សម្តេចប៉ាប៖ ក្នុងក្រសែភ្នែករបស់ព្រះជាម្ចាស់នរណាក៏ស្រស់ស្អាតដែរ

សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានថ្លែងថា ព្រះជាម្ចាស់ស្រលាញ់និងប្រតិព័ទ្ធចំពោះមនុស្សគ្រប់គ្នា ហើយគ្រប់គ្នាគឺសុទ្ធតែស្រស់ស្អាត មិនថាអ្នកនោះគឺជានរណានោះទេ ទោះជាអ្នកមានអ្នកក្រ អ្នកណាក៏ដោយ។

វ៉ាទីកង់ញូវបានរាយការណ៍ថា នេះគឺជាការថ្លែងរបស់សម្តេចប៉ាបនៅពេលដែលសម្តេចបានទទួលជួប​សាវនាការជាមួយនឹងក្រុមកុមារាកុមារី និង ក្មេងជំទង់ៗ ដែលកំពុងតែមានបញ្ហាផ្លូវចិត្ត ជាពិសេសគឺអ្នកដែល ជាជនរងគ្រោះដោយសារតែជំងឺអូទីហ្សឹម ដែលពួកគេកំពុងតែរស់នៅក្រោមការព្យាបាល ដោយគ្លីនិក សន្ត ប៉ូតេន (St. Polten) នៅប្រទេសអូទ្រីស។

នាឱកាសនោះ សម្តេចប៉ាបបានវាយតម្លៃខ្ពស់ចំពោះការខិតខំនិងស្នាដៃរបស់ពួកកុមារាកុមារី ព្រមទាំងអ្នក ដែលពាក់ព័ន្ធដើម្បីឲ្យពួកគេបន្តដំណើររួមជាមួយនឹងព្រះសហគមន៍។

 នាឱកាសនោះ សម្តេចប៉ាបបានថ្លែងថា ៖ «វ៉ាទីកង់សូមរីករាយស្វាគមន៍  ខ្ញុំពិតជារីករាយដែលបានជួបអ្នកទាំងអស់គ្នាដោយផ្ទាល់បែបនេះ។ តាមរយៈកែវភ្នែករបស់អ្នកទាំងអស់គ្នា ខ្ញុំដឹងថា អ្នកទាំងអស់គ្នាគឺកំពុងតែរីករាយ ដែលបានមានឱកាសមកកាន់ទីនេះ ហើយជួបជាមួយនឹងខ្ញុំនៅទីនេះ»។

គួររំលឹកថា បណ្តាកុមារាកុមារីដែលសម្តេចប៉ាបបានជួបពួកគេទាំងនេះ គឺជាអ្នកដែលសុទ្ធសឹងតែជាអ្នកជំងឺ ដែលបានមកកាន់ទីនេះជាមួយនឹងក្រុមគ្រួសារនិងបុគ្គលិកនៃគ្លីនិក សន្ត ប៉ូតេន ដែលជាគ្លីនិកមួយ កំពុងតែព្យាបាលកុមារដែលមានស្ថានភាពបែបនេះ ហើយបានបើកដំណើរការតាំងតែពីឆ្នាំ ១៩៩៥ មក នោះ៕

Add new comment

3 + 5 =