនិងជំនួយពីព្រះវិញ្ញាណដ៏វិសុទ្ធ ដោយសារហេតុនេះ សាសនទូតរបស់ព្រះគ្រីស្តទាំងអស់ ត្រូវទទួលការត្រាស់ហៅ ឲ្យយល់យ៉ាងជ្រៅ អំពីសារសំខាន់ដែលជាបេះដូងនៃកិច្ចការរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ ឱ្យវត្តមានរបស់ព្រះអង្គ គង់នៅសណ្ឋិតជារៀងរាល់ថ្ងៃ ដើម្បីទទួលកម្លាំងនិងណែនាំដែលមិនអាចដួលរលំពីព្រះអង្គ។ ពិតមែន ពេលយើងនឿយហត់ គ្មានការជំរុញឬស្មុគស្មាញ ចូរចាំថា ពេលយើងអធិដ្ឋានទូលអង្វរសុំជំនួយពីព្រះវិញ្ញាណដ៏វិសុទ្ធ។ ខ្ញុំសូមបញ្ជាក់ម្តងទៀតថា ការអធិដ្ឋានដើរតួរជាគ្រឹះដ៏សំខាន់ក្នុងជីវិតសាសនទូត ព្រោះការអធិដ្ឋាន ជួយយើងមានជីវិតរស់និងកម្លាំងពីព្រះវិញ្ញាណដ៏វិសុទ្ធ ដែលជាប្រភពដ៏សក្ការៈ នៃការស្តាកម្លាំងនិងអំណរនៃការចែករំលែកជីវិតរបស់ព្រះគ្រីស្តឡើងវិញ ដល់អ្នកដទៃ។ “ការទទួលអំណរសប្បាយរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ ជាព្រះអំណោយទាន លើសពីនេះក៏ជាកម្លាំងតែមួយ ដែលជួយឲ្យយើងប្រកាស ដំណឹងល្អនិងបញ្ជាក់ជំនឿរបស់យើងក្នុងព្រះជាម្ចាស់” (សារលិខិតជូនដល់សមាគមគាំទ្របេសកកម្មដំណឹងល្អ៖PMS 21/5/2020)។ ព្រះវិញ្ញាណដ៏វិសុទ្ធ ជាតួឯកពិតសម្រាប់ការប្រកាសដំណឹងល្អ។ ព្រះអង្គ ប្រទានពាក្យសំដីត្រឹមត្រូវ ក្នុងពេលវេលាដ៏សាកសម និងក្នុងផ្លូវដំណើរត្រឹមត្រូវឱ្យយើងដែរ។

          ពីសកមម្មភាពរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ យើងនៅតែរំលឹកដល់ទិវាគម្រប់បេសកកម្ម ដែលនឹងប្រារព្ធបុណ្យ ក្នុងឆ្នាំ ២០២២ នៃការបង្កើតក្រសួងប្រកាសដំណឹងល្អ (Congregation de Propaganda Fide) នៅឆ្នាំ ១៦២២ បានទទួលការជំរុញចិត្តពីសេចក្តីប្រារថ្នា ចង់គាំទ្រព្រះបញ្ជាការធ្វើជាសាសនទូត ក្នុងដែនដីថ្មី ដោយព្រះឧបការគុណយ៉ាងពិតប្រាកដ។ ក្រសួងបានបញ្ជាក់ហើយថា  បេសកកម្មការប្រកាស ដំណឹងល្អនោះសំខាន់ណាស់ ក្នុងបេសកកម្មប្រកាសដំណឹងល្អរបស់ព្រះសហគមន៍ ដោយគ្មាន ការលូកដៃចូលពីអំណាចខាងលោកកីយ៍ ដើម្បីបង្កើតព្រះសហគមន៍ប្រចាំស្រុកនោះ ដែលបង្ហាញកម្លាំង យ៉ាងច្រើន។ យើងសង្ឃឹមថាក្នុងបួនសតវស្សកន្លងមក ដោយពន្លឺនិងកម្លាំងរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ ក្រសួងនឹងដំណើរបន្តនិងធ្វើការឲ្យកាន់តែស្វាហាប់ អំពីការជួយទំនាក់ទំនង ការរៀបចំ និង គាំទ្រកិច្ចការ ប្រកាសដំណឹងល្អរបស់ព្រះសហគមន៍។

