សំរាមគរនៅសឹងគ្រប់ទីកន្លែង

សំរាមនៅ​តែ​ជា​ក្តីកង្វល់​របស់​ពលរដ្ឋ​នៅ​រាជធានីភ្នំពេញ។

នៅ​ក្នុង​ពេល​អន្តរកាល​នៃ​ការប្រកាស​ដក​យក​ថ្លៃ​សំរាម​ចេញ​ពី​វិក័យបត្រ​អគ្គិសនី សំរាម​នៅ​រាជធានី​ភ្នំពេញ បាន​ក្លាយ​ជា​បញ្ហា​ដោយ​ទីណា​ក៏​ឃើញ​គំនរ​សំរាម​ពេញ​នៅ​មុខ​ផ្ទះ​ តាម​ផ្លូវ​សាធារណៈ​ តាម​ផ្សារ តាម​ដេប៉ូ​លក់​ដូរ​នានា សំរាម​បាន​បង្ក​ជា​ក្លិន​ស្អុយ ឆ្អេះ​ឆ្អាប ពិបាក​នឹង​ទទួល​បាន បើ​និយាយ​អំពី​សោភ័ណ​ភាព​ទីក្រុង​វិញ​នោះ គឺ​ពិបាក​ទទួល​យក​តែ​ម្តង។

 

នៅ​ក្នុង​ខណៈ​ពេល​ដើម​ឆ្នាំ​នេះ សំរាម​នៅ​រាជធានី​យើង មាន​វិបត្តិ​ដោយសា​រតែ​ក្រុម​ហ៊ុន ស៊ីនទ្រី អសមត្ថភាព​មិន​អាច​ប្រមូល​បាន​ទាន់​ពេល​វេលា ខណៈ​ដែល​វា​បាន​កើន​ឡើង ពោល​គឺ​ប្រមាណ​ជា ៣០០០ ទៅ ៤០០០ តោន​ឯណោះ​នៅ​ក្នុង​មួយ​ថ្ងៃ ។ ដោយ​សារ​ការកើន​ឡើង​ច្រើន​បែប​នេះ ទើប​បណ្តាល​ឲ្យ​ក្រុមហ៊ុន​នេះ មិន​អាច​ឆ្លើយ​តប​បាន​ទាន់​ពេល​វេលា រហូត​ដល់​កន្លែង​ខ្លះ ត្រូវ​នៅ​សេស​សល់​សំរាម​គរ​នៅ​តាម​មុខ​ផ្ទះ របស់​ប្រជាពល​រដ្ឋ រហូត​ដល់​មាន​ការត្អូញ​តែ្អរ។

 

នៅ​មុន​ដំណាច់​ឆ្នាំ ប្រមាណ​ជា​ប៉ុន្មាន​ខែ ប្រមុខ​រាជ​រដ្ឋាភិបាល ក៏​បាន​វះ​កាត់​ដោយ​ប្រកាស​បញ្ឈប់ ក្រុមហ៊ុន​ស៊ីនទ្រី មិន​ឲ្យ​ភ្ជាប់​វិក័យប័ត្រ​សំរាម​ជាមួយ​វិក័យប័ត្រ​អគ្គិសនី និង ឈាន​ទៅ​រៀប​ចំ​ដំណើរ​ការ​នូវ​ស្ថាប័ន​មួយ គឺ រដ្ឋាករ​ស្វ័យ​យ័ត​គ្រប់​គ្រង​សំរាម​ក្នុង​រាជ​ធានី​ភ្នំពេញ។  មុន​ពេល​មាន​ក្រុមហ៊ុនស៊ីនទ្រី ស្ថាប័ន​នេះ គឺ​មាន​និង​ដំណើរការ ប៉ុន្តែ​ក្រោយ​មក នៅ​ពេល​ដែល​មាន​ក្រុមហ៊ុន ស៊ីនទ្រី មិន​សូវ​មាន​សកម្មភាព ទើប​ឮ​ឈ្មោះ​ឡើង​វិញ។

 

