អាជ្ញាធរគួរតែដោះស្រាយករណីរថយន្តក្រុងចុះចាប់ម៉ូយនៅតាមដងផ្លូវនៅរាជធានីហើយ

ចំណុចអសកម្មមួយនៅក្នុងរាជធានីបានកំពុងតែកើតមានជាថ្មីក្រោយពេលដែលប្រទេសកម្ពុជាបានប្រ​កាសបើកដំណើរការសកម្មភាពសង្គមនិងសេដ្ឋកិច្ចឡើងវិញ គឺសកម្មភាពរថយន្តក្រុងដែលមានទំហំនិងប្រវែងវែងចុះចាប់យកអ្នកដំណើរដែលភាសាសាមញ្ញថា ចុះចាប់ម៉ូយនៅតាមដងផ្លូវនានានៅរាជធានីដែលជាផ្លូវរថយន្តដឹកជញ្ជូនធុនធំទាំងនេះបានឆ្លងកាត់​ រួមទាំងមហាវិថីធំៗមួយចំនួនដោយរួមទាំងមហាវិថីព្រះមុនីវង្សផងដែរ។​

មកដល់ពេលនេះ ការដែលអាជ្ញាធរនៅតែបន្តអនុញ្ញាតឲ្យមានបេនទទួលអ្នកដំណើរនៅទីប្រជុំជននានានៅ​ក្នុងរាជធានីវាគឺជារឿងដែលបង្កបញ្ហាកកស្ទះនិងសោភ័ណ្ឌភាពមួយទៅហើយ  ប៉ុន្តែចំណុចដ៏អសកម្មមួយទៀតដែលមិនគួរតែកើតឡើងបន្ថែមទៀតនោះ គឺការដែលយានដឹកជញ្ជូនធុនធំទាំងនេះ បានមកទ​ទួ​លអ្នកដំណើរនៅតាមដងផ្លូវក្រៅបេនរបស់ខ្លួនបន្ថែមទៀត ។

ការដែលយានដឹកជញ្ជូនទាំងនេះនេះបត់ អែប និងបើកទ្វារទទួលអ្នកដំណើរនៅតាមដងផ្លូវនានានៅតាមទីប្រជុំជនក្រៅពីបង្កបញ្ហាអនាធិបតេយ្យ ខូចរបៀបរបប និងប៉ះពាល់ដល់ចរាចរណ៍ហើយនោះ វាក៏អាចបង្កបញ្ហាសុវត្ថិភាពនិងបន្ថែមកត្តាគ្រោះថ្នាក់ដល់អ្នកដំណើរផ្សេងទៀតផងដែរ ដូច្នេះសូមអាជ្ញាធរគិតគូរនិងមានវិធានការលើករណីនេះ​។

ដើម្បីសុវត្ថិភាព សោភ័ណ្ឌភាព និងរបៀបរបបសង្គម បណ្តាក្រុមហ៊ុនដឹកជញ្ជូននានា រួមទាំងអ្នកបើកបររថយន្តក្រុងទាំងនេះ ក៏គួរតែបញ្ឈប់សកម្មភាពបែបនេះបន្តទៀតទៅ ពីព្រោះថា សកម្មភាពបត់​ និងអែប វា​ពិតជាប៉ះពាល់និងបង្កបញ្ហាជាច្រើនដល់អ្នកដំណើរដទៃទៀត ហើយក្រៅពីនោះ លោកអ្នក​ដែលជាអ្នកដំណើរក៏គួរតែភ្ញាក់រលឹកហើយនាំគ្នាបញ្ឈប់សកម្មភាពឈរចាំរថយន្តក្រុងទំាងនោះមកយកនៅតាមដងផ្លូវនានាផង។ ក្រុមហ៊ុនដឹកជញ្ជូនទាំងនោះ គឺសុទ្ធតែមានទីតាំង មានបេនរបស់ពួកគេច្បាស់លាស់ សូមចំ​ណាយពេល និងស៊ោហ៊ុយខ្លះៗដើម្បីទៅតាមបេនទៅ ដើម្បីកុំឲ្យបង្ករការលំបាកដល់អ្នកដំណើរដទៃទៀត ។​

ក្រៅពីនោះសមត្ថកិច្ចនិងអាជ្ញាធរដែលពាក់ព័ន្ធនានាក៏គួរចាត់វិធានការលើករណីនេះបណ្តើរៗឲ្យហើយ បើមិនដូច្នេះទេ ទៅថ្ងៃមុខអាចមានសកម្មភាពនិងរូបភាពទាំងនេះកើតឡើងកាន់តែច្រើន នោះវាកាន់តែពិ​បាក​ដោះស្រាយ។ ក្រៅពីនោះ ប្រសិនបើអាចក៏គួរតែដល់ពេលដែលត្រូវគិតគូររៀបចំនូវស្ថានីយដឹកជញ្ជូនរបស់បណ្តាក្រុមហ៊ុនរថយន្តក្រុងទាំងនោះនៅក្រៅទីប្រជុំជនឡើងវិញហើយ ។ សម័យមុនការៀបចំស្ថា​នីយ៍បែបនេះនៅក្រៅទីប្រជុំជនវាគឺជាការលំបាក ដោយសារតែពលរដ្ឋត្រូវចំណាយសោហ៊ុយច្រើន​ នៅក្នុងការតភ្ជាប់ពីបេនដែលនៅក្រៅទីប្រជុំជនមកលំនៅដ្ឋានរបស់ពូកគេ ប៉ុន្តែនៅពេលនេះ យើងមានសេវាកម្មរថយន្តក្រុងសាធារណៈហើយ ដូច្នេះយើងគួរតែគិតគូរវា ពីព្រោះថា ទស្សនៈវិស័យមួយនេះ ក៏នឹងអាចជួយពង្រឹងសេវាកម្មដល់រដ្ឋាករដឹកជញ្ជូនរថយន្តក្រុងសាធារណៈនេះមួយកម្រិតទៀតផងដែរ ។​

សរុបមកវិញនេះយើងខ្ញុំសង្ឃឹមថា ទាំងអាជ្ញាធរនិងសេវាករដឹកជញ្ជូនរថយន្តក្រុង ព្រមទាំងអ្នកដែលពាក់ព័ន្ធនឹងមានការរៀបចំលើបញ្ហាអសកម្មទាំងនេះ ដើម្បីជាប្រយោជន៍សម្រាប់សង្គម និងលើកកំពស់របៀបរៀបរយសាធារណៈនៅក្នុងរាជធានីដែលជាបេះដូងនៃប្រទេស កម្ពុជាយើង៕

Add new comment

1 + 1 =