សម្តេចប៉ាបសារទរនឹងគំនិតផ្តួចផ្តើមសាមគ្គីភាពនៅប្រេស៊ីល

សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានសំដែងនូវការស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមសាមគ្គីភាព ដែលបានដាក់ចេញនៅក្នុងប្រទេសប្រេស៊ីល ក្រោយពេលដែលប្រទេសនេះកំពុងតែប្រឈមមុខនឹងបញ្ហានៃការរីករាលដាលនៃមេរោគកូវីដ១៩។

វ៉ាទីកង់ញូវបានរាយការណ៍ថា ការស្វាគមន៍នេះគឺសម្តេចប៉ាបបានផ្ញើតាមរយៈសារ លោក កាឌីណាល់ ម៉ាយឃើក ហ្សេនី (Michael Czerny) ដែលជាអនុរដ្ឋលេខាធិការទទួលបន្ទុកកិច្ចការជនឥន្តោប្រវេសន៍និងជនភៀសខ្លួន ដោយបង្ហាញនូវការ​កោតសរសើរទាក់ទិននឹងការដាក់ចេញនូវកិច្ចប្រឹងប្រែងមួយ ដែលផ្តួចផ្តើមឡើងនៅក្នុងការប្រយុទ្ធនឹងភាពអត់ឃ្លាននៅក្នុងអំឡុងពេលនៃការរីករាលដាលនៃកូវីដ១៩។

ប្រភពដដែលបានរាយការណ៍ថា នៅក្នុងអំឡុងពេលដែលពិភពលោកកំពុងតែបន្តប្រយុទ្ធនឹងបញ្ហាប្រឈមជាច្រើន ដែលបណ្តាលមកពីការបន្តការរីករាលដាលនៃមេរោគកូវីដ១៩ មានកម្មករមួយក្រុមដែលពួកគេ គ្មានដីធ្លីមួយនៅប្រេស៊ីល បានប្រកាសនិងកំពុងតែជួយមនុស្សដែលអត់ឃ្លាន ដោយពួកគេបានចូលរួមស្វែងរកស្បៀងនឹងបានចែកជូនពលរដ្ឋនានា រហូតដល់ទៅ ២.៥០០ តោន។ លោកកាឌីណាល់បានថ្លែងថា នៅក្នុងនាមសម្តេចប៉ាបនិងខ្លួនលោកផ្ទាល់ ព្រះសហគមន៍កាតូលិក យើងសូមជូនពរនិងបញ្ជាក់នូវអំណរ ចំពោះកាយវិការនិងសកម្មភាពនៃការខិតខំចែកស្បៀងអាហារ ដែលបានធ្វើដោយគ្រួសារមួយចំនួននៅក្នុងប្រទេសនេះ។

លោកបានថ្លែងថា សកម្មភាពទាំងនេះគឺជានិមិត្តរូបនៃសក្ខីកម្មនៅក្នុងព្រះរាជ្យ​របស់ព្រះជាម្ចាស់ ដែលទ្រង់តែងតែណែនាំគ្រីស្តបរិស័ទឲ្យរិះគិតនិងអនុវត្តនូវសាមគ្គីភាព និងការរួបរួមប្រកបដោយភាតរភាព៕

Add new comment

4 + 6 =