          ព្រះវិញ្ញាណដ៏វិសុទ្ធតែមួយនេះ នាំផ្លូវព្រះសហគមន៍សកល ហើយនៅតែជំរុញចិត្តឲ្យមនុស្សប្រុស ស្រីធម្មតាទូទៅសម្រាប់បេសកកម្មពិសេសនេះ ដូចជា ប៉ូលីន ហ្សារីខុត សត្ត្រីជនជាតិបារាំង ដែលបង្កើត សមាគមប្រាកាសដំណឹងល្អ (Society for the Propagation of the Faith) នា ២០០ ឆ្នាំមុន។ នាង បានទទួលការប្រកាសជាអ្នកមានសុភមង្គលនៅឆ្នាំនេះ ទោះបីនាងមានសុខភាពមិនសូរវល្អ តែនាងទទួល ការជំរុញចិត្តពីព្រះជាម្ចាស់ ដើម្បីបង្កើតបណ្តាលការអធិដ្ឋាននិងការរ៉ៃរង្គារ សម្រាប់កិច្ចការ   សាសនទូត ដើម្បីឱ្យគ្រហស្ថអាចចូលរួមការប្រកាសដំណឹងល្អ “ដល់ទីដាច់ស្រយាលនៃផែនដី” យ៉ាងរស់ រវើក។ គំនិតដ៏ប្រសើរនេះ ធ្វើឱ្យបង្កើតការប្រារព្ធបុណ្យរំលឹកប្រចាំឆ្នាំ របស់ ទិវាបេសកកម្មប្រកាសដំណឹងល្អសកល ហើយប្រាក់ដែលប្រមូលបានពីគ្រប់សហគមន៍តាមស្រុក សម្តេចប៉ាបបានប្រើជារបៀបមូលនិធិ សកលដើម្បីគាំទ្រកិច្ចការសាសនទូត។

          ក្នុងបរិបទនេះ ខ្ញុំនឹកដល់លោកអភិបាលជនជាតិបារាំងម្នាក់ឈ្មោះ ឆាល ឌឺហ្វបែង ជេនហ្សឹន ដែលបង្កើត សមាគមនកុមារភាពដ៏វិសុទ្ធ(Society for ​​​Holy Childhood) ដើម្បីគាំទ្រការប្រកាសដំណឹងល្អក្នុងចំណោមកូនក្មេង ដោយមានពាក្យស្លោកថា “កុមារប្រកាសដំណឹងល្អឲ្យកុមារ កុមារអធិដ្ឋានដើម្បីកុមារ កុមារជួយកុមារទូទាំងពិភពលោក”។ ខ្ញុំនៅតែនឹកដល់អ្នកស្រី ជេន បីកាត ដែលបង្កើតសមាគមសន្តសិលា ជាគ្រីស្តទូត (Society of Saint Peter the Apostle) ដើម្បីគាំទ្រនិស្សិតទេវវិទ្យាល័យនិងបូជាចារ្យក្នុង ដែនដីប្រកាសដំណឹងល្អ។ សមាគមទាំងបីនេះ បានទទួលស្គាល់ជា “សមាគមនៃសន្តអាសនៈ” ក្នុងមួយរយឆ្នាំមុន។ លើសពីនេះទៅទៀត នៅមានការជំរុញចិត្តពីព្រះវិញ្ញាណដ៏វិសុទ្ធ ដែលលោកឪពុក ប៉ោឡូ ម៉ាណ្ណា បានពេល ១៥០ ឆ្នាំមុន បានបង្កើតសមាគមសន្តអាសនៈនៃសម្ព័ន្ធសាសនទូត (Society of Pontifical Missionary Union) ដើម្បីជួយជំរុញគំនិតនិងគាំទ្រផ្លូវវិញ្ញាណជាសាសនទូត ក្នុងចំណោមបូជាចារ្យ បព្វជិត បព្វជិតា ប្រុសស្រី និងប្រជារាស្ត្រទាំងមូលរបស់ព្រះជាម្ចាស់។ សន្តសម្តេចប៉ាប ប៉ូលទី ៦ ផ្ទាល់ ទ្រង់ជាចំណែកមួយក្នុងសមាគមនៃសន្តអាសនៈនេះ  ហើយទ្រង់បញ្ជាក់លើការទទួលស្គាល់ពី សន្តអាសនៈ។ ខ្ញុំនិយាយអំពីការគាំទ្របេសកកម្មប្រកាសដំណឹងល្អរបស់សន្តអាសនៈ(PMS) ទាំង ៤ សម្រាប់គុណធម៌ក្នុងប្រវត្តិសាស្ត្រដ៏ធំធេងរបស់ពួកគាត់ ហើយសូមគាំទ្រយើង រួមអំណរសប្បាយជាមួយពួកគាត់ក្នុងឆ្នាំដ៏ពិសេសនេះផង។ សម្រាប់កិច្ចការនានាដែលពួកគាត់ធ្វើ ដើម្បីគាំទ្របេសកកម្ម ប្រកាសដំណឹងល្អក្នុងព្រះសហគមន៍ ទាំងកំរិតសកលនិងកំរិតស្រុងមូលដ្ឋាន ជាសេចក្តីសង្ឃឹមរបស់ខ្ញុំ ដែលព្រះសហគមន៍ប្រចាំស្រុកបានឃើញថា សមាគមទាំងនេះ មានរបៀបយ៉ាងច្បាស់ដើម្បីគាំទ្រផ្លូវវិញ្ញាណ នៃការប្រកាសដំណឹងល្អក្នុងចំណោមប្រជារាស្ត្រព្រះជាម្ចាស់។

