អ្នកនិពន្ធនិងអ្នកដឹកនាំការសម្តែងសូមគិតឲ្យបានគ្រប់ទិដ្ឋភាព

រហូតមកដល់ពេលនេះ ភាពយន្ត និងចម្រៀងកំសាន្ត ព្រមទាំងទស្សនីយភាពកំសាន្តផ្សេងៗគ្រប់ទម្រង់នៅតែមានតួនាទីដ៏សំខាន់មួយចំនួន គឺចែករំលែកនូវសារអប់រំប្រៀនប្រដៅ ហើយកំសាន្ត...​ដូចនេះ ដើម្បីកុំឲ្យមានការសោកស្តាយ គ្រប់គ្នា ដែលជាអ្នកនិពន្ធនិងដឹកនាំការថតកំសាន្ត នានា សូមរិះគិតឲ្យបានគ្រប់ជ្រុងជ្រោយនិងគ្រប់ទិដ្ឋភាពមុននឹង​ធ្វើ។

នៅក្នុងករណីដែលអស់លោកអ្នកខ្វះការរិះគិតជ្រុងណាមួយនៅក្នុងចំណោម តួនាទីទាំងនេះ នឹងមានការរិះគន់ ហើយអាចនឹងនាំដល់ការខាតបង់ពេលវេលា និងថវិកា ដូចជាករណី វីដេអូចម្រៀងមួយថ្មីរបស់ផលិ​តកម្មក្នុង​ស្រុក​មួយ​ ទើបតែចេញឃោសនាបានបន្តិច ក៏ត្រូវបានមជ្ឈដ្ឋានទូទៅរិះគន់ ទាំងមិនទាន់ផ្សព្វផ្សាយជាផ្លូវការផងនោះ។  ក្រុមហ៊ុននេះបានបង្ហោះឈុតឆាកខ្លីៗតាមបណ្តាញសង្គម Tik Tok ​ត្រឹមតែរយៈពេល ២៤ ម៉ោងប៉ុណ្ណោះ គឺមានអ្នកចូលមើលរហូតដល់ទៅ ជិត ២០ លានដង។

បើតាមការស្តាប់នៅក្នុងបណ្តាញសង្គម Tik Tok  បទចម្រៀងនេះ ហាក់មិនមានអ្វីខុសខ្លាំងក្លានោះប៉ុន្មានទេ អ្នកសម្តែងនិងចម្រៀងនៅក្នុងវីដេអូចម្រៀងនោះ គឺស្លៀកពាក់ក៏មិនមានអ្វីចោទ គឺបង្ហាញពីលក្ខណៈនៃការតុបតែងខ្លួនតាមបែបយុវវ័យ ទាន់សម័យ ក្បាច់រាំ​របៀប សម្តែង ក៏សុទ្ធតែមានការកែច្នៃ តារានៅក្នុងវីដេអូចម្រៀងខ្លីនោះ ក៏សុទ្ធតែក្មេងៗជាយុវវ័យដែលមានសម្រស់ ស្រស់ស្អាត និងសង្ហារគួរឲ្យទាក់ទាញ ដោយមានទាំងភាសាខ្មែរនិងបរទេស សាច់ភ្លេងក៏ពិរោះតាមការឲ្យពិន្ទុរបស់ក្រុមយុវវ័យ។ ប៉ុន្តែចំណុចដែលខ្វះខាតនោះ គឺនៅក្នុងកន្លែងដែលក្រុមតារាចម្រៀង និងសម្តែងទាំងនេះ​ យកកាំភ្លើងមកលេងនៅក្នុងថ្នាក់រៀន ដែលនេះហើយជារូបភាពដែលនាំឲ្យមានការរិះគន់។

ថ្នាក់រៀន និង សាលារៀន គឺជាកន្លែងបណ្តុះវិជ្ជា ដុសខាត់លុតដំ សីលធម៌ ឲ្យកូនខ្មែរស្គាល់អំពីខ្លួនឯង អត្តសញ្ញាណជាតិ ប្រវត្តិសាស្រ្ត វប្បធម៌ អក្សរសាស្រ្ត វិទ្យាសាស្រ្ត  និង បំណិនជីវិត ផ្សេងៗ ។ ថ្នាក់រៀននិង សាលារៀន មិនមែនជាកន្លែងដែលហិង្សានោះទេ ដូច្នេះហើយ បាន ជា មានការរិះគន់ រហូតដល់ប្រធានក្រុមហ៊ុននេះ បានទទួលយក ហើយបញ្ជាឲ្យលុប​វីដូអូខ្លីនោះ និងឱ្យ​កែសម្រួលឈុតឆាកមួយចំនួន ដែលរិះគន់នោះចេញ បើទោះបីជាបទចម្រៀងមួយនេះ ត្រូវបានគេដឹងថា បានចំណាយរហូតដល់ទៅ ជាង៥០.០០០ ដុល្លារក៏ដោយចុះ។​

សរុបមកវិញនេះគឺជាចំណុចមួយដែលគួរតែយកចិត្តទុកដាក់សម្រាប់អ្នកនិពន្ធឬអ្នកដឹកនាំការសម្តែង ទោះបីជាម្នាក់ៗដែលបានខិតខំចំណាយពេលវេលា និងថវិកាច្រើនយ៉ាងណាក៏ដោយ ប្រសិនបើយើងមានចំណុចខ្វះខាតដែលពាក់ព័ន្ធនឹងតម្លៃនៃស្នាដៃរបស់យើងនោះ យើងនឹងប្រឈមមុខនឹងការរិះគន់។ រាល់ស្នាដៃសូមរិះគិតឲ្យបានគ្រប់ជ្រុងជ្រោយនិងទិដ្ឋភាពសង្គម ដោយផ្អែកលើទីផ្សារ វប្បធម៌ ប្រពៃណី និង គោលតម្លៃនៃការអប់រំនេះឯង៕

Add new comment

9 + 9 =