សម្តេចប៉ាបថា ក្រុមជនសង្គមងងឹតកំពុងតែកេងប្រវ័ញ្ចអ្នកដទៃគឺដើម្បីតែខ្លួនឯង

សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ បានមានបន្ទូលថា អង្គការឧក្រិដ្ឋជននានា គឺកំពុងតែកេងប្រវ័ញ្ចអ្នកក្រីក្រនិងទន់ខ្សោយនៅក្នុងអំឡុងពេលនៃការរីករាលដាលនៃមេរោគដើម្បីតែផលប្រយោជន៍ខ្លួនឯង។

វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបបានមានបន្ទូលបែបនេះ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ដែលជា​ថ្ងៃចងចាំអំពីជនរងគ្រោះដោយសារតែក្រុមឧក្រិដ្ឋជន។

សម្តេចប៉ាបបានមាន​បន្ទូលថា ៖ «អង្គការឧក្រិដ្ឋជននានាឬអង្គការម៉ាហ្វៀរ នៅគ្រប់ផ្នែកលើពិភពលោកនេះ គឺកំពុងតែធ្វើអាជីវកម្មលើមនុស្សនិងជនស្លូតត្រង់នៅក្នុងអំឡុងពេលនៃការរីករាលដាលនៃមេរោគដើម្បី ភាពមានបាន និងផលប្រយោជន៍របស់ពួកគេ»។

សម្តេចប៉ាបបានមានបន្ទូលបន្ថែមថា ពួកគេកំពុងតែប្រើប្រាស់រូបភាពនៃអំពើពុករលួយដើម្បីបន្តកេងប្រ​វ័ញ្ច​ជនស្លូតត្រង់នានា។

សម្តេចប៉ាបក៏បានមានបន្ទូលបន្តពីសម្តេចប៉ាបយូហានប៉ូលទីពីរ ដែលកាលទ្រង់នៅមានព្រះជន្ម និងសម្តេចប៉ាបបេណេឌិកទី១៦ ដែលកាលដែលទ្រង់នៅក្នុងតំណែង គឺតែងតែផ្កោលទោសដល់អង្គការម៉ាហ្វៀ​។

កាលទ្រង់នៅមានព្រះជន្មសម្តេចប៉ាបយូហានប៉ូលទីពីរ បានប្រកាសសកម្មភាពរបស់ពួកអង្គការឧក្រិដ្ឋជន ថា ជាវប្បធម៌នរក រីឯសម្តេចប៉ាបបេណេឌិកទី ១៦ ទ្រង់បានមានបន្ទូលថ្កោលទោសក្រុមនេះថា ពួកគេកំពុងតែស្ថិតនៅលើផ្លូវនៃសេចក្តីស្លាប់ ហើយហៅក្រុមទាំងនេះថា ជាអង្គការនៃបាប ដែលផ្ទុយពី សេចក្តីស្រលាញ់ និងករុណារបស់ព្រះគ្រីស្ត។

សម្តេចប៉ាបមានបន្ទូលថា៖ «ពួកគេផ្លាស់ប្តូរជំនឿទៅជាអំពើបាប ហើយប្រពឹ្រត្តវា»។

ជុំវិញបញ្ហានេះ សម្តេចប៉ាបបានលើកទឹកចិត្តគ្រីស្តបរិស័ទទាំងអស់ ចងចាំនិងជួយទុក្ខលំបាកចំពោះជនរងគ្រោះទាំងអស់ដោយអង្គការ​ឧក្រិដ្ឋជនទាំងនេះ និងបន្តការប្តេជ្ញាចិត្តប្រឆាំងនឹងអង្គការឧក្រិដ្ឋជនទាំងអស់នេះ៕

 

Add new comment

12 + 1 =