Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
អាប៉ោងបើកគ្រប! គណបក្សនយោបាយចូលរួមបោះឆ្នោត ខែកក្កដា មាន១៨
ការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញកាលពីថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ២០២៣ បានបញ្ចប់ក្តីរំពឹងចុងក្រោយរបស់ក្រុមអ្នកនយោបាយប្រឆាំងរដ្ឋាភិបាលដែលប្រមូលផ្តុំគ្នានៅក្រោមគណបក្ស ភ្លើងទៀន។
តាមសេចក្តីប្រកាសដែលបានផ្សព្វផ្សាយជាសាធារណៈបានឲ្យដឹងថា ក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចបដិសេធលើបណ្តឹងតវ៉ារបស់របស់គណបក្សភ្លើងទៀន ដែលបានប៉ុនប៉ងចូលរួម នៅក្នុងដំណើរបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនិតិកាលទី៧ តាមរយៈការប្ដឹងជំទាស់តវ៉ាទៅនឹងសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលបានបដិសេធការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតរបស់ខ្លួនកាលពីថ្ងៃទី១៥ ខែឧសភា កន្លងទៅថ្មីៗនេះ។
ការសម្រេចនេះ បានធ្វើឡើងបន្ទាប់ពីក្រុមប្រឹក្សាធម្មនុញ្ញបានបញ្ចប់កិច្ចប្រជុំពេញអង្គរបស់ខ្លួន ក្រោមការដឹកនាំរបស់ លោក អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដោយក្រុមប្រឹក្សាធម្មនុញ្ញក្រុមប្រឹក្សាធម្មនុញ្ញ យល់ឃើញថា គណកម្មាធិការជាតិរៀបចំការបោះឆ្នោត មានសមត្ថកិច្ចពេញលេញក្នុងការបដិសេធគណបក្សនេះ ពោលគឺតម្កល់សេចក្តីសំរេចបដិសេធរបស់គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ទុកជាបានការតាមផ្លូវច្បាប់ បិទផ្លូវតវ៉ា។
ក្រៅពីគណបក្សភ្លើងទៀនចេញ ក្រុមប្រឹក្សាធម្មនុញ្ញក៏បានសម្រេចតម្កល់ការសម្រេចចិត្តរបស់គណកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានបដិសេធមិនទទួលការចុះឈ្មោះរបស់គណបក្សមហាសាមគ្គីជាតិខ្មែរផងដែរ។
មកដល់ពេលនេះគេនៅមិនទាន់ដឹងថា តើគណបក្សទាំងពីរ ជាពិសេសគឺគណបក្សភ្លើងទៀននឹងសម្រេចចិត្តយ៉ាងណានោះទេ ប៉ុន្តែតាមច្បាប់គណបក្សនេះអស់សិទ្ធិចូលរួមហើយ ដូច្នេះ ដំណើរការរៀបចំការបោះឆ្នោតនៅថ្ងៃអាទិត្យទី ២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះគឺនឹង ប្រពឹត្តិទៅតែ ១៨ គណបក្សប៉ុណ្ណោះ ពីព្រោះគណបក្សដែលបានចុះឈ្មោះគឺមានតែ២០ គណបក្ស ប៉ុន្តែគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទទួលស្គាល់តែ ១៨ ប៉ុណ្ណោះ។
សរុបមកវិញនៅពេលនេះអាប៉ោងបើកគ្របហើយ ដូចនេះយើងជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតរួចរាល់ សូមតាមដាននូវបេក្ខជនរបស់គណបក្សនីមួយៗដែលគណកម្មាធិការជាតិរៀបចំការបោះឆ្នោតទទួលស្គាល់នៅតាមមណ្ឌលដែលមាន ដើម្បីជ្រើសរើស។ ការសម្រេចចិត្តលើកការបោះឆ្នោតនៅពេលខាងមុខគឺមិនខុសពីការបោះឆ្នោតលើកមុនៗឡើយ គឺ យើងនៅតែបោះដោយសម្ងាត់ដដែល ដូច្នេះសូមអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដោយពិនិត្យពិច័យបេក្ខជនឲ្យបានត្រឹមត្រូវ៕
Add new comment