អ្នកស្វែងរកមូលនិធិ មានច្រើន តើគួរតែចូលរួមដែរឬទេ?

មកដល់ពេលនេះអ្នកដែលបានស្ម័គ្រចិត្តចូលរួមស្វែងរកមូលនិធិសម្រាប់ជួយនេះជួយនោះ ដោយរួមទាំងជួយដល់មន្ទីរពេទ្យគន្ធបុប្ផាក៏មានច្រើនដែរ ហើយមធ្យោបាយនៃការរៃអង្គាស ក៏កាន់តែសំបូរបែប ប៉ុន្តែយើងខ្ញុំមានសំណួរមួយតើនេះគឺជាសកម្មភាពរៃអង្គាសថវិការចូលមូលនិធិដើម្បីជួយជនរងគ្រោះមែន ឬគ្រាន់តែជាលេស និងជាមធ្យោបាយនៅក្នុងការស្វែងរកលាភសក្ការៈ ឬក៏ជាល្បិចកលនៃការរកប្រាក់មួយបែបឬយ៉ាងណា ?

តាមការសង្កេតមួយរយៈពេលកន្លងមកនេះ យើងខ្ញុំកត់សម្គាល់ឃើញថា រូបភាពអ្នកដែលរៃអង្គាសមូលនិធិទាំងនោះ គឺមានដូចជា ការរៀបចំប្រគុំតន្រ្តីនៅតាមភ្លើងស្តុបមួយចំនួន សកម្មភាពកាន់ខិតប័ណ្ណដើរផ្សព្វផ្សាយនិងស្វែងរកនៅតាមផ្ទះប្រជាពលរដ្ឋ តាមផ្សារ តាមទីប្រជុំជននានា សកម្មភាពលក់ទំនិញបន្តិចបន្តួច ប៉ុន្តែមានតម្លៃថ្លៃជាងនៅទីផ្សារ ហើយរឹតតែអស្ចារ្យហើយទំនើបនឹងងាយស្រួលទៅទៀតនោះ គឺការប្រកាសលេខកុងធនាគារ តាមបណ្តាញសង្គម ដោយប្រើប្រាស់រូបភាព សោកសង្រេងមួយចំនួនអមដោ​យសារខ្លីៗ និយាយអំពីជនរងគ្រោះនេះ ជនរងគ្រោះនោះ ខ្វះខាតលំបាកយ៉ាងនេះ លំបិនយ៉ាងនោះ គាត់មានជំងឺនេះ ជំងឺនោះជាដើម។

ប្រសិនបើនេះជាសកម្មភាពរៃអង្គាសដើម្បីជនរងគ្រោះពិតប្រាកដ យើងខ្ញុំក៏មានតែគាំទ្រ និង​លើកទឹកចិត្ត ពីព្រោះនេះគឺជាសកម្មភាពមួយដែលយើងអាចជួយគ្នាទៅវិញទៅមក នៅក្នុងគ្រាលំបាក ប៉ុន្តែយើងខ្ញុំខ្លាចម្យ៉ាង គឺថា នេះគឺជារូបភាព និងជាល្បិចកលរបស់ជនមួយក្រុមតូច ដែលឆ្លៀតឱកាស និងប្រើប្រាស់ភាពសោកសង្រេង ភាពទុរគត ការឈឺចាប់របស់ជនរងគ្រោះដើម្បីស្វែងរកប្រយោជន៍ និងបោកប្រាស់មហាជន ដើម្បីតែខ្លួនឯងឬបក្សពួក ឬក្រុមណាមួយនោះប៉ុណ្ណោះ។

ដោយសារតែយើងទាំងអស់គ្នាគិតថា នេះគឺជាទាន នេះគឺជាការជួយគ្នា ហើយថវិកាដែលយើង សម្រេចចិត្តជួយនោះ ក៏មិនធំដុំ ដោយគ្រាន់តែចំណាយត្រឹមប្រាំរយរៀល មួ​យពាន់រៀល ពីរពាន់រៀល… ហើយមានអ្នកខ្លះដល់មួយដុល្លារ ពីរដុល្លារ ឬច្រើនជាងនេះតាមទឹកចិត្តសប្បុរសរបស់ខ្លួន ប៉ុន្តែ កុំភ្លេចថា ប្រ​សិ​នបើយើងទាំងអស់គ្នា ខ្វះការប្រុងប្រយ័ត្ន យើងនឹងក្លាយជាឈ្នាន់មួយ នៃក្រុម ជនខិលខូច។ ថវិការនោះតិចតួចទេ ប៉ុន្តែប្រសិនបើយើងចង់ជួយនរណាម្នាក់ ជាពិសេស គឺ ស្ថាប័នសង្រ្គោះធំៗ ដូចជាមន្ទីរពេទ្យគន្ធបុប្ផាជាដើម គឺសូមជួយដល់ស្ថាប័ននោះ ដោយផ្ទាល់ឬតាមស្ថាប័នមូលនិធិធំៗ ដែលមានការរៀបចំត្រឹមត្រូវ ឬអ្នកដែលមានប្រវត្តិច្បាស់លាស់ មានការងារត្រឹមត្រូវ មានសាវតាពិតប្រាកដ ទើបទាននិងសណ្តានចិត្តរបស់យើងអាចទៅដល់ជនរងគ្រោះដែលត្រូវការពិតប្រាកដ។​

សរុបមកវិញ នេះគឺគ្រាន់តែជាមតិយោបល់មួយជ្រុងរបស់យើងខ្ញុំប៉ុណ្ណោះ។ ទស្សនៈនេះវាអាចខុសឬត្រូវ ប៉ុន្តែហេតុផលតែមួយ ដែលយើងខ្ញុំចង់បញ្ចេញមតិលើបញ្ហានេះ គឺនៅក្នុងគោលបំណង តែមួយទេ គឺកាត់បន្ថយក្រុមជនខិលខូចដែលឆ្លៀតឱកាសយកជនរងគ្រោះមកធ្វើអាជីវកម្ម ដើម្បីប្រយោជន៍ខ្លួននិងបក្សពួក៕

Add new comment

8 + 7 =