អំពើហិង្សាមិនមែនជាជម្រើសសម្រាប់បញ្ចប់វិបត្តិ

ថ្មីៗនេះរូបភាពនៃអំពើឃាតកម្មដែលកើតចេញពីអំពើហិង្សានៅក្នុងចំណោមសាច់ញាតិ និងអ្នកដែលជិតដិតបំផុតបានកើតមានជាហូរហែរនៅចុងខែ សីហា និងដើមខែកញ្ញា ដែលទង្វើឬសក​ម្មភាពដ៏សាហាវបែបនេះគួរតែនាំគ្នាបញ្ឈប់និងរកដំណោះស្រាយ។

រូបភាពនៃឃាតកម្មដ៏រន្ធត់ដំបូងដែលយើងបានកត់សំគាល់ គឺករណីបុរសម្នាក់ដែលបានលើកដៃ សម្លាប់កូនស្រីខ្លួនឯងដល់ទៅ៣នាក់ រួចហើយធ្វើអត្តឃាតខ្លួនឯង។ ក្រោយមកទៀតក៏លេចចេញនូវករណីមួយទៀត គឺករណីចាក់សង្សាររបស់ខ្លួនសម្លាប់នៅផ្លូវសាធារណៈមួយ ក្រោយពេល ផ្សះផ្សារគ្នាបរាជ័យ ហើយក៏ទៅសម្លាប់ខ្លួននៅវត្តមួយ។ ក្រោយមកទៀតឮថា ករណីឃាតកម្មកូនប្រុសសម្លាប់ម្តាយ គ្រាន់តែករណីនេះបុរសដែលសង្ស័យជាអ្នកដែលមានជំងឺ។ នៅពេលបន្តបន្ទាប់មកទៀតក៏លេចចេញករណីប្អូនថ្លៃវាយបងថ្លៃ២អង្រែបណ្តាលឲ្យស្លាប់ភ្លាមៗ ដោយមិនដឹងខ្លួនថា ក្លាយជាឃាតករ ដោយសារតែបុរសរងគ្រោះជាបងថ្លៃនោះមករករឿងគេ ពេលកំពុងតែដេកដោយយកអង្រែនោះប្រុងវាយទៅលើបុរសដែលត្រូវឃាត់ខ្លួនជាប្អូនថ្លៃនោះ។ ករណីមួយទៀត គឺករណីប្តីចាក់សម្លាប់ប្រពន្ធដោយសារតែភ្លើងប្រច័ណ្ឌ ហើយក៏រត់ទៅអាករសម្លាប់ខ្លួនគ្រាន់តែមិនទាន់ស្លាប់ ប៉ុន្តែស្ថានភាពនោះក៏មិនជាស្រាលប៉ុន្មានដែរ។ ករណីនេះកើតនៅស្រុកអង្គស្នួល ខេត្តកណ្តាល។

ឯករណីមួយទៀតដែលចាត់ទុកថា គឺជាករណីឃាតកម្មហិង្សាដ៏សាហាវផងដែរនោះ គឺករណីបុរសម្នាក់ចាក់សម្លាប់សង្សារក៏ព្រោះតែក្តីប្រច័ណ្ឌនិងមានទំនាស់ ហើយក៏បានប៉ុនប៉ងសម្លាប់ខ្លួនឯងដែរ ប៉ុន្តែក៏មិនបានសម្រេចដោយគ្រាន់តែរបួស ហើយត្រូវគេបញ្ជូនទៅសង្រ្គោះ។

គ្រប់ករណីឃាតកម្មទាំងប៉ុន្មានដែលបានលើកឡើងខាងលើនេះ តាមការប្រមូលព័ត៌មានបឋម តាមរយៈអំណាននៅលើបណ្តាញសង្គមនិងសារព័ត៌មាននានា យើងខ្ញុំយល់ថា ភាគច្រើនគឺជា ករណីដែលខឹងហើយខ្វះការពិចារណា ទើប​សម្រេចចិត្តធ្វើអំពើទាំងនេះ។ អ្នកទាំងអស់នោះ រួមទាំងបុរសម្នាក់ដែលខ្លួនមានជំងឺសរសៃប្រាសាទដែលបានលើកដៃសម្លាប់ម្តាយខ្លួនឯង ក៏ ប្រហែលជាដឹងខ្លួនខុសដែរ​ក្រោយពីស្វាងជំងឺ ទើបទៅប៉ុនប៉ងធ្វើអត្តឃាត តែមិនសម្រេចត្រូវ សមត្ថកិច្ចឃាត់ខ្លួន។

