អាជ្ញាធរគួរតែត្រួតពិនិត្យមើលនូវសកម្មភាពគាស់កាយតាមផ្លូវនិងចិញ្ចើមផ្លូវសាធារណៈ

សកម្មភាពគាស់កាយផ្លូវដាក់នេះដាក់នោះមិនចេះស្វាង កំពុងតែកើតមាននៅសឹងតែទូទាំងរាជធានី ដោយកន្លែងខ្លះចាស់គាស់សឹងតែមិនទាន់ហើយ មានថ្មីមកគាស់ជាបន្តបន្ទាប់ ហើយពេលខ្លះមិនដឹងថា តើពួកគេនឹងធ្វើអ្វី។

នៅពេលដែលសាកសួរ បណ្តាកម្មករនិងកម្មការិនីដែលបានកំពុងតែធ្វើការកាយគាស់នេះមានពេលខ្លះ ពួកគេក៏មិនដឹងថា ពួកគេកាប់គាស់ កាត់ផ្លូវ ចិញ្ចើមមុខផ្ទះរបស់ពលរដ្ឋ វាយនេះវាយនោះជាបន្តបន្ទាប់នោះ មិនដឹងថា គេធ្វើអ្វីផងក៏មាន ដែលនេះគឺជាចំណុចមួយដែលគួរតែយកចិត្តទុកដាក់។

បញ្ហាកាប់គាស់ជាប្រចាំនេះ វាគឺជាបញ្ហាដែលកំពុងតែបង្កភាពក្តៅប្រហាយមិនតិចទេពីសំណាក់​ប្រជាពលរដ្ឋនៅក្នុងរាជធានី ដោយសារតែសកម្មភាពកាប់គាស់នេះគឺប្រពឹត្តឡើងដោយមិនស្វាងតែម្តង ហើយគ្មានផែនការច្បាស់លាស់ទេ កន្លែងខ្លះសឹងតែកាប់គាស់រាល់ខែ។

ក្រៅពីរឿងបង្កបញ្ហាធុញទ្រាន់ហើយ វាធ្វើ​ឱ្យ​សោភ័ណភាពខូច​ខាត​ថែម​ទៀត ដោយពេលខ្លះបងប្អូនប្រជាពលរដ្ឋ ខំរៀបចំមុខផ្ទះរបស់គាត់ឡើងស្អាត ប៉ុន្តែនៅពេលដែលគាស់ហើយ ភាគច្រើនគឺមើលមិនយល់។ ពេលខ្លះមានអ្នកទុកមុខផ្ទះពួកគាត់ចោលរាប់ខែ រហូតដល់ម្ចាស់ផ្ទះចេញលុយជាបន្តបន្ទាប់មកជួសជុលខ្លួនឯងក៏មានដែរ។ កន្លែងខ្លះទៀត មិនថាតែនៅមុខផ្ទះប្រជាពរលដ្ឋទេ នៅលើផ្លូវសាធារណៈនោះទៀតសោតក៏ឃើញមានបាតុភាពអវិជ្ជមានច្រើនណាស់ ដោយផ្លូវបេតុងខ្លះ ក្រោយពេល​កាប់គាស់​ កម្មករ​ទាំងនោះ​យក​​កៅស៊ូមក​អ៊ុត កន្លែងខ្លះទៀត​ផ្លូវកៅស៊ូ​តែបែរជាយកស៊ីម៉ង់មកប៉ះ  រឯកន្លែង​ខ្លះទៀត​ មិន​ចាក់​បំពេញ​ដោយ​គ្មាន​ក្បួន​ខ្នាត​ត្រឹម​ត្រូវ បណ្តាល​ឲ្យ​ខូចផ្លូវ​ជាបន្តបន្ទាប់។

ទាំងនេះគឺជាចំណុចអសកម្មដែលមួយដែលអាជ្ញាធររាជធានីគួរតែសិក្សា និង រៀបចំប្លង់មេមួយ ទាក់ទងនឹងហេដ្ឋារចនាសម្ពន្ធក្នុងរាជធានី និង​សុខភាព​សាធារណៈ។  

