សំណុំរឿងឃាតកម្ម សមត្ថកិច្ចសូមជួយរកយុត្តិធម៌ឲ្យហ្មត់ចត់

អំពើឃាតកម្មដ៏សាហាវៗបានកើតឡើងផ្ទួនៗគ្នានៅក្នុងរាជធានីភ្នំពេញដែលជាបេះដូង និងជាមជ្ឈ​មណ្ឌ​លនយោបាយ សង្គម វប្បធម៌ ពាណិជ្ជកម្ម និង ប្រវត្តិសាស្រ្តនៃព្រះរាជាណាចក្រកម្ពុជានៅចុងខែសីហា និង ដើមខែ កញ្ញា នេះ។

អំពើឃាតកម្មដែលគួរឲ្យកត់សំគាល់ហើយវាបានកើតមានឡើងថ្មីៗនេះ គឺមាន៤ករណី ក្នុងចំណោមនោះមានបីករណីគឺត្រូវបានគេដឹងនិងសន្និដ្ឋានថា រកឃើញជនសង្ស័យ តែមួយករណីចុងក្រោយគឺទំនងដូចជាមិនទាន់ដឹងនៅឡើយទេ។

ករណីទាំងនេះមានដូចជាករណីឪពុកសម្លាប់កូនស្រីបីនាក់ ហើយបានរត់ទៅចងកខ្លួនឯង​សម្លាប់ខ្លួន គ្រាន់តែដោយសារតែរឿងទំនាស់នៅក្នុងគ្រួសារ។ នេះគឺជាសោធនាដកម្ម មួយសម្រាប់គ្រួសារនេះ និងជាករណីដែលគួរតែសិក្សាឲ្យបានស៊ីជម្រៅរកមូលហេតុពិតប្រាកដ ដើម្បីបង្ការកុំឲ្យកើតមានករណីបែបនេះកើតមានឡើងជាថ្មី។ បើមិនដូច្នេះទេ វាគឺជាសោដនា កម្មសម្រាប់សង្គមនៅពេលអនាគតមិនខានឡើយ។ សមត្ថកិច្ចគួរតែសិក្សាលំអិត ជាជាងបញ្ចប់រឿងក្តីត្រឹមតែការសន្និដ្ឋានសរុបខ្លីៗបែបនេះ។

ករណីមួយទៀតគឺករណីបុរសជាអតីតសង្សារចាក់សម្លាប់ស្រ្តីជាសង្សាររបស់ខ្លួនរហូតដល់ស្លាប់ នៅលើផ្លូវសាធារណៈកណ្តាលវាល ហើយរត់ទៅចងករសម្លាប់ខ្លួនតាមក្រោយនៅវត្ត។ នេះក៏ជាករណីឃាតកម្មដ៏រន្ធត់និងសាហាវមួយផងដែរ ដែលមនុស្សហ៊ានលើកដៃសម្លាប់គ្នានៅកណ្តាលផ្លូវសាធារណៈ ដោយសារតែក្តីស្រលាញ់ ដោយខាងស្រីសុំបែក មិនព្រមផ្សះផ្សារក្រោយខាងប្រុសខិលខូចស្នេហ៍មិនស្មោះលួចមានអ្នកថ្មី។

រឿងនេះសូមចែករំលែកថា ក្តីស្រលាញ់ គឺជារឿងសភាវគតិរបស់មនុស្ស ប៉ុន្តែសូមយុវវ័យទាំងអស់កុំយកស្នេហ៍ទៅដឹកមុខ ហើយឈានទៅសម្រេចចិត្តធ្វើរឿងឃាតកម្មដ៏រន្ធត់បែបនេះ។ សូមប្រើប្រាស់ក្តីស្រលាញ់គឺជាការតស៊ូ អត់ធ្មត់ ជំនះ និង ស្មោះត្រង់។

