Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
អាជ្ញាធរគួរបង្កើនការគ្រប់គ្រងទីកន្លែងមួយចំនួនជុំវិញបរិវេណសាលា
នៅជុំវិញសាលាដែលជាទីប្រជុំមនុស្ស គឺរមែងមានកន្លែងផ្តល់សេវាកម្មអប់រំ សិក្សា ហូបចុក រៀនគួរជាច្រើន ប៉ុន្តែកន្លែងមួយចំនួន ហាក់មិនមែនជាកន្លែងដែលល្អសម្រាប់យុវជន និងយុវតីសិស្សសាលាចូលទេ ហើយកន្លែងទាំងនោះ គួរតែអាជ្ញាធរគួរយកចិត្តទុកដាក់។
នៅពេលដែលធ្វើដំណើរនៅម្តុំបរិវេណសាលានីមួយៗ នៅពេលបច្ចុប្បន្ននេះ ជាពិសេសគឺសាលាកម្រិតវិទ្យាល័យ យើងខ្ញុំតែងតែសង្កេតឃើញមានកន្លែងមួយចំនួន ដែលយុវសិស្សទាំងស្រីទាំងបុ្រសជួបជុំគ្នា។ កន្លែងទាំងនោះពេលខ្លះអាចជាកន្លែងហាងកាហ្វេ ពេលខ្លះអាចជាកន្លែងលក់នំចំណី ដែលមានតុ មានកៅអី ហើយយុវជន និងយុវតីតែងតែជួបជុំគ្នាជាប្រចាំ ដោយនៅក្នុងចំណោមពួកគេទាំង នោះ គឺមានដល់អ្នកខ្លះជក់បារីថែមទៀតផង ។
សកម្មភាពពួកគេជួបជុំគ្នាជាក្រុមៗបែបនេះ គឺហាក់ដូចជាឃើញជាប្រចាំ ដោយមួយក្រុមៗមានម៉ូតូ បី ទៅ បួនគ្រឿង ដោយយុវជនខ្លះជក់បារី ខ្លះផឹកកាហ្វេ ខ្លះផឹកភេសជ្ជៈផ្សេងៗ ខ្លះអង្គុយលេង រីឯយុវតីវិញ ទោះបីជាយើងខ្ញុំមិនដែលឃើញពួកគេជក់បារី ប៉ុន្តែលក្ខណៈ និងឫកពារ ការតុបតែងខ្លួនមិនសមជាសិស្ស ដោយពេលខ្លះមានលាបសក់ លាបក្រចក លាបមុខ លេងម៉ាស្ការ៉ា ... ដោយខុសត្រង់តែថា ពួកគេខ្លះស្លៀកពាក់ជាសិស្ស។
ការជួបជុំពួកគេពេលខ្លះនៅពេលចេញលេង ពេលខ្លះទោះជាពេលចូលរៀនហើយក៏ដោយក៏ ពួកគេមិនចូលរៀនដែរ គឺអង្គុយនៅទីនោះតែម្តង ដែលនេះហើយដែលវាចម្លែក ដែលអាជ្ញាធរ នៅក្នុងតំបន់ដែលមានទីតាំងសាលារៀនគួរតែយកចិត្តទុកដាក់ ដើម្បីកុំអោយពួកគេជ្រុលជ្រោះហើយទៅប្រពឹត្តនូវអ្វីមួយដែលនាំឲ្យពូកគេខូចអនាគត។
ក្រៅពីក្តីបារម្ភពីការប្រពឹត្តបទល្មើសផ្សេងៗហើយនោះ យើងខ្ញុំក៏បារម្ភអំពីលើសលោះនឹងគ្នា ហើយក៏ព្រួយបារម្ភអំពីសុខភាពរាងកាយរបស់ពួកគេផងដែរ ពីព្រោះការជក់បារី ផឹករបស់កំប៉ុង មួយចំនួន គឺមិនល្អដល់សុខភាពឡើយ។
សរុបមកវិញអ្វីដែលយើងខ្ញុំលើកឡើងនេះខាងលើគឺគ្រាន់តែជាការព្រួយបារម្ភទេ ប៉ុន្តែដើម្បី កុំឱ្យពួកគេខូចអនាគត យើងខ្ញុំគិតថា សមត្ថកិច្ចមូលដ្ឋានគួរតែ ធ្វើសកម្មភាព ប្រយោជន៍ឲ្យពួកគេវិលចូលសាលាវិញផង ហើយក៏រំខាន ឬរារាំងផែនការអសកម្មណាមួយ ដែលពួកគេប៉ង។ ក្រៅពីអាជ្ញាធរហើយនោះ លោកគ្រូអ្នកគ្រូ ជាពិសេសគឺអាណាព្យាបាល គួរតែឧស្សាហ៍ឃ្លាំមើលសកម្មភាពកូនៗនៅទីនោះខ្លះដែរ។ កូនយើងកូនគេ កូនបាត់ពីផ្ទះសង្ឃឹមថា កូនទៅរៀន តែបែរជាមិនរៀនមកចូលកន្លែងទាំងអស់នឹង គឺជារឿងមួយ ដូច្នេះ មាតាបីតា ក៏មានតួនាទីចូលរួមផងដែរ៕
Add new comment