រដ្ឋបាល​រាជធានី ត្រូវ​ជូន​ដំណឹង​ដល់​រដ្ឋករទឹក អគ្គិសនី ក្រុម​ហ៊ុន​ទូរសព្ទ អ៊ីធើណេត និង​បណ្តាញ​ខ្សែកាប​នានា ឲ្យ​ដឹង​អំពី​ការ​ដាក់​ឧបករណ៍​របស់​ខ្លួន ឬ​ទុក​ខ្សែមេ​ដើម្បី​តបណ្តាញ​របស់ខ្លួន បើ​មិន​ដូច្នោះ​ទេ ពេល​មានតម្រូវការ​ម្តង​ ត្រូវ​ជីកកាយ​ម្តង។ ម្យ៉ាងទៀត​ការ​ដាក់​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក​ក៏​ត្រូវ​មាន​ធ្វើ​ឡើង​ដោយ​គិត​អំពី​ស្តង​ដារ​ផ្លូវ​ថ្នល់​ផង កុំ​ឲ្យ​ឲ្យ​ដូច​ចម្រៀង​ដែល​គេ​ច្រៀង ធ្វើ​លូកាយ​ផ្លូវ ធ្វើ​ផ្លូវ​កាយ​លូ ធ្វើ​យូរៗទៅ អស់​ផ្លូវ​អស់​លូ​ នេះ​អី។ ពី​ព្រោះ ការ​ធ្វើ​និង​ជួស​ជុល​ម្តង​ៗ​ត្រូវ​ការ​ប្រាក់​រាប់​ពាន់​ដុល្លារ​អាមេរិក​ ហើយ​ប្រាក់​មួយ​ចំនួន​នេះ គឺ​យើង​បាន​មក​ពី​កំចី​បរទេស និង​ញើស​ឈាម​ពលរដ្ឋក្នុង​ស្រុក​។

ការរៀបចំប្លង់មេនេះវាគឺជាការងាយស្រួលមួយនៅក្នុងការដោះស្រាយបញ្ហានៅពេលអនាគត ប៉ុន្តែចំពោះបញ្ហាចំពោះមុននេះវិញ ក្រុមហ៊ុនឬស្ថាប័នដែលចុះកាប់គាស់នេះគួរតែត្រួតពិនិត្យនិងម្ចាស់ការលើការងារ កុំទៅដល់ទីណាគេជេនៅទីនោះ ។ ពោលគឺបើទៅកាប់ទៅគាស់កន្លែងណា សូមមេត្តាប្រញាប់ប្រញាល់ ពីព្រោះនេះគឺជាការរំខានជីវភាពរស់នៅនិងចិញ្ចឹមជីវិតរបស់គេ ហើយនៅពេលដែលកាប់កន្លែងណា សូមមេត្តាធ្វើយ៉ាងណាជួសជុលកន្លែងនោះឲ្យដូចដើមវិញ​ កុំ​ឲ្យមានហើប ស្រុត និង ខូចខាត។ ដោយឡែកអាជ្ញាធរមូលដ្ឋានក៏ត្រូវតែម្ចាស់ការ ត្រួតពិនិត្យសកម្មភាពទាំងនេះ នៅក្នុងភូមិសាស្រ្តរបស់ខ្លួនដែរនៅក្នុងនាមជាអាណាព្យាបាលរបស់ពលរដ្ឋនៅក្នុងមូលដ្ឋាន។

សរុបមកវិញ អាជ្ញាធរាជធានីគួរតែរៀបប្លង់មេនិងរកដៃគូរវិនិយោគលើប្រព័ន្ធនេះឲ្យបានច្បាស់លាស់  ហើយនៅក្នុងដំណាក់កាលនេះ ក៏ត្រូវតែម្ចាស់ការត្រួតពិនិត្យឲ្យបានហ្មត់ចត់ លើកិច្ចការនេះ បើមិនដូច្នេះទេ វានឹងរលាយទាំងអស់គ្នាមិនខាន ពីព្រោះទោះ​ខំធ្វើចិញ្ចើមផ្លូវថ្មីស្អាត ផ្លូវចាក់​ឬអ៊ុតថ្មីអស់លុយ​រាប់សិបលានដុល្លារ បែរជាយកមកឲ្យគេកាប់គាស់ស្រេចតែចិត្ត​បែបនេះនោះឡើយ៕

Add new comment

6 + 0 =