សូមសមត្ថកិច្ចអនុវត្តកុំឱ្យលើស ហើយអ្នកដែលល្មើសសូមកុំព្រហើន!

តាមការផ្សព្វផ្សាយនៅលើបណ្តាញសង្គមនិងសារព័ត៌មានមួយចំនួនកាលពីពេលថ្មីៗនេះ  បានឲ្យដឹងថា ស​មត្ថកិច្ចបានសម្រេចធ្វើការកែសម្រួលការរឹតបន្តឹងការអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកមួយចំនួន ដូ​ច្នេះយើងខ្ញុំសង្ឃឹមថា សមត្ថកិច្ចជំនាញនឹងអនុវត្តកុំឱ្យលើស ហើយអ្នកដែលល្មើសក៏សូមកុំព្រហើន ពី​ព្រោះកាលណាយើងព្រហើន គ្រោះថ្នាក់គឺខ្លួនយើង ហើយក៏អាចបណ្តាលឲ្យប៉ះពាល់ដល់អ្នកដទៃផងដែរ ។

បើតាមការចុះផ្សាយនោះបានឲ្យដឹងថា ពាក់ព័ន្ធបទល្មើសចរាចរណ៍របស់រថយន្តកន្លងមកមាន ៩ចំនុច ប៉ុន្តែសមត្ថកិច្ចបានសម្រេចធ្វើការកែសម្រួលបន្តិចពោលគឺ ៥ ចំណុច ផ្តោតលើការអប់រំ ហើយផាកពិន័យវិញនោះ គឺមាន៤ចំណុច។ ចំណុចល្មើសដែលនឹងត្រូវអប់រំនោះ គឺមាន ទី១.បើកបរមិនគោរពភ្លើងសញ្ញា និងផ្លាកសញ្ញា, ទី២.ល្មើសបទ បើកបរវ៉ាជែង, ទី៣.បើកបរ មិនពាក់ខ្សែក្រវ៉ាត់, ទី៤.ការដឹកលើសចំណុះ ដោយបញ្ជាក់ថា ប្រសិនបើដឹក លើសចំណុះ គឺសូមឲ្យរើទម្លាក់ តាមច្បាប់, និង ទី៥.ការប្រើប្រាស់ទូរស័ព្ទ​ នៅក្នុងពេលបើកបរ។

ដោយឡែកបទល្មើស៤ ចំណុចដែលត្រូវផាកពិន័យលើអ្នកបើកបររថយន្តនោះ គឺមាន៤ ដែលរួមមាន៖ ទី១.បើកបរលើសល្បឿន, ទី២.បើកបរស្រវឹង, ទី៣.គ្មានបណ្ណបើកបរ,  និង ទី៤.គ្មានបណ្ណសម្គាល់ គ្មានផ្លាកលេខ ។

ការផ្សព្វផ្សាយនោះ ក៏បានបន្តឲ្យដឹងទៀតផងដែរថា ចំពោះបទល្មើសម៉ូតូមាន ៧ចំណុច ដោយចំណុចដែលយកមកអប់រំ មាន៤ចំនុច និងផាកពិន័យមាន ៣ចំណុច។  ចំណុចដែលត្រូវអប់រំ រួមមាន៖ទី១.បើកបរមិនគោរពភ្លើងសញ្ញា និងផ្លាកសញ្ញា, ទី២.ល្មើសការបត់ និងវ៉ាជែង, ទី៣.ការប្រើប្រាស់ទូរស័ព្ទ, ៤.គ្មានកញ្ជក់ឆ្លុះមើលក្រោយ។

ដោយឡែកចំណុចដែលផាកពិន័យ មាន៣ចំណុចរួមមាន៖ ១.មិនពាក់មួកការពារសុវត្ថិភាព  តែចំណុចនេះត្រូវចេះបត់បែនតាមកាលៈទេសៈ ក៏ដូចជាធ្វើការអប់រំ ប្រសិនករណីពួកគាត់ពុំមានប្រាក់បង់ពិន័យនៅតាមបណ្ដារាជធានី-ខេត្ត ដាច់ស្រយាល, ទី២.បើកបរស្រវឹង និង​,ទី៣.អត់ផ្លាកលេខ។​

ផ្អែកការចុះផ្សាយនេះ យើងឃើញថា សមត្ថកិច្ចជំនាញចរាចរណ៍មានការសម្របសម្រួលច្រើន ក្រោយពេលដែលបានពង្រឹងនឹងបានអនុវត្តមួយរយៈកន្លងមក ដូច្នេះបងៗសមត្ថកិច្ច គួរតែអនុវត្តចំណុចទាំងនេះឲ្យបានម៉ឺតម៉ាត់ និងម៉តចត់ ហើយនៅពេលដែលអនុវត្តសូមកុំឲ្យលើសលួស  ដោយឡែកយើងជាប្រជាព​លរដ្ឋក៏កុំព្រហើនដែរ ជាពិសេសគឺចំណុចដែលពាក់ព័ន្ធនឹងរឿងអប់រំ។

កុំអាងតែសមត្ថកិច្ចលែងផាក ដោយដាក់ត្រឹមអប់រំ យើងព្រហើនឲ្យសោះ  ពីព្រោះចំណុច ដែលពាក់ព័ន្ធនឹងអប់រំ ទាំងរថយន្តនិងម៉ូតូ គឺសុទ្ធសឹងតែជាចំណុច ដែលកន្លងមកជាកត្តាដែលបានរួមចំណែកដ៏ចំបងដល់គ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេស៕

Add new comment

1 + 12 =