អាជ្ញាធរគួរតែពង្រឹងនិងគ្រប់គ្រងអាវុធបន្ថែមទៀត !

មកដល់ពេលនេះស្ថានភាពនៃការប្រើប្រាស់អាវុធនៅកម្ពុជាពិតជាមានស្ថានភាពប្រសើរមែន ប៉ុន្តែទោះ​បីជាយ៉ាងណាក៏ដោយបាតុភាពដែលកើតឡើងដោយសារតែអ្នកដែលប្រើប្រាស់អាវុធក៏នៅតែមានជាបន្តបន្ទាប់ដែលជាចំណុចអាជ្ញាធរមានសមត្ថកិច្ចគួរតែបន្តរិតបន្តឹង ការគ្រប់គ្រងនេះឲ្យបានតឹងរ៉ឹងជាងមុខបន្ថែមទៀត ។

ប្រសិនបើយើងធៀបនឹងអ្វីៗក្រោយពេលដែលយើងបញ្ចប់សង្រ្គាមមក ស្ថានភាពគឺពិតជាប្រសើរ ប៉ុន្តែបើតាមការសង្កេតដែលបានធ្វើឡើងមួយរយៈពេលកន្លងមក យើងឃើញថា សកម្មភាពអវិជ្ជមាននៅក្នុងស​ង្គម ដូចជា​អំពើហិង្សា និងបទល្មើសផ្សេងៗ ដែលកើតឡើង ហើយមានពាក់ព័ន្ធនឹងអាវុធ គឺនៅតែមានគួ​រឲ្យកត់សំគាល់ ហើយវាគឺជារឿងដែលឆ្ងល់បន្ថែមទៀតនោះ គឺករណីដែលជនបរទេសក៏មានអាវុធកាន់ផងដែរ ដែលនេះគឺជាចំណុចគួរតែមានការពង្រឹង ការយកចិត្តទុកដាក់និងរិតបន្តឹងការគ្រប់គ្រងអាវុធអោយកា​ន់តែកាន់តែមានប្រសិទ្ធភាព។

សូមអស់លោកសមត្ថកិច្ច កុំជិះសេះលែងដៃនិងសន្តិភាពជាមួយនឹងបញ្ហានៃការគ្រប់គ្រង អាវុធឲ្យសោះ ពីព្រោះវាគឺជាយុទ្ធភ័ណ្ឌ ឬជាឧបករណ៍ដែលអាចការពារសង្គមក៏បាន និងជាឧបករណ៍បង្កបញ្ហាអណាធិប​តេយ្យនិងគ្រោះថ្នាក់ដល់សុវត្ថិភាព ស្ថិរភាព សន្តិសុខ និងរបៀបរៀបរយសង្គមដ៏ងាយស្រួល។​

ថ្មីៗនេះ យើងខ្ញុំសង្កេតឃើញថា ជនបរទេសដែលរកឃើញថា បានកាន់កាប់និងប្រើប្រាស់អាវុធ ហើយបង្កបញ្ហាអសន្តិសុខនៅក្នុងសង្គមក៏មានច្រើនករណីដែរ ហើយកន្លងមកក៏មាន ការចុះផ្សាយនៅលើបណ្តាញព័ត៌មាន ជាបន្តបន្ទាប់ រហូតដល់កើតជាសំនួរថា តើពួកគេបាន អាវុធនេះមកពីណាមក? តើពួកគេធ្វើយ៉ាងម៉េចបានជាមានអាវុធនៅក្នុងដៃមកបង្កបញ្ហាបាន? នរណាគឺជាអ្នកដែលផ្គត់ផ្គង់អាវុធនេះឱ្យទៅពួកគេ? តើពួកគេយកអាវុធនេះមកពីបរទេសឬហើយតើពួកគេនាំវាចូលដោយរបៀបណា? ទាំងនេះគឺជាសំនួរដែលសមត្ថកិច្ច គួរតែធ្វើការស្រាវជ្រាវ ស៊ើបអង្កេត ហើយបកស្រាយប្រាប់ប្រជាពលរដ្ឋផង ពីព្រោះវាអា​ច​នឹងធ្វើឲ្យពលរដ្ឋរងាបានពេលនៅជិតក្រុមជនបរទេសទាំងនេះ ។

រឿងអាវុធនេះនៅក្នុងស្រុកគេ ពលរដ្ឋគេមានសិទ្ធិទិញដូរបាន ប៉ុន្តែគេគ្រប់គ្រងបានយ៉ាងល្អប្រសើរទាំងអាវុធ ទាំងគ្រាប់ ប៉ុន្តែនៅកម្ពុជាយើងវិញ គឺនៅមិនទាន់មានការអនុញ្ញាតឲ្យមានការលក់ដូរអាវុធបានទេ ដូច្នេះសកម្មភាពទាំងអស់ដែលពាក់ព័ន្ធនឹងការទិញលក់អាវុធ គឺជារឿងខុសច្បាប់ហើយត្រូវតែបង្ក្រាបទាំងអស់។

សរុបមកវិញពលរដ្ឋយើងឆ្អែតឆ្អន់ហើយនឹងការដែលយើងឃើញវត្តមានអាវុធនិងគ្រោះថ្នាក់របស់វា ដូច្នេះសូមអស់លោកសមត្ថកិច្ច បន្តប៉ុន្តែពង្រឹងការគ្រប់គ្រងអាវុធនេះបន្ថែមមួយកម្រិតទៀត ពីព្រោះអាវុធនៅតែ​ត្រូវអាចមានភាពងាយស្រួលនៅក្នុងការជួយដូរ និងប្រើប្រាស់ដោយក្រុមនិងជនមួយចំនួនតូចដដែល៕

  

Add new comment

3 + 9 =