សូមកុំភ្លេចណាអស់លោកអំពីមេរោគអេដស៍ ព្រោះវាមិនទាន់ទៅឆ្ងាយពីសង្គមយើងនៅឡើយទេ

ម្នាក់ៗនៅពេលនេះនាំគ្នានិយាយតែពីបញ្ហាជំងឺនិងមេរោគកូវីដ១៩ ប៉ុន្តែប្រហែល​ភ្លេច​ជំងឺសង្គមមួយ ដ៏កាចសាហាវមួយទៀតដែលវានៅតែមាននៅឡើយនៅកម្ពុជា គ្រាន់តែស្ថានភាពនោះវាអាចគ្រប់គ្រងបានតែ​ប៉ុណ្ណោះ គឺមេរោគនិងជំងឺអេដស៍។

មេរោគនិងជំងឺអេដស៍នៅតែជាមេរោគនិងជំងឺ​រីករាលដាលនៅកម្ពុជានៅឡើយ ដូច្នេះ សូមបន្តប្រុងប្រយ័ត្ននិងយកចិត្តទុកដាក់ការពារខ្លួន គ្រាន់តែភាគរយនៃការឆ្លងនិងស្លាប់របស់វានៅពេលនេះ អាចគ្រប់គ្រងបាន ហើយកំពុងតែឈានទៅលុបបំបាត់ថែម​ទៀត​ផង។ ប៉ុន្តែជោ​គជ័យឬមិនជោគជ័យគឺវា អាស្រ័យលើយើងទាំងអស់គ្នាជាអ្នកចូលរួមតែ​ប៉ុណ្ណោះ។

ពាក់ព័ន្ធនឹងស្ថានភាពក៏ដូចជាការវិវដ្តនៃមេរោគនិងជំងឺនេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ទើបតែបានចេញនូវរបាយការណ៍ថ្មីមួយអំពីមេរោគនិងជំងឺនេះ បានអះអាងថា ចំនួនប៉ាន់ស្មានអ្នកផ្ទុកមេរោគអេដស៍នៅកម្ពុជាដែលគេបានកត់ត្រានៅក្នុងឆ្នាំ២០១៩ គឺមានចំនួន ប្រមាណជា ៧៣.០០០ នាក់ នៅក្នុងនោះ ភាគច្រើនគឺសុទ្ធតែពួកគេបានទទួល​ថ្នាំឬសេវាកម្មប្រឆាំងនឹងការវិវដ្តនៃមេរោគ។ តួលេខដែលអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានបង្ហាញ គឺមានចំនួន ប្រមាណជា៦១.១៩៣ នាក់ នៃអ្នកដែលផ្ទុកមេរោគ គឺបានទទួលសេវាប្រឆាំងនឹងមេរោគអេដស៍។

ប្រភពដដែលបានបន្តថា ដោយឡែកចំពោះអត្រាប្រេវ៉ាឡង់អ្នកផ្ទុកមេរោគអេដស៍សម្រាប់មនុស្សនៅក្នុងក្រុមអាយុ ពី ១៥ ដល់ ៤៩ ឆ្នាំ គឺមានចំនួនប្រមាណជា ០,៥ ភាគរយ  ដូច្នេះចំនួនប៉ាន់ប្រមាណនៃអ្នកឆ្លងថ្មី គឺមានចំនួន ប្រមាណជា ៧៨០ នាក់ និង អ្នកស្លាប់គឺមានចំនួនប្រមាណជា ១.៣០០ នាក់។

ទោះតួលេខអ្នកឆ្លងថ្មីតិចបែបនេះ បើយើងទាំងអស់គ្នាធ្វេសប្រហែស វានឹងកើនឡើង ដូច្នេះសូមចូលរួមទាំងអស់គ្នាបន្តការពារ។ រហូតមកដល់ពេលនេះ ក្រុមមនុស្សដែលងាយនឹងឆ្លងជំងឺនេះ មានដូចជា ស្រ្តីបម្រើនៅក្នុងសេវាកម្ម កំសាន្តគឺមាន ប្រមាណជា ៣,២ភាគរយ អ្នកប្រើប្រាស់គ្រឿងញៀន គឺមានប្រមាណជា៥,៧ ភាគរយ អ្នកចាក់គ្រឿងញៀន គឺមានប្រមាណជា ១៥,២ភាគរយ បុរសរួមភេទជាមួយនឹងបុរសគឺមានប្រមានជា ៤ភាគរយ និង ក្រុមបំប្លែងភេទ គឺមាន ប្រមានជា ៩,៦ ភាគរយ ឯណោះ។

សរុបមកវិញមេរោគនិងជំងឺអេដស៍នៅកម្ពុជានៅមិនទាន់ផុតរលត់នៅឡើយទេ ក្រោយពេលដែលវា បានឆ្លងរីករាលដាលដំបូងមកកាន់កម្ពុជា កាលពីឆ្នាំ១៩៩១ រហូត​មកដល់ពេលនេះ។ ក្នុងទិសដៅ​របស់​រដ្ឋាភិបាល ក្នុងឆ្នាំ២០២៥ ខាងមុខនឹង​លុប​បំបាត់​ជំងឺ​នេះ​ក្នុងប្រទេស ប៉ុន្តែគោលដៅនេះអាចដល់ឬមិនដល់គឺនៅលើយើងទាំងអស់គ្នា។ សូមចូលរួមបង្ការនិងទប់ស្កាត់មេរោគសង្គមមួយនេះ ដោយគេដឹងថា វាឆ្លងតាមរយៈការរួមភេទដោយមិនប្រើប្រាស់ស្រោមអនាម័យ ការប៉ះពាល់ឈាម ឬទឹកកាម​របស់អ្នកដែលផ្ទុក មេរោគ៕

Add new comment

13 + 0 =