ករណីមួយទៀតគឺករណីកូនប្រុសសម្លាប់ម្តាយ ដោយសារតែកូនប្រុសរូបនោះមានជំងឺពាក់ព័ន្ធនឹងខួរក្បាល។ រឿងនេះគឺជារឿងអកុសលមួយ សម្រាប់បុរសជនសង្ស័យជាកូនប្រុស និង ស្រ្តីជាម្តាយ ដោយសារតែនេះគឺជាកំហុសនៃជំងឺ។ ប៉ុន្តែវាគឺជាបទពិសោធន៍សម្រាប់គ្រប់គ្នា កាលណាមាននរណាមានបញ្ហាទាក់ទងនឹងខួរក្បាលឬសរសៃប្រាសាទ សូមរួសរាន់ស្វែងរកការព្យាបាលតាមវេជ្ជសាស្រ្ត និងយកចិត្តទុកដាក់ បើមិនដូច្នេះទេ ជំងឺនឹងអាចធ្ងន់ធ្ងរ រីករាលដាលបណ្តាលឲ្យកើតមានសោដនាដកម្មបែបនេះ។ រឿងឃាតកម្មបែបនេះ ឧស្សាហ៍ជួបណាស់ ដូច្នេះសូមសង្គមយកចិត្តទុកដាក់ករណីនេះផង។

រឿងចុងក្រោយគឺជារឿងឃាតកម្មលើយុវតីម្នាក់ ដែលប្រភពខ្លះថា មានវ័យ១៤ ខ្លះ ១៥ ខ្លះថា ១៦ឆ្នាំ ដែលត្រូវជនសង្ស័យសម្លាប់ទាំងអាក្រាតកាយ នៅក្នុងថ្លុកឈាមនៅនឹងកន្លែងដែលខ្លួនស្នាក់នៅជាមួយនឹងគ្រួសារ។ ករណីនេះគឺជាករណីដែលសមត្ថកិច្ចត្រូវតែដុតដៃដុតជើងបំបែបសំណុំឲ្យបាន ពីព្រោះឃាតករនៅមិនទាន់មានសញ្ញាថា ជានរណានៅឡើយទេ។

សរុបសេចក្តីមកទាំងនេះគឺជារឿងឃាតកម្មដ៏រន្ធត់ដែលបានកើតមានឡើងនៅក្នុងរាជធានី ភ្នំពេញនៅក្នុងខែ សីហា និងខែ កញ្ញា ហើយនៅក្របខណ្ឌទូទាំងប្រទេសអាចនៅមានករណីបែបនេះថែមទៀតក៏អាចថាបាន គ្រាន់តែយើងនៅមិនទាន់មានព័ត៌មានក៏ថាបាន ប៉ុន្តែទោះជាមានឬមិនមានបន្ថែមយ៉ាងណាក៏ដោយក៏យើងខ្ញុំមានពាក្យមួយចំនួនចង់និយាយគឺថា រឿងអ្វីក៏​ដោយ គឺសូមកុំប្រញាប់សន្និដ្ឋានដើម្បីបញ្ចប់សំណុំរឿង សូមអស់លោកសមត្ថកិច្ចធ្វើការស៊ើប​អង្កេតឲ្យបានស៊ីជម្រៅ សិក្សាករណីនីមួយៗឲ្យបានហ្មត់ចត់ប្រយោជន៍គឺអាចឲ្យជនរងគ្រោះទទួលបាននូវយុត្តិធម៌ពិតប្រាកដ ហើយបង្ការកុំឲ្យសមត្ថកិច្ចទៅបង្កើតបញ្ហាដល់អ្នកដទៃ​ដែលមិនពាក់ព័ន្ធ។ ឃាតកម្មគឺជាអំពីឧក្រិដ្ឋដែលច្បាប់និងសង្គមមិនអាចអត់ឱននិងអធ្យាស្រ័យបានឡើយ៕

 

Add new comment

5 + 8 =