          បងប្អូនប្រុសស្រីដ៏ជាទីស្រឡាញ់ ខ្ញុំនៅតែសុបិន្តដល់ព្រះសហគមន៍ដែលជាសាសនទូតយ៉ាង ពេញលក្ខណៈ និង ដល់ជំនាន់ថ្មីនៃកិច្ចការការប្រកាសដំណឹងល្អរបស់សហគមន៍គ្រីស្តបរិស័ទ។ ខ្ញុំសូមបញ្ជាក់សេចក្តីប្រាថ្នាដ៏ធំធេងរបស់លោកម៉ូសេ ដែលមានចំពោះប្រជារាស្ត្ររបស់ព្រះជាម្ចាស់ នៅពេលកំពុងធ្វើដំណើររបស់ពួកគេ គឺ “សូមឱ្យប្រជារាស្ត្ររបស់ព្រះអម្ចាស់ ទៅជាព្យាការីទាំងអស់គ្នា។ សូមព្រះអម្ចាស់ប្រទានព្រះវិញ្ញាណរបស់ព្រះអង្គ ឱ្យមកសណ្ឋិតលើពួកគេទាំងអស់គ្នា!” (ជរ ១១,២៩) តាមពិត យើងទាំងអស់គ្នា ក្នុងព្រះសហគមន៍ ជាសាសនទូតហើយ តាមរយៈអគ្គសញ្ញាជ្រមុជទឹក ជាព្យាការី ជាសាក្សី ជាសាសនទូតរបស់ព្រះអម្ចាស់ ដោយឫទ្ធានុភាពរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ រហូតដល់ទីដាច់ស្រយាលនៃផែនដី។ បពិត្រព្រះនាងម៉ារី ក្សត្រីនៃការប្រកាសដំណឹងល្អ។ សូមជួយអង្វរនិងអធិដ្ឋាន ឲ្យយើងខ្ញុំទាំងឡាយ  ផង។

                                                                   នៅទីក្រុងរ៉ូំ បាសិលិកឡាតេរ៉ាន់

                                                                      ថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២២

                                                                    ថ្ងៃបុណ្យព្រះគ្រីស្តសំដែងព្រះអង្គ

                                                                             ហ្រាង់សិស

 

 

Add new comment

10 + 4 =