សេចក្តីលោភលន់ គឺជាសេចក្តីឆោតល្ងង់ហើយនឹងនាំមកនៅគ្រោះថ្នាក់ !

សព្វថ្ងៃនេះមធ្យោបាយបោកប្រាស់មានច្រើនប្រភេទ ច្រើនសណ្ឋាន ហើយមានមួយចំនួនក៏ឈានរហូតដល់បោកប្រាស់តាមបណ្តាញសង្គមថែមទៀតផង ដូច្នេះសូមហាត់ពត់លត់ដំ ​ដុសខាត់សេចក្តីលោភលន់ហួសព្រំដែននេះ។​

ដោយសារតែសេចក្តីលោភនេះ មនុស្សមួយចំនួនបានប្រើប្រាស់វា ជាធ្នាក់ដើម្បីបានប្រយោជ​ន៍ របស់ពួកគេ ដូច្នេះហើយសូមទាំងអស់គ្នាយកចិត្តទុកដាក់នឹងមានការប្រុងប្រយ័ត្នឲ្យបានគ្រប់ៗគ្នា បើមិនដូច្នេះទេ នោះយើងនឹងក្លាយជាជនរងគ្រោះ អស់ទាំងទ្រព្យ អស់ទាំងកិត្តិយស ហើយថែមទាំងខាតបង់ពេលវេលា ព្រមទាំងឈឺចិត្តនិងភាពឆោតល្ងង់របស់យើងថែមទៀតផង។

ល្បិចដែលគេបានប្រើប្រាស់ដើម្បីបោកប្រាស់យើងទាំងអស់គ្នា គឺមានរាប់សិបប្រភេទ ប៉ុន្តែជាទូទៅចរឹកលក្ខណៈនៃការបោក គឺគេយកលុយ យកវត្ថុមានតម្លៃ យកវត្ថុណាមួយដែលយើងចង់បាន អ្នកដែលយើងស្រឡាញ់ ជាធ្នាក់ ដោយ​ក្លែង​បន្លំ ជាបង ជាឪពុកម្តាយ ជាកូន ឲ្យផ្ញើឬឲ្យយកវត្ថុមានតម្លៃទៅឲ្យពួកគេជាដើម។ មធ្យោបាយនេះ​ ពេលខ្លះជនខិលខូចមកផ្ទាល់ ប៉ុន្តែមួយរយៈក្រោយនេះ គឺច្រើនតែតេតាមទូរសព្ទ តាមបណ្តាញសង្គម ពីព្រោះវាមានភាពងាយស្រួល ហើយគួបផ្សំនឹងកត្តាសុវត្ថិភាពសម្រាប់ពួកគេផងដែរ ដោយធ្វើជាប្រាប់យើងពីបំណងល្អ ថាអ្នកនេះអ្នកនោះជួបគ្រោះថ្នាក់ឬមានបញ្ហានេះ បញ្ហានោះ ដោយចាំបាច់ប្រើប្រាស់លុយ ហើយឲ្យផ្ញើឬវេរលុយដល់ពួកគេ។

អ្នកខ្លះទៀត គឺបានមកប្រាប់យើងថា បានឈ្នះរង្វាន់នេះរង្វាន់នោះ ឬឈ្នះឆ្នោតហើយដើម្បីជាថ្នូរទាល់តែយើងផ្ញើប្រាក់ឲ្យគេរត់ការមុនសិន។ ក្រៅពីនោះទៀត ក៏មានជនខិលខូចខ្លះទៀត ដើរតួនាទីជាអ្នកមនុស្សធម៌ដើរជួយនេះជួយនោះ ដល់ពេលយើងស្គាល់ យើងទុកចិត្ត ក៏ចាប់​ផ្តើម​បញ្ចេញ​សកម្មភាព​ ដោយថា ខ្លួនមានលុយ តែភ្លេចបែបនេះបែបនោះ សូមឲ្យយើងជួយផ្ញើលុយឲ្យពួកគេសិន នៅពេលពួកគេរួចដៃ ក៏ទើបពួកគេសងវិញ។

ជនខិលខូចខ្លះទៀតយក របស់មានតម្លៃ ជាលុយ ជាមាស ជាប្រាក់ ផ្ញើមកយើង ហើយក៏រកហេតុផលនេះហេតុផលនោះ ធ្វើយ៉ាងណាឲ្យយើងចំណាយលុយរបស់យើងទៅឲ្យពួកគេ។ ដូច្នេះកាលណាតែយើងលង់តាមពួកជនខិលខូចទាំងនេះ គឺច្បាស់ជាខាតបង់មិនខានឡើយ។ ក្រៅពីនោះ បើនិយាយអំពី ល្បិចចាស់គំរិលមួយទៀត​គឺល្បិចទម្លាក់យោង ដោយយកកញ្ចប់វត្ថុមានតម្លៃក្លែងក្លាយ ទម្លាក់នៅកន្លែងណា មួយ ហើយបបួលចែកគ្នា ដោយយករបស់យើងតិចតួចដូរយករបស់ដែលពួកគេរើសបានធំនោះ។ ល្បិចនេះ​នៅតែមានអ្នកដែលរងគ្រោះនៅឡើយទេ។​

សរុបមកវិញ សូមមានការប្រុងប្រយ័ត្ន ជាពិសេសគឺការចំណាយនិងឱ្យវត្ថុមានតម្លៃទៅនរណាម្នាក់ដែលយើងមិនស្គាល់ ហើយគ្រប់គ្នាត្រូវតែចងចាំថា គ្មាននរណាម្នាក់ឱ្យប្រាក់ ឱ្យវត្ថុមានតម្លៃមកយើង ដោយយើងមិនបានធ្វើការឬក៏​បញ្ចេញញើស បញ្ចេញពលកម្មឲ្យគេនោះទេ។​ សូមប្រុងប្រយ័ត្ន សេចក្តីលោភលន់ ចង់បានហួសសមត្ថភាព គឺតែងតែនាំមកនៅសេចក្តីអន្តរាយនិងការខាតបង់៕  

Add new comment

3 + 16 =