សូមកុំធ្វេសប្រហែសបងប្អូន! កូវីដ ១៩ បន្តកើនឡើងវិញហើយ!

សូមបន្តប្រុងប្រយ័ត្ន ហើយប្រសិនបើអាចសូមកុំធ្វេសប្រហែសមួយវិនាទីណាទាំងអស់ ពីព្រោះការរីករាលដាលនៃមេរោគកូវីដ ១៩ ជាពិសេសគឺប្រភេទដែលបំប្លែងថ្មីដែលយើងទាំងអស់គ្នា បានដឹងថា ដែលតា នេះគឺគ្រោះថ្នាក់ខ្លាំងណាស់ ហើយឆ្លងក៏សាហាវផងដែរ។​

តាមរបាយការណ៍ពីក្រសួងសុខាភិបាលបានឲ្យដឹងថា ចាប់តាំងពីថ្ងៃទី​៧ ខែ តុលា ឆ្នាំ​២០២១ មក តួលេខបានឡើងជាបន្តបន្ទាប់ដែលរហូតមកដល់ពេលនេះ ករណីឆ្លងដែលរកឃើញ ដោយបញ្ជាក់ពីម៉ាស៊ីនពិសោធន៍ធំ គឺករណីឆ្លងបានរីករាលដាល នៅក្នុងមួយថ្ងៃចូលជិត ៣០០ នាក់វិញហើយ  ដូចនេះយើងទាំងអស់គ្នាគប្បីមានការយកចិត្តទុកដាក់ ហើយពង្រឹងខ្លួនឡើងវិញ បើមិនដូច្នេះទេ ដូចប្រសាសន៍មេដឹកនាំយើងបាន លើកឡើងហើយថា ប្រទេសយើងនឹងមិនអាចបើកដំណើរការសេដ្ឋកិច្ចនិងសង្គមធម្មតាវិញបានទេ ដរាបណា ករណីឆ្លងនៅតែបន្តកើតមាន និងករណីស្លាប់នៅតែបន្តរកឃើញច្រើនដដែលនោះ ។

តាមតួលេខដែលប្រកាសដោយក្រសួងសុខាភិបាល៖

  • នៅថ្ងៃទី​០៧ ខែ តុលា គឺមានករណីឆ្លង ប្រចាំថ្ងៃសរុបចំនួន ២០៣ នាក់ ហើយស្លាប់វិញ គឺមាន ១៨ នាក់
  • នៅថ្ងៃទី ០៨ ខែ ដដែល ករណីឆ្លងបានកើនឡើងដល់ ២២០ ហើយស្លាប់មាន ២៣ នាក់
  • ថ្ងៃទី ០៩  ករណីឆ្លងថ្មី គឺមាន​២៣៩​ ស្លាប់ ២៤ នាក់
  • ថ្ងៃទី ១០ ករណីឆ្លងឡើងដល់ ២៥៨ និង អ្នកស្លាប់ថយបន្តិចមកនៅត្រឹម ២១ នាក់
  • ថ្ងៃទី ១១​ ករណីឆ្លងថ្មីមានដល់ ២៦៧ នាក់ ស្លាប់ មាន ១៧ នាក់
  • ថ្ងៃទី ១២ ករណីឆ្លងឡើងដល់ ២៧២ នាក់ ស្លាប់ ចុះមកនៅ​១៥ នាក់ ។ 

តួលេខនេះ គឺចេញពីមកពីមន្ទីពិសោធន៍ម៉ាស៊ីន ភីស៊ីអរ (PCR) ដែលមានការទទួលស្គាល់ នោះមិនរាប់ករណីវិជ្ជមាន ដែលរកឃើញដោយតេស្តរហ័សមួយចំនួន ដែលខ្លះបានរកឃើញហើយ ប៉ុន្តែបានសម្ងំព្យាបាលខ្លួនដោយ​ផ្ទាល់​នៅផ្ទះ​នោះឡើយ។

ឃើញតួលេខនេះហើយ សូមចូលរួមប្រុងប្រយ័ត្ន ពីព្រោះមួយរយៈពេលនេះ នៅតាមទីសាធារណៈខ្លះ សូម្បីតែរាជធានីភ្នំពេញ ចាប់ផ្តើមមាន​អ្នក​ប្រហែសខ្លួនឡើងវិញហើយ ដោយទៅណាមកណា សូម្បីតែពេលធ្វើដំណើរក៏គ្មានម៉ាស់ដែរ ដែលជាបច្ច័យគ្រោះថ្នាក់។ គ្រោះថ្នាក់នៃការឆ្លងមេរោគកូវីដ ១៩ នេះ គឺវាកើតចេញមកពីយើងទាំងអស់គ្នា ធ្វេសប្រហែសនេះឯង។ តាមបទពិសោធដែលចែករំលែកកន្លងមក មានករណីឆ្លងបានកើតមាន គឺនៅក្នុងអំឡុងពេលសម្រាកភ្ជុំបិណ្ឌ ខណៈការចល័តមនុស្សចុះឡើងរវាងទីក្រុងនិងជនបទ ដូច្នេះហើយនៅក្នុងអំឡុងពេលនេះ គួរតែយើងមានការប្រុងប្រយ័ត្ន ជាមួយនឹងវិធានបីកុំ បីការពារឲ្យបានគត់មត់ ហើយទៅទទួលវ៉ាក់សាំងតាមការកំណត់និងរៀបចំរបស់អាជ្ញាធរ។​

សរុបមកវិញ នៅពេលដែលយើងឆ្លងកូវីដ ១៩ គឺគ្មាននរណាលំបាកក្រៅពីខ្លួនយើង គ្រួសារយើង សង្គមការងារយើង សហគមន៍យើងនោះទេ ដូច្នេះសូមប្រុងប្រយ័ត្ននិងការពារខ្លួនគ្រប់ ពេលវេលា ។ ការពារខ្លួនយើងបាន ទើបការពារក្រុមគ្រួសារយើងបាន ហើយក៏អាចនឹងការពារ សