សូមបន្តប្រុងប្រយ័ត្ននឹងបញ្ហាអាកាសធាតុ

កុំគិតថា ខែវិច្ឆិកាមកដល់ទៅ ស្ថានភាពអាកាសធាតុនៅកម្ពុជានឹងមានស្ថានភាពប្រសើរណា ពីព្រោះតែបម្រែបម្រួលអាកាសធាតុ ក្រសួងធនធានទឹកនិងឧតុនិយមបានរំលឹករួចហើយថា ស្ថានភាពអាកាសធាតុអាប់អួរអាចនឹងបន្តអូសបន្លាយបន្ថែមរហូតដល់ខែ ធ្នូ។ ​

ពាក់ព័ន្ធនឹងបញ្ហាអាកាសធាតុនេះ អ្នកជំនាញនៅក្រសួងធនធានទឹកនឹងឧតុនិយម បានអះអាងថា ដោយសារសម្ពាធទាបតូចៗបន្តកើតមានជាបន្តបន្ទាប់នៅក្នុងសមុទ្រចិនខាងត្បូងនិងនៅក្នុងឈូងសមុទ្រថៃ បូករួមនឹងវិសម្ពាធឬកូនព្យុះមួយចំនួនទៀតដែលកើតមាននៅក្នុងតំបន់។ កម្ពុជានិងប្រទេសនៅក្នុងតំបន់អាចនឹងបន្តទទួលរងភ្លៀងធ្លាក់រាយប៉ាយថែមទៀតចាប់តាំងពីចុងខែវិច្ឆិកា នេះតទៅរហូតដល់ ខែធ្នូ ដែលនេះគឺជាបញ្ហាដែលយើងត្រូវតែប្រុងប្រយ័ត្ន និង បញ្ហាផ្សេងៗ ដោយរួមទាំងបញ្ហាសុខភាពផងដែរ ។ ​

អ្នកជំនាញរបស់ក្រសួងធនធានទឹកនិងឧតុនិយមបានអះអាងថា ចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកាដល់ ដំណាច់ខែវិច្ឆិកាឆ្នាំ​២០២២ ភ្លៀងនៅតែបន្តមានធ្លាក់រាយប៉ាយស្ទើររាល់ថ្ងៃ ជាពិសេសចាប់ពីត្រឹមខេត្តត្បូងឃ្មុំ កំពង់ចាម កំពង់ឆ្នាំងចុះទៅត្បូងរហូតដល់តំបន់មាត់សមុទ្រដោយសារ សារសម្ពាធទាបតូចៗបានឆ្លងពីសមុទ្រប៉ាស៊ីហ្វិកចូលមកក្នុងសមុទ្រចិនខាងត្បូងនិងនៅក្នុងឈូងសមុទ្រថៃ។

ខណៈដែលជា ធម្មតាសម្ពាធខ្ពស់ចូលដល់ខែនេះ គឺបានរុញចុះមកជាមួយនឹងខ្យល់មូសុងឦសានខ្លាំងម្តងៗ តែនៅឆ្នាំនេះជ្រលងសម្ពាធខ្ពស់ មិនទាន់ឃើញមានរុញចុះមកនៅឡើយទេហើយនៅដើមខែធ្នូខាងមុខអាចនឹងមានវិសម្ពាធឬព្យុះកើតមានថែមទៀតនៅក្នុងសមុទ្រចិនខាងត្បូងដើរចូលមកកៀកឆ្នេរវៀតណាម ខាងត្បូង ទើបអាចធ្វើឱ្យមានភ្លៀងធ្លាក់រាយប៉ាយបន្ថែមមកទៀត។​

ជាមួយនឹងបាតុភូតធម្មជាតិនេះតំបន់វាលទំនាបកណ្តាលអាចមានសីតុណ្ហភាពអប្បបរមាពី២៣ទៅ២៥អង្សាសេ  សីតុណ្ហភាពអតិបរមា មានពី៣២ទៅ៣៤អង្សាសេ ហើយភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរលាយឡំទៅដោយផ្គររន្ទះនៅលើផ្ទៃសមុទ្រមានខ្យល់បក់បោកខ្លាំងនិងរលកសមុទ្រខ្ពស់ៗ សូមប្រុងប្រយ័ត្នជាពិសេស គឺបញ្ហាសុខភាព ខណៈដែលពេលនេះ ជំងឺគ្រុនផ្តាសសាយ និង ជំងឺដែលបណ្តាលមកពីអាកាសធាតុប្រែប្រួលដោយរួមទាំងមេរោគកូវីដ ១៩ អាចនឹងវាយលុកខ្លាំង សូមលើកកំពស់ការប្រុងប្រយ័ត្ន ដោយទៅណាមកណា ត្រូវមានឆ័ត្រ មានអាវភ្លៀង ការពារខ្លួន ហើយក៏កុំភ្លេចរឿងម៉ាស ផងដែរ ។ ​

សរុបមកវិញ យើងមិនមានបន្លាចទេ តែជាការជូនដំណឹង និង​ជាការពញាក់ដើម្បីឲ្យទាំងអស់គ្នាលើកកំពស់ការប្រុងប្រយ័ត្នប្រយោជន៍សម្រាប់យើងទាំងអស់គ្នាអាចការពារខ្លួនពីបញ្ហាផ្សេងៗដែល អាចកើតមានជាយថាហេតុ នៅក្នុងអំឡុងដែលយើងត្រូវឆ្លងកាត់ស្ថានភាពអាកាសធាតុបែបនេះបន្តទៀត៕

 

Add new comment

3 + 9 =