សូមកុំផ្តេកផ្តួលលើកញ្ចប់ថវិការសង្រ្គោះរបស់រាជរដ្ឋាភិបាលណាបងប្អូន!

ដោយសារកូវីដ១៩ការចំណាយរបស់រាជរដ្ឋាភិបាលកំពុងតែហូរចេញជាបន្តបន្ទាប់ ទៅកាន់ផ្នែកជាច្រើន មិនថាផ្នែកឧស្សាហកម្ម សេវាកម្ម ហើយឥឡូវនេះកំពុងតែបង្ហូរសាច់ប្រាក់ទាំងនោះចេញទៅវិស័យសង្គមកិច្ចទៀតហើយ តាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រនិងងាយរងគ្រោះដោយសារតែជំងឺនេះ។

យើងដឹងថានៅពេលនេះចំណូលថវិការជាតិគឺមានការធ្លាក់ចុះយ៉ាងខ្លាំង នៅក្នុងអំឡុងពេលដែលជំងឺកូវីដ១៩នេះកំពុងតែរាតត្បាត។ ការនាំចេញមានការធ្លាក់ចុះជាគំហុក ចំណូលពីវិស័យទេសចរណ៍ជាពិសេសពីសំណាក់ទេសចរបរទេសសឹងតែសូន្យ វិស័យសេវាកម្មផ្សេងៗទៀតកំពុងតែធ្លាក់ចុះដែរ រួមទាំងការ បិទ សេវាកម្មមួយចំនួន ប៉ុន្តែការចំណាយរបស់រាជរដ្ឋាភិបាលវិញកំពុងតែមាននិន្នាការកើនឡើង ជាពិសេសគឺ ទៅលើវិស័យសុខាភិបាល ការឧបត្ថម្ភដល់បងប្អូនកម្មករនិងកម្មការនីនៅក្នុងវិស័យឧស្សាហកម្មកាត់ដេរ និង សេវាកម្មទេសចរណ៍ ហើយនៅពេលនេះ គឺដល់ពេលរាជរដ្ឋាភិបាលត្រូវចំណាយសម្រាប់ប្រជាពលរដ្ឋ ថែមទៀត ដូច្នេះនេះគឺជាបន្ទុកមួយដ៏ធំដែលយើងទាំងអស់គ្នានៅក្នុងនាមជាប្រជាពលរដ្ឋគួរតែខិតខំស្វែងរកដំណោះស្រាយឬក៏ច្រកផ្សេងៗដើម្បីធ្វើយ៉ាងណាជួយដល់រាជរដ្ឋាភិបាល។

សម្រាប់កញ្ចប់ការចំណាយបន្ថែមដែលប្រកាសដោយប្រមុខរាជរដ្ឋាភិបាល កាលពីថ្ងៃទី២៤ ខែមិថុនា គឺ មានតែប្រជាពលរដ្ឋប្រមាណជា៥៦០.០០០គ្រួសារប៉ុណ្ណោះដែលស្ថិតនៅក្នុងគម្រោង ប៉ុន្តែតាមរយៈលោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គមនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា ដែលជាអ្នកទទួលបន្ទុកដឹកនាំអនុវត្តផ្ទាល់នូវកម្មវិធី ឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ និង ងាយរងគ្រោះអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ បានឱ្យដឹងអំពីចំនួនមនុស្សដែលត្រូវទទួលបានការបើកផ្តល់ប្រាក់ពីកម្មវិធី គិតត្រឹមព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ទិន្នន័យនៃមុខសញ្ញាដែលត្រូវផ្តល់ជូនប្រាក់នេះនៅទូទាំងប្រទេសមាន ៦៥២.៦០០ គ្រួសារ មានសមាជិកជាង ២,៣ លាននាក់។ លោកបានបន្តថា ពួកគេមួយចំនួននឹងទទួលសាច់ប្រាក់ឧបត្ថម្ភពី៨០.០០០ រៀលទៅដល់ ១២០.០០០ រៀល ចាប់ពីខែមិថុនា នេះតទៅ ហើយអ្នកដែលទើបតែចុះឈ្មោះនឹងបាននៅខែក្រោយជាបន្តបន្ទាប់ ហើយសម្រាប់គ្រួសារដែលមានសមាជិកជាកុមារអាយុចាប់ពី៥ឆ្នាំចុះ ជនចាស់ជរា និងជនពិការអាចនឹងទទួល បានការឧបត្ថម្ភបន្ថែមទៀត ។

យើងឃើញថា ទឹកប្រាក់ឧបត្ថម្ភបងប្អូនកម្មករ-កម្មការនីរោងចក្រនិងទេសចរណ៍ក្តី និងបងប្អូនប្រជាពល​រដ្ឋក្រីក្រក្តីគឺវាមិនច្រើនទេ ប៉ុន្តែទឹកប្រាក់នេះបើនិយាយឲ្យអស់ទៅគឺអាចនឹងទទួលបានអង្ករសរមួយបាវ ដែរ។

ដូច្នេះនៅពេលនេះ យើងមានស្បៀងហើយ ហើយបើចង់បានម្ហូប យើងអាចរួមគ្នាធ្វើនេះធ្វើនោះទៅ ដើម្បីធ្វើយ៉ាងណារួមចំណែក ដើម្បីខិតខំកែលំអរជីវភាពរបស់យើង។ បងប្អូនសូមកុំផ្តេកផ្តួលនឹងការឧបត្ថម្ភ ហើយដេកសោកសង្រេងនឹងផលប៉ះពាល់ សូមយកពេលវេលានេះ ពង្រឹងគោលជំហរយើងទាំងអស់គ្នា តាមវិធីផ្សេងៗ ដូចជាចិញ្ចឹមសត្វធ្វើការដាំដំណាំ រកនេះរកនោះ ធ្វើជំនួញនេះជំនួញនោះ ទោះធំតូចទៅតាមធនធានយើងម្នាក់ៗ ដើម្បីរួមគ្នាប្រឈមនឹងការលំបាកនេះ។

នេះគឺមិនមែនជាពេលដែលយើងត្រូវដេកស៊ីនោះទេ គឺជាពេលដែលត្រូវតែពលីកម្ម។ សូមកុំប្រកាន់ខ្លួន ថា យើងធ្លាប់ធ្វើការនេះ ឥឡូវមកធ្វើអានេះយើងធ្វើមិនកើត។ សូមកុំគិត! ឲ្យតែមានការងារធ្វើ មានមុខរបរ សូមកុំខ្មាស់អៀន។ ជីវិតរបស់យើង គ្រួសាររបស់យើង សាច់ញាតិរបស់យើងមិនមែនរស់ជាមួយនឹងភាព ខ្មាស់អៀននោះទេ គឺរស់នឹងការងារ រស់នឹងការខំប្រឹង រស់នឹងពលកម្ម រស់នឹងការធ្វើពលីកម្ម និងការលះបង់ ។ សូមខិតខំប្រឹងប្រែងទាំងអស់គ្នា ទៅតាមសមត្ថភាពរបស់យើងទាំងអស់គ្នា៕

Add new comment

9 + 7 =

Please wait while the page is loading