សូមគាំទ្រមហោស្របចាប៉ីដងវែងផងបងប្អូន !​

ចាប៉ីដង​វែង ដែល​ធ្លាប់​កំដរ​អារម្មណ៍​មនុស្ស​ចាស់​បុរាណ និង​ស្រទាប់​មនុស្ស​វ័យ​ចាស់​ៗក្នុងសម័យ​ទំនើប​នេះ ពិបាក​នឹង​ទទួល​បានការ​គាំទ្រ​ពី​យុវជន​សម័យ​ឌីជីថល​នេះ​ណាស់ ទោះ​បីជា​វា​ត្រូវ​បាន​ចាត់​ទុកជា​នៅ​ក្នុង​សម្បត្តិបតិកភណ្ឌ​នៅអង្គការយូណេស្កូ​ក៏ដោយ។

នៅចុងសប្តាហ៍ខាងមុខនេះ នឹង​មាន​ការរៀបចំមហោស្របចាប៉ីដងវែងទូទាំងប្រទេស តើ​ប្រជាជន​កម្ពុជា​ប៉ុន្មាននាក់​នឹង​ជួយគាំទ្រមរតក​ដូនតា​របស់​ជាតិ​មួយនេះ?

បើប្រៀបធៀបនឹង សិល្បៈទស្សីយភាព ក៏ដូចជាស្មាដៃសិល្បៈបែបទំនើបៗ ដែលមានដូចជាភាពយន្ត ចម្រៀង តន្រ្តីសម័យបច្ចុប្បន្ននេះ យើង​ឃើញ​ថា ទស្សនីយភាព​ចាប៉ីដង​វែង មាន​មិន​ច្រើន​នោះទេ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ មហោស្របនេះ នឹង​បង្ហាញ​ឲ្យយើង​បាន​ឃើញ និង​មានមោទនភាព​ក្នុងនាម​ជា​ប្រជាជន​មួយ​ក្នុងប្រទេស​ដែលមានអរិយធម៌ សិល្បៈ​មួយ​បែប​ដែល​មិន​សាបសូន្យ ហើយ​បាន​បន្សល់ទុក​រហូតដល់​ជំនាន់​យុវជន​យើង​ពេលនេះ។ ផ្ទាំងទស្សនីយ៍​ភាពនេះ នឹងបង្ហាញ​ឲ្យ​មនុស្ស​ជំនាន់នេះ​បានឃើញ​ បានយល់ និងបានស្គាល់ថា អ្វីទៅជាចាប៉ីដងវែង តើឧបករណ៍នេះគេលេងយ៉ាងម៉េច មានសំឡេងយ៉ាងណា ហើយអ្នកលេងនោះមានប៉ុន្មាននាក់ គេច្រៀងយ៉ាងណា។ ដូចនេះ យើងខ្ញុំសូមលើកទឹកចិត្តបងប្អូន និង ជួយណែនាំគ្នាជាបន្តបន្ទាប់ដើម្បីអាចមានឱកាស បានមើល បានស្គាល់នូវវត្ថុកេរ្តិ៍ដំណែលដែលបន្សល់ទុកពីបុរាណកាលមួយនេះ។

តាមដែលយើងខ្ញុំដឹង ចាប៉ីដងវែង គឺជាឧបករណ៍តន្រ្តីបុរាណ ​ដែលគេលេងដើម្បីកំសាន្ត នាឱកាសជាច្រើន និងនៅតាមកម្មវិធីផ្សេងៗ ប៉ុន្តែនៅពេលបច្ចុប្បន្ននេះ ឧបករណ៍តន្រ្តីមួយនេះ​ហាក់ មិនសូវមានអ្នកដែលចាប់អារម្មណ៍និងគាំទ្រប៉ុន្មានទេ ប៉ុន្តែដើម្បីលើកទឹកចិត្តនិងជាការជួយជម្រុញការអភិរក្សនូវឧប​ករណ៍តន្រ្តីមួយនេះកុំអោយបាត់បង់ពីសង្គមកម្ពុជា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈកំពុងតែរៀបចំឲ្យមានព្រឹ​ត្តិ​ការណ៍នេះឡើងនៅក្នុងរង្វង់ពីថ្ងៃទី​១៥ ដល់ ថ្ងៃទី ១៧ ខែ តុលា ឆ្នាំ​២០២១ ពោលគឺនៅចុងសប្តាហ៍នេះតែម្តង។

តាមព័ត៌មានបានឲ្យដឹងថា គណៈកម្មការមេប្រយោគ មហោស្រពចាប៉ីដងវែងទូទាំងប្រទេស បានកំពុងតែពិនិត្យ ស្នាដៃបេក្ខជន-បេក្ខនារី ដើម្បីជ្រើសរើសបេក្ខជនឆ្នើមឈានទៅកាន់វគ្គផ្តាច់ព្រ័ត្រ ដែលគេគ្រោងនឹងរៀបចំ និងផ្សាយតាមរយៈបណ្តាញសង្គមរបស់ក្រសួង ក្រោមប្រធានបទ «យុវជន ដើម្បីវប្បធម៌»។

ផ្អែកតាមព័ត៌មាននេះ សូមបងប្អូនប្រជាពលរដ្ឋជាពិសេសប្អូនៗជាយុវជន និងយុវនារី ចូលរួមគាំទ្រ និង ចូលទស្សនានូវផ្ទាំងទស្សនីយភាព បុរាណមួយនេះ ពីព្រោះនេះគឺជាឱកាសដ៏កម្រមួយ ដែលអាចឲ្យប្អូនៗបានស្គាល់ និងបានដឹងអំពីសារៈសំខាន់ និងចំណុចពិសេសផ្សេងៗ ដែលនឹងអាចទទួលបាននៅក្នុងអំ​ឡុងពេលដែលប្អូនៗបានចូលរួមទស្សនានិងតាមដាននូវ មហោស្របបុរាណមួយនេះ ។

សរុបមកវិញភាពយន្ត ចម្រៀង តន្រ្តីទំនើប បងប្អូនប្រជាពលរដ្ឋជាពិសេសយុវជន និង​យុវនារីយើងអាចមើលកំសាន្តពេលណាក៏បានពីព្រោះទីកន្លែងណា ក៏អាចនឹងបានឃើញ បានឮ បានទទួលនូវសេវាកំសាន្តទំនើបទាំងអស់នេះ ប៉ុន្តែមហោស្របចាប៉ីដងវែង ដែលជាសម្បត្តិបេតិកភ័ណ្ឌដែលយើងបានចុះបញ្ជីទុកនៅ​អង្គការយូណេស្កូមួយនេះ កម្របានឃើញណាស់ ហើយ នេះ គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំ សូមឆ្លៀតពេ​ល​ចូលមើលកំសាន្ត ដើម្បីឲ្យស្គាល់ ឲ្យយល់ ឲ្យដឹងអំពីសម្បត្តិដ៏មានតម្លៃនិងចំណាស់មួយនេះ៕

 

 

Add new comment

3 + 2 =