អ្នកស្លាប់ដោយ​កូវីដ​១៩​ភាគ​ច្រើន​មិន​បានទទួល​វ៉ាក់សាំង​ពេញលេញ

ខណៈពេលដែលធនធានវ៉ាក់សាំងនៅកម្ពុជាមាននៅក្នុងដៃ សូមបងប្អូននាំគ្នាទៅចាក់តាមការរៀបចំរបស់អាជ្ញាធរ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ ១៩ ពីព្រោះតួលេខអ្នកស្លាប់ចុងក្រោយនេះ បានបង្ហាញថា ភាគច្រើននៃអ្នកដែលបានបាត់បង់ជីវិតដោយសារតែមេរោគនេះ គឺជាអ្នកដែលមិនទទួលបានវ៉ាក់សាំង ។

ដោយសារតែចំណុចនេះ ក្រសួងសុខាភិបាលកាលពីម្សិលមិញនេះបានចេញសេចក្តីជូនព័ត៌មានមួយ ដោ​យប្រកាសផ្តល់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋដែលមានវ័យចាស់ ស្ត្រីមានផ្ទៃពោះ ស្រ្តីបំបៅកូនដោយទឹកដោះ អ្នកដែលបានព្យាបាលជាសះស្បើយពីជំងឺផ្សេងៗ រួមទាំងជំងឺកូវីដ ១៩ និង អ្នកដែលមានជំងឺប្រចាំកាយ។​

ប្រភពដដែលបានបញ្ជាក់ថា សម្រាប់អ្នកដែលជាសះស្បើយពីជំងឺកូវីដ ១៩ អាចទៅចាក់បាននោះ គឺ លុះត្រាតែពួកគេជាសះស្បើយចាប់ពី ៤ ខែ ឡើង ហើយអ្នកដែលមានជំងឺប្រចាំកាយវិញនោះ គឺអ្នកជំងឺដែលមានស្ថានភាពនឹងនរ អាចគ្រប់គ្រងបាន។

ក្រសួងក៏បានលើកទឹកចិត្តឲ្យអាជ្ញាធរមូលដ្ឋានចុះស្រង់ព័ត៌មានពលរដ្ឋដែលមិនទាន់ទទួលបានវ៉ាក់សាំងឲ្យបានច្បាស់លាស់ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ ១៩ ។ ​ហើយពាក់ព័ន្ធនឹងបញ្ហាមេរោគនេះដែរ កាលពីម្សិលមិញនេះ សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកក៏បានមានប្រសាសន៍តាមរយៈសារជាសំឡេងផ្សព្វផ្សាយជាសាធារណៈឲ្យប្រជាពលរដ្ឋចូលរួមចាក់វ៉ាក់សំាងឲ្យបានគ្រប់ៗគ្នា ។ ម្យ៉ាងវិញទៀត សម្តេចក៏បានស្នើនិងផ្តល់អនុសាសន៍ ឲ្យក្រុមគ្រួសារអ្នកជំងឺកូវីដ ១៩ នៅតាមបណ្តាខេត្តកុំចល័តអ្នកជំងឺកូវីដ ១៩ ពីបណ្តាខេត្តមកកាន់រាជធានី ពីព្រោះនេះជាទង្វើគ្រោះថ្នាក់បំផុតសម្រាប់អ្នកជំងឺ ហើយម្យ៉ាងទៀតអស់រយៈពេលជាងមួយឆ្នាំមកនេះរាជរដ្ឋាភិបាលក៏បានចំណាយទាំងធនធាននិងថវិកា កសាងសមត្ថភាពនិងបំពាក់សម្ភារដើម្បីឆ្លើយតបនឹងមេរោគនេះនៅតាមបណ្តាខេត្តក៏ច្រើនដែរ។ សម្តេចក៏បានលើក ឡើងនូវអំណះអំណាងខាងផ្នែកវិទ្យាសាស្រ្តនិងវេជ្ជសាស្រ្ត ពន្យល់ពីហានិភ័យនៃការចល័តអ្នកជំងឺ ជាពិសេសគឺការធ្វើដំណើរនៅលើរថយន្តនៅផ្លូវឆ្ងាយ​ ដែលធ្វើឲ្យស្ថានភាពអ្នកជំងឺ អាចធ្លាក់ខ្លួនកាន់តែដុនដាបនៅក្នុងការប្រឈមមុខនឹងមេរោគនេះបន្តទៀត ។

សូមចូលរួមចាក់វ៉ាក់សាំងនិងគោរពអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ខណៈដែលពេលនេះ ស្ថានភាពនៃការឆ្លងគឺកំពុងតែវិវត្តន៍ទៅមុខប្រកបដោយភាពវិជ្ជមាន រីឯអត្រាអ្នកស្លាប់ក៏កំពុងតែ​មាននិន្នាការថ​មថយដែរ ប៉ុន្តែសូមកត់សម្គាល់ថា ភាគរយនៃអ្នកស្លាប់ គឺភាគច្រើនគឺអ្នកដែលមិនបានចាក់វ៉ាក់សាំង ។

សរុបមកវិញ សូមទាំងអស់គ្នាបន្តចូលរួមទាំងអស់គ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ ១៩ ដើម្បីយើងអាចបើកសកម្មភាពសង្គមនិងសេដ្ឋកិច្ចរបស់យើងឡើងវិញ ក្រោយពេលដែលទទួលរលកនៃការកើនឡើង​នៃជំងឺនេះតាំងតែពីព្រឹត្តិការណ៍ ២០ កុម្ភៈមកនោះ៕

Add new comment

5 + 7 =