Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
អ៊ុតស្វាឬMonkeypox មកដល់សិង្ហបុរីហើយ ប៉ុន្តែប្រជាជាតិអាស៊ីអាគ្នេយ៍ផ្សេងទៀតហាក់មិនទាន់មានទេ!
ក្រសួងសុខាភិបាលសិង្ហបុរីបានបញ្ជាក់ពីករណីនាំចូលមួយករណីនៃជំងឺអ៊ុតស្វា ដែលអ្នកជំនាញ ការសុខភាពបរទេសមួយចំនួនកំពុងតែព្រួយបារម្ភ ហើយករណីនេះអាចជាករណីនៃជំងឺ ដែលគេកំពុងបារម្ភថ្មីនៅក្នុងតំបន់អាស៊ីអគ្នេយ៍។
សារព័ត៌មានឆាណែលញូវអេស៊ៀបានឲ្យដឹងថា អ្នកជំងឺជាជនជាតិអង់គ្លេស អាយុ៤២ឆ្នាំ ធ្វើការជាអ្នកបម្រើលើយន្តហោះ។ បុរសនោះស្ថិតនៅក្នុងប្រទេសសិង្ហបុរីចន្លោះពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៧ ខែមិថុនា ហើយម្តងទៀតនៅថ្ងៃទី ១៩ ខែមិថុនា ខណៈដែលគាត់បានហោះចូល និងចេញពីសិង្ហបុរី ជាបន្តបន្ទាប់។ អ្នកជំងឺបានធ្វើតេស្តវិជ្ជមាននិងរកឃើញជំងឺអុតស្វានៅថ្ងៃទី ២០ ខែមិថុនា។
ប្រភពដដែលបានបញ្ជាក់ថា បច្ចុប្បន្នគាត់កំពុងសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិសម្រាប់ជំងឺឆ្លង នៅក្នុងប្រទេសនេះ ហើយស្ថានភាពគាត់មានស្ថិរភាព។ បុរសរូបនោះចាប់ផ្តើមឈឺក្បាលនៅថ្ងៃទី ១៤ ខែមិថុនា និងគ្រុនក្តៅ ២ ថ្ងៃក្រោយមក។ រោគសញ្ញាទាំងនេះបានដោះស្រាយជាបន្តបន្ទាប់ ហើយគាត់បានកើតកន្ទួលលើស្បែកនៅថ្ងៃទី ១៩ ខែមិថុនា។ បុរសរូបនោះត្រូវបានកំណត់អត្តសញ្ញាណក្រោយពីបានស្វែងរកជំនួយខាងវេជ្ជសាស្ត្រតាមរយៈការពិគ្រោះយោបល់តាមទូរស័ព្ទនៅយប់ថ្ងៃទី ១៩ ខែមិថុនា ហើយត្រូវបានបញ្ជូនទៅ មជ្ឈមណ្ឌលជាតិសម្រាប់ជំងឺឆ្លង នៅថ្ងៃទី ២០ ខែមិថុនា ដើម្បីធ្វើការវាយតម្លៃបន្ថែម។
តាមការសិក្សាស្រាវជ្រាវ ជំងឺអុតស្វានេះ គឺជាជំងឺដែលបង្កដោយមេរោគឈ្មោះថា Monkeypox ហើយវាមានប្រភពនៅអាហ្វ្រិក ប៉ុន្តែថ្មីៗកន្លងទៅវាបានឆ្លងរីករាលដាលប្រមាណជា ជាង ១០០០ ករណី នៅក្នុងប្រទេស ២៩។ អ្នកជំងឺដែលឆ្លងមេរោគ ជាធម្មតាមានគ្រុនក្តៅ ឈឺក្បាល ឈឺសាច់ដុំ ឈឺខ្នង ហើមកូនកណ្តុរ ញាក់ សន្លឹម និងកន្ទួលលើស្បែក។
ជំងឺនេះភាគច្រើនជាសះស្បើយក្នុងរយៈពេលពី ២ ទៅ ៣ សប្តាហ៍តែ ក្នុងករណីខ្លះ មេរោគអាចបណ្តាលឱ្យមានផលវិបាកធ្ងន់ធ្ងរ ជាពិសេសកុមារតូចៗ ស្ត្រីមានផ្ទៃពោះ ឬបុគ្គលដែលមានភាពស៊ាំនឹងមេរោគ។ ជំងឺនេះឆ្លង តាមការការប៉ះពាល់រាងកាយដោយផ្ទាល់ជាមួយនឹងឈាម សារធាតុរាវក្នុងខ្លួន ឬដំបៅពីបុគ្គលដែលមានមេរោគ ឬវត្ថុធាតុកខ្វក់។ រយៈពេលនៃការកើតជំងឺនេះគឺ ពី៥ ទៅ ២១ ថ្ងៃ។
សរុបមកវិញ ទោះបីជាវាមិនគ្រោះថ្នាក់ធ្ងន់ធ្ងរដូចជាមេរោគកូវីដ ១៩ កន្លងមក ក៏ពិតមែន ប៉ុន្តែយើងក៏ត្រូវតែប្រុងប្រយ័ត្នឲ្យបានខ្ពស់ដែរ ជាពិសេស អ្នកដែលចូលចិត្តធ្វើដំណើរច្រើន។ ចូររក្សាការប្រុងប្រយ័ត្ន និងអនុវត្តការរក្សាអនាម័យផ្ទាល់ខ្លួនប្រកបដោយស្តង់ដារខ្ពស់ រួមទាំងការលាងដៃឱ្យបានញឹកញាប់។ ចៀសវាងការប៉ះពាល់ដោយផ្ទាល់ជាមួយដំបៅរបស់មនុស្សដែលសង្ស័យ សំភារៈប្រើប្រាស់របស់ពួកគេ ជៀសវាងការប៉ះពាល់ឬទទួលទានសត្វព្រៃដែលអាចផ្ទុកមេរោគ ដោយប្រការណាមួយ៕
Add new comment