អនាគតបឹងតាមោកនឹងទៅជាយ៉ាងណា?

តាមសេចក្តីរាយការណ៍លើសារព័ត៌មានទាំងអនឡាញនិងបោះពុម្ពមួយចំនួនបានឲ្យដឹងថា បឹងតា មោកដែលអាចនិយាយបានថា ជាបឹងស្តុកទឹកមួយសម្រាប់​រាជធានីត្រូវបាន កាត់ច្រឹបបន្ថែមទៀតហើយក្រោយពេលដែលបឹងនេះត្រូវបានប្រកាសការពារនិងអភិរក្សទុករួចទៅហើយនោះ។

តាមសេចក្តីរាយការណ៍នោះគឺថា រាជរដ្ឋាភិបាលកាលពីថ្ងៃទី០១ខែកញ្ញាឆ្នាំ២០២០បានសម្រេចកាត់ផ្ទៃបឹងតាមោក ដែលអ្នកខ្លះហៅថា បឹងកប់ស្រូវដែលមាន​ទំហំ១៥ហិកតាចេញពីអនុក្រឹត្យបន្ថែមជាថ្មីទៀត ដើម្បីផ្តល់ជូនក្រសួង​អភិវឌ្ឍន៍ជនបទ សាងសង់អគារទីស្តីការថ្មីនៅតាមបណ្តោយមហាវិថីឈ្នះ​ឈ្នះ និងទំហំ៨ហិកតាទៀតជូនទៅបុគ្គលម្នាក់។

ទីស្តីការគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី០១ខែកញ្ញាឆ្នាំ២០២០បានជម្រាបជូនរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តាមរយៈលិខិត៧៩០ សជណ.មយ ស្តីពីកម្មវត្ថុករណីសំណើសុំគោលការអនុញ្ញាតកាត់ផ្ទៃបឹងនេះសរុបទាំងអស់ ទំហំ១៥ហិកតា ស្ថិតនៅខណ្ឌ ព្រែកព្នៅ រាជធានីភ្នំពេញ សម្រាប់សាងសង់អគារទីស្តីការក្រសួងអភិវឌ្ឍន៍។

តាមសេចក្តីជូនដំណឹងនេះគឺបញ្ជាក់ថា រាជរដ្ឋាភិបាលបានយល់​ព្រម ជាគោលការណ៍ដូចខាងក្រោម៖   កំណត់យកទីតាំងផ្ទៃបឹងតាមោកទំហំ១៥,០៣ហិកតា  ស្ថិតនៅតាម​បណ្តោយមហាវិថីឈ្នះឈ្នះ  ក្នុងសង្កាត់ព្រែក​ព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ សម្រាប់រៀបចំសាងសង់អគារទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ។

នេះគឺជាការសម្រេចកាត់តម្រឹមផ្ទៃបឹងនេះបន្ថែមទៀត ក្រោយពេលដែល​រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យ ចុះថ្ងៃទី០៣ខែកុម្ភៈឆ្នាំ២០១៦ ស្តីពីការកំណត់ផ្ទៃបឹងនេះមានទំហំ ៣.២៣៩,៧ហិកតា ប៉ុន្តែក្រោយមកក៏មានការសម្រេចកាត់ច្រឹប បន្តិចម្តងៗជាបន្តបន្ទាប់ ដោយសារតែតម្រូវការនេះ តម្រូវការនោះទាំងរដ្ឋនិងឯកជន ដែលតាមដែលយើងខ្ញុំដឹងមក គឺសូម្បីតែយោធាក៏មានពាក់ព័ន្ធនៅក្នុងការសម្រេច​កាត់ច្រឹបផ្ទៃបឹងមួយនេះផងដែរ។

បន្ទាប់ពីមានអនុក្រឹត្យការពារផ្ទៃបឹងនេះ គម្រោង​អភិវឌ្ឍន៍នានាចេះ​តែ​កើត​មាន​ឡើង ដូចជា​ កសាងផ្សារបន្លែ កាត់ច្រឹបជូនបុគ្គលដើម្បីទូទាត់សំណង​ផលប៉ះពាល់នៅកន្លែងផ្សេង ហើយក្រោយមកទៀតក៏មាន ការកាត់ច្រឹបតាម​ការស្នើសុំពីខាងក្រសួងការពារជាតិ ដល់ឥឡូវនេះគឺដល់វេនក្រសួងអភិវឌ្ឍន៍ជនបទទៀត។ ទៅថ្ងៃអនាគតមិនដឹងថា តើមានជនណា ស្ថាប័នណាចង់បានផ្ទៃបឹងនេះទៀតទេ? ដោយ​សារពេល​នេះ ផ្ទៃបឹងនេះចេះតែរួមបន្តិច​ម្តងៗ ហើយ​​បញ្ហា​ជំនន់​ទឹក​ភ្លៀង​ក៏​ចេះ​តែ​កើត​មាន​ជារៀង​រាល់​ឆ្នាំ​ដែរ។ យើង​ខ្ញុំ​មិន​ដឹង​ថា តើ​រដ្ឋាភិបាល​នឹង​ដោះ​ស្រាយ​យ៉ាងណា​ទេ?

បឹង​ជា​ច្រើន​នៅ​ក្នុង​រាជធានី​នៅ​សល់​ត្រឹម​តែ​ឈ្មោះ​តែ​ប៉ុណ្ណោះ នោះ​គឺ​ដោយសារតែការអភិវឌ្ឈន៍និងតម្រូវការមិនចេះចប់មិនចេះហើយ រីឯបញ្ហាក៏ចេះតែមានបន្ទាប់ពីការលុបបឹង លុបប្រឡាយ ទាំងអស់នេះ ដែល​នៅ​មិន​ទាន់​បាន​ដោះស្រាយនៅឡើយ។

យើងដឹងថា ការអភិវឌ្ឈន៍គឺនរណាក៏ចង់បានដែរ ប៉ុន្តែបើអភិវឌ្ឈន៍ទៅវាប៉ះពាល់ ហេតុអ្វីក៏មិន រកជម្រើសផ្សេង? ហេតុអ្វីក៏ចេះតែនាំគ្នាសម្លឹងមើលតែពីរឿងលុបបឹង លុបប្រឡាយបែបនេះ?

ការ​អភិវឌ្ឍ​យក​ស្នាដៃ អួត​អំពី​សមិទ្ធិផលតើ​បាន​ប្រយោជន៍​អ្វី? ប្រសិន​បើ​បន្សល់ទុក​រឿង​រសេមរសាម និងបញ្ហា​ជាច្រើន​ដល់​អ្នក​បន្ត​វេន ឬ​អ្នក​ជំនាន់ក្រោយ ច្បាស់​ណាស់​ពួកគេ​នឹង​រិះគន់ក៏​ព្រោះតែ​បញ្ហា និង ផលប៉ះពាល់ ដែលបានបន្សល់ទុក​ក្នុងសម័យនេះ ឲ្យ​ពួកគេ​ដោះ​ស្រាយ​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​៕

Add new comment

5 + 15 =