Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
សម្តេចប៉ាប៖ ព្រះវិហារមិនមែនជាផ្ទះសម្រាប់នរណា ឬក្រុមណាមួយនោះទេ តែជាផ្ទះសម្រាប់ទាំងអស់គ្នា
សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានមានបន្ទូលថា ព្រះវិហារក៏ដូចជាព្រះសហគមន៍កាតូលិកមិនមែនជាផ្ទះរបស់នរណាម្នាក់ ឬក្រុមណាមួយនោះទេ ប៉ុន្តែគឺជាផ្ទះសម្រាប់មនុស្សទាំងអស់។
វ៉ាទីកង់ញូវបានរាយការណ៍ថា បន្ទូលរបស់សម្តេចប៉ាបបែបនេះ គឺធ្វើឡើងនៅក្នុងអំឡុងពេល ដែលទ្រង់បានផ្តល់បទសម្ភាសជាមួយនឹងវិទ្យុ និងទូរទស្សន៍ស្វីសនិងអ៊ីតាលី កាលពីពេលថ្មីៗ ដើម្បីចាក់ផ្សាយនៅថ្ងៃខួប១០ឆ្នាំដែលសម្តេចប៉ាបត្រូវបានជ្រើសតាំង ពោលគឺនៅថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២៣ កន្លងទៅ។
នៅក្នុងបទសម្ភាសនោះ ក្រៅពីបង្ហាញនូវតួនាទីរបស់ព្រះវិហារក៏ដូចជាព្រះសហគមន៍ សម្តេចប៉ាបក៏បានមានបន្ទូលពាក់ព័ន្ធនឹងសង្រ្គាមនៅអ៊ុយក្រែន ក៏ដូចជាអំពើហិង្សាដែលបន្តកើត មានឡើងនៅក្នុងសង្គម នៅកន្លែងផ្សេងៗនៃពិភពលោក។
សម្តេចប៉ាបក៏បានមានបន្ទូលពីទំនាក់ទំនង និងទំនួលខុសត្រូវរបស់សន្តអសនៈ កម្មវិធីប្រកាសដំណឹងល្អ បញ្ហាបរិស្ថាន និងប្រធានបទសំខាន់ៗទៀត។
នៅក្នុងបទសម្ភាសនេះ សម្តេចប៉ាបបានមានបន្ទូលថា ព្រះវិហារ ឬព្រះសហគមន៍កាតូលិក គឺត្រូវតែប្រាកដថា ជាទីកន្លែងសម្រាប់ទាំងអស់គ្នា។
សម្តេចប៉ាបបានមានបន្ទូលបន្ថែមថា ព្រះវិហារគឺទទួលស្វាគមន៍មនុស្សគ្រប់គ្នា ទាំងល្អ អាក្រក់ អ្នកមានអ្នកក្រ អ្នកជា អ្នកឈឺ ពោលគឺសំខាន់ទទួលស្គាល់តម្លៃនៃក្តីស្រលាញ់ មេត្តា ករុណា និងអត់ឱន។
សម្តេចប៉ាបបានមានបន្ទូលថា ៖ «យើងទាំងអស់គ្នាគឺសុទ្ធតែជាមនុស្សដែលមានបាប ប៉ុន្តែគ្រប់គ្នាគឺសុទ្ធតែមានតួនាទី និងភាពចាំបាច់ ហើយអាចមកកាន់ព្រះវិហារដើម្បីស្វែងយល់អំពីបាប និងស្គាល់ព្រះជាម្ចាស់»៕
Add new comment