សូមត្រៀមខ្លួនសម្រាប់ប្រតិបត្តិក្រោយថ្ងៃ ៥ខែឧសភា

ឱសាន្តវាទនៃការបិទខ្ទប់រាជធានីនិងក្រុងតាខ្មៅដោយសារតែការរីករាលដាលនៃមេរោគកូវីដ ១៩ នៅក្នុងសហគមន៍ដ៏អាក្រក់បំផុតជាលើកដំបូងនៅកម្ពុជានឹងត្រូវដល់នៅថ្ងៃទី ០៥ ខែឧសភា ខាងមុខនេះ ប៉ុន្តែមកដល់ពេលនេះមិនដឹងថា តើរាជរដ្ឋាភិបាលនិងអាជ្ញាធរដែលពាក់ព័ន្ធនឹងសម្រេចយ៉ាងណានោះទេ ?

គិតត្រឹមថ្ងៃទី០៥ ខែឧសភា ខាងមុខនេះ គឺរាជរដ្ឋាភិបាលនិងអាជ្ញាធរបានពន្យារពេលបិទខ្ទប់រាជធានីនិង ក្រុងតាខ្មៅមួយសប្តាហ៍ ប៉ុន្តែតំាងពីឆ្លងមកដល់ពេលនេះ គឺករណីឆ្លងនៅតែកើនឡើងជាបន្តបន្ទាប់ ដោយតួលេខបានបង្ហាញឡើងចុះៗដោយគ្មានសញ្ញាថមថយឡើយ ខណៈដែលពលរដ្ឋដែលជាប់នៅក្នុងការ បិទខ្ទប់ក៏កំពុងតែខ្សោះខ្លួន ខ្សោះធនធាន អត់ប្រាក់ចំណូល ដោយមួយថ្ងៃៗគិតតែពីចំណាយសព្វសារពើ តាំងពីទឹក ភ្លើង ហើយអ្នកខ្លះរហូតដល់ថ្ងៃជួលផ្ទះ ម្ហូបអាហារនោះសំណាងបន្តិចដោយថ្លៃស្បៀងអាហារ មិនសូវជាឡើងថ្លៃលើកលែងតែថ្ងៃផ្អើលម្តងៗ ។

តាមការសង្កេតលើរបាយការណ៍ដែលផ្សព្វផ្សាយដោយអាជ្ញាធរបានអះអាងថា ការឆ្លងជាសហគមន៍គឺ នៅតែខ្លាំង ប៉ុន្តែជាទូទៅគឺឆ្លងនៅកន្លែងដែលកន្លែងដែលឆ្លង សូម្បីតែនៅតំបន់ក្រហម ដែលមានករណីឆ្លងខ្លាំងនោះ កន្លែងដែលមានសុវត្ថិភាពគឺនៅតែបន្តមានសុវត្ថិភាព រីឯកន្លែងដែលឆ្លងខ្លាំងគឺនៅតែឆ្លងខ្លាំង ជាពិសេសគឺកន្លែងផ្ទះជួលរបស់កម្មករដែលមានមនុស្សរស់នៅច្រើន សង្កាត់អ្នកក្រីក្រ សហគមន៍អ្នកផ្សារ និង កម្មកររោងចក្រ ។

មកដល់ពេលនេះដើម្បីទប់ស្កាត់នូវការរីករាលដាលនៃមេរោគកូវីដ ១៩ ទាំងអាជ្ញាធរនិងពលរដ្ឋគឺកាន់តែខ្សោះដូចគ្នា ប៉ុន្តែតួលេខនៃការឆ្លងឡើងរហូតដល់១៤.៥២០ នាក់ ហើយ អ្នកស្លាប់ក៏ឡើងដល់ ១០៣ នាក់ ខណៈដែលអ្នកជានិងអ្នកដែលឆ្លងថ្មីមិនសមតុល្យគ្នាទៀត ។ នេះគឺជាហានិភ័យមួយ បើយើងផ្អែក តាមតួលេខដែលកត់ត្រា ត្រឹមថ្ងៃទី ០២ ខែ ឧសភា កន្លងទៅ ប៉ុន្តែករណីដែលឆ្លងខ្លាំងគឺមានតំបន់តូចៗ ដែលមានមនុស្សកុះករឬតង់ស៊ីតេប្រជាជនខ្ពស់ ដោយឡែកករណីឆ្លងនៅតំបន់ផ្សេងគឺមានជាករណីជាចង្កោមដែរ តែមិនឆ្លងជាចង្កោមសហគមន៍ធំនោះទេ ។

សរុបមកវិញការសម្រេចចិត្តបន្តបិទខ្ទប់រាជធានីនិងក្រុងតាខ្មៅឬមិនបន្ត គឺជាការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលនិងអាជ្ញាធរដែលជាអាណាព្យាបាលរបស់ពលរដ្ឋ ប៉ុន្តែទោះបីជាការសម្រេចចិត្តនោះ​យ៉ាងណាក៏ដោយ ក៏សូមកុំឲ្យយើងទាំងអស់គ្នាកុំបំភ្លេចដាច់ខាតនូវវិធានបី គឺ បីកុំ បីការពារ ហើយកន្លែងណាដែលរាជរដ្ឋាភិបាល និងអាជ្ញាធរផ្តល់វ៉ាក់សាំងសូមទៅទទួលទាំងអស់គ្នា ដោយមានរបៀបរៀបរយ ហើយសង្គមជីវភាពរបស់ យើងគឺត្រូវតែព្យាយាមទទួលយកឲ្យបាននូវរបៀបរបបនៃការរស់នៅតាមគន្លងថ្មីនៅក្នុងបរិបទនៃការរីករាលដាលនៃមេរោគកូវីដ ១៩ នេះ៕

Add new comment

3 + 13 =