ទាំងប៉ុន្មានករណីនេះ ជនសង្ស័យទាំងអស់ក្រោយពេលដែលប្រពឹត្តករណី​ឃាតកម្ម គឺប្រហែលជាដឹងថា ទង្វើខ្លួនបានប្រព្រឹត្តនេះខុសច្បាប់ ទើបបានព្យាយាម​បញ្ចប់ជីវិត​ ដើម្បីគេចពីការទទួលខុសត្រូវតាមច្បាប់ គេចពីមនសិកានៅក្នុងនាមជាមនុស្ស គេចពីការផ្តន្ទាទោសពីសង្គម។ ពួកគេទំនងជាដឹងខ្លួនឯងថា ទង្វើដែលពួកគេលើកដៃធ្វើបែបនេះ គឺជារឿងដែលមិនត្រឹមត្រូវ ប៉ុន្តែដោយសារតែកំហឹងមួយឆាវទប់មិនជាប់ លើកដៃធ្វើរឿងនេះឬមួយក៏ដោយសារតែ​បញ្ហាណាមួយដែលពួកគេមិនអាចនឹងដោះស្រាយបាន មានដូចជាបញ្ហាហិរញ្ញវត្ថុ បញ្ហាផ្លូវភេទ បញ្ហាផ្លូវចិត្ត បញ្ហាការងារ ជាដើម ទើបបណ្តាលឲ្យចេញជាទង្វើរដ៏កាចសហាវបែបនេះ។

ជុំវិញអ្វីដែលយើងខ្ញុំបានលើកឡើងខាងលើនេះ គ្រាន់តែជាការគិតមួយ​ជ្រុង​តូច ដើម្បីជាសក្ខី ភាពឆ្លុះបញ្ចាំងករណីឃាតកម្មទាំងនេះ​តែប៉ុណ្ណោះ ហើយការគិតនិងការសង្ស័យអំពី ឫសគល់នៃករណីទាំងនេះ វាអាចមិនមែនដូច្នេះ ឬមួយក៏វាអាចមានរឿងរ៉ាវស៊ីជម្រៅផ្សេងៗ​ទៀតក៏អាចថាបាន។ ដូច្នេះវាទាមទារឲ្យមានការសិក្សានិងស៊ើបអង្កេតឲ្យបានស៊ីជម្រៅបន្ថែមទៀត។ ទាំងនេះគឺជាកិច្ចការរបស់សមត្ថកិច្ចឬក៏ស្ថាប័នដែលមានសមត្ថកិច្ចសិក្សានិងស៊ើបអង្កេតករណីទាំងនេះ។ យើងខ្ញុំសង្ឃឹមថា ករណីទាំងនេះអ្នកជំនាញនឹងបន្តសិក្សាលំអិត ពីព្រោះភាគច្រើនករណីគឺជនសង្ស័យសុទ្ធតែជាប់ពិរុទ្ធថា ក្រោយសម្លាប់ជនរងគ្រោះហើយគឺបានធ្វើអត្តឃាតឬប៉ុនប៉ងធ្វើអត្តឃាតខ្លួនឯងសឹងតែគ្រប់ករណី ។

អំពើហិង្សាមិនមែនជាដំណោះស្រាយនោះឡើយ ហើយការសម្លាប់វារឹតតែមិនប្រសើរ​ថែមទៀត។ យើងដឹងទាំងអស់គ្នាអំពីផលប៉ះពាល់នៃអំពើហិង្សា ដូច្នេះនៅពេលណា​មួយ ដែលយើងទាំងអស់គ្នា ជួបបញ្ហាណាមួយនៅក្នុងខ្លួនឬសង្ស័យខ្លួនឯងធ្វើខុស សូមកុំ​គេច​វេស គឺ​ត្រូវ​រក​វិធី​ដោះ​ស្រាយ។  ជាពិសេស​គឺ​ហាត់​ពត់​ចិត្ត​ដើម្បី​បន្ធូរ​កំហឹង​ក្នុង​ពេល​ខឹងសិន ទើប​ដំណោះស្រាយ​អាច​កើត​មាន​បានសមហេតុផល។

សរុបមកវិញ យើងដឹងថា ពេលនេះគឺជាពេលតានតឹងទាក់ទងនឹងបញ្ហាហិរញ្ញវត្ថុក៏មាន បញ្ហាគ្រួសារ បញ្ហាការងារ បញ្ហាសង្គមជាដើម ដោយសារតែការរីករាលដាលនៃមេរោគកូវីដ១៩ ប៉ុន្តែសូមរិះគិតជាជំហានៗ កុំស្មុគស្មាញ ហើយត្រូវចាំថា ដរាបណានៅមានជីវិត ពន្លឺនិងដំណោះស្រាយ​នៅតែមាន។ អំពើហិង្សាគ្រប់ប្រភេទមិន​មែនជាដំណោះសា្រយទេ៕

 

Add new comment

11 + 5 =