សម្តេចប៉ាប៖ ព្រះយេស៊ូគឺជាព្រះរស់

សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបាននិយាយប្រាប់គ្រីស្តបរិស័ទថា ព្រះយេស៊ូគឺជាព្រះរស់និងជាព្រះដែលបានដឹង អំពីអាថ៌កំបាំងនៃជីវិតដ៏រីករាយ។

វ៉ាទីកង់ញូវបានរាយការណ៍ថា នេះគឺជាប្រសាសន៍របស់សម្តេចប៉ាប ដែលបានធ្វើ​ធម្មទេសនា ក្នុង​ពិធីបុណ្យ​រំលឹកដល់សន្តសិលានិងសន្តប៉ូល ដែលបានរៀបចំឡើងកាលពីថ្ងៃទី២៩ ខែមិថុនា កន្លងទៅនេះ។

ប្រភពដដែលបានបន្តថា នាពិធីនោះសម្តេចប៉ាបបានអញ្ជើញគ្រីស្តបរិស័ទទាំងឡាយ សូមធ្វើយ៉ាងណាឲ្យជីវិតរបស់ពួកគេជាអំណោយមួយនិងទទួលស្គាល់ព្រះយេស៊ូជាព្រះរស់នៅក្នុងចិត្តរបស់ពួកគេ។

នាឱកាសនោះ សម្តេចប៉ាបក៏បានពន្យល់ដល់គ្រីស្តបរិស័ទអំពីរបៀបដែលសន្តសិលាបានក្លាយខ្លួនជាសន្ត បុគ្គល។

សម្តេចប៉ាបបានពន្យល់គ្រីស្តបរិស័ទថា ព្រះជាម្ចាស់បានផ្តល់ជូន​សន្តសិលានូវព្រះគុណជាច្រើន​និងបានរំដោះសន្តសិលាចេញពីអំពើអាក្រក់ ដូចគ្នានឹងអ្វីដែលទ្រង់បានធ្វើមកលើយើងទាំងអស់គ្នា គ្រាន់តែយើងទាំងអស់គ្នាមិនទទួលស្គាល់ដូចជាសន្តសិលា ពោលគឺយើងទាំងអស់គ្នាតែងតែរកព្រះជាម្ចាស់នៅក្នុងអំឡុងពេលដែលយើងត្រូវការទ្រង់តែប៉ុណ្ណោះ។

សម្តេចប៉ាបបានថ្លែងទៀតថា ព្រះជាម្ចាស់គឺចង់ឲ្យយើងទាំងអស់គ្នាបន្តរិះគិតឲ្យស៊ីជម្រៅ ហើយបានអញ្ជើញយើងទាំងអស់គ្នាឲ្យបន្តការរិះគិតទៅមុខ​ហើយទៅមុខទៀត ដើម្បីស្វែងរកអ្វីដែលមិនត្រឹមត្រូវហើយត្រូវតែមានទំនុកចិត្តលើព្រះអង្គ៕

Add new comment

6 + 8 =