នៅ​ក្នុង​អន្តរ​កាល​នៃ​ការអសមត្ថភាព​របស់​ក្រុម​ហ៊ុន​ស៊ីនទ្រី ដែល​រាជ​រដ្ឋាភិបាល​បាន​ប្រគល់​សិទ្ធិ​ឲ្យ ប្រមូល​សំរាម​នៅ​រាជធានី រយៈ​កាល​កន្លង​មក បច្ចុប្បន្ន និង អន្តរកាល​នៃ​ការរៀបចំ​ដំណើរការ​គ្រប់គ្រង​សំរាម​ដោយ​អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ នៅ​តែ​បន្ត​មាន​បញ្ហា។

ទាំង​នេះ​គឺ​ជា​សាវតា​ត្រួស​ៗ​អំពី​បញ្ហា​សំរាម​នៅ​រាជធានី​ភ្នំពេញ​យើង ដូច្នេះ​នៅ​ក្នុង​សម័យ​កាល​អន្តរ​កាល​នេះ យើង​ខ្ញុំ​ជា​ប្រជា​ពលរដ្ឋ និង ជា​សមាជិក​សង្គម ហើយ​ក៏​ជា​អ្នក​ដែល​ចូល​រួម​បង្កើត​សំរាម សំណូម​ពរ​ឲ្យ​ទាំងអស់​គ្នា រួមគ្នា​គិត​គូរ​បញ្ហា​នេះ យើង​សិក្សា​រក​ផ្លូវ រក​វិធី​សាស្រ្ត រក​វិធាន​ការ​ឆ្លើយ​តប​នឹង​បញ្ហា​នេះ​ឲ្យ​បាន​ជា​វិជ្ជមាន ។

 

ក្រុម​ហ៊ុន​ស៊ីនទ្រី សូម​កុំ​អាក់​អន់​ស្រពន់​ចិត្ត​អី សូម​ប្រឹង​ប្រែង​បំពេញ​ការងារ ពីព្រោះ​ក្រុម​ហ៊ុន​នៅ​តែ​មាន​តួនាទី​សំខាន់​នៅ​ឡើយ ហើយ​យើង​ខ្ញុំជឿ​ថា ទោះ​បី​ជា​ក្រុមហ៊ុន​នេះ​ត្រូវ​បាន​រាជ​រដ្ឋាភិបាល​ដក​សិទ្ធិ​ខ្លះ​ក៏​ពិត​មែន ប៉ុន្តែ​បើ​សិន​ជា​រាជ​រដ្ឋាភិបាល បាន​មើល​ឃើញ​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​ក្រុមហ៊ុន ប្រហែល​ជា​ឱកាស​សម្រាប់​បន្ត​ប្រតិបត្តិការ​ទៅ​មុខ​ទៀត។

 

ដោយ​ឡែក​បង​ប្អូន​កម្មករ​ប្រមូល​សំរាម ទោះបី​ជា​ការងារ​នេះ​សង្គម​និង​មជ្ឈដ្ឋាន​ខ្លះ​មិន​ឲ្យ​តម្លៃ ប៉ុន្តែ​យើង​ខ្ញុំ​និង សមាជិក​សង្គម​ដទៃ​ទៀត ដែល​មាន​ការ​យល់​ដឹង គឺ​នៅ​តែ​គោរព​និង​ផ្តល់​តម្លៃ​ដល់​ការងារ​របស់​បង​ប្អូន។ ចំពោះ​ប្រជា​ពលរដ្ឋ​ទូទៅ​វិញ សូម​ចូល​រួម​រក្សា និង​វេចខ្ចប់​​សំរាម​នេះ ឲ្យបានត្រឹម​ត្រូវ ដោយ​ចេះ​រៀន​សូត្រ​ញែក​សំរាម  រវាង​សំរាម​សំណល់​ពី​ផ្ទះ​បាយ សំរាម​ប្លាស្ទិក សំរាម​ជា​របស់​ដែល​អាច​កែច្នៃ​ឡើង​វិញ​បាន​ទុក​ដាក់​ឲ្យ​បាន​សមរម្យ​ទៅ​តាម​កន្លែង​ដែល​មាន។ សរុប​សេចក្តី​មក បញ្ហាសំ​រាម​ជា​បញ្ហា​របស់​យើង​ទាំង​អស់​គ្នា ដូច្នេះ​គួរ​តែ​រួប​រួម​គ្នា​ដោះស្រាយ​វា​ឲ្យ​ខាន​តែ​បាន ៕

Add new comment

10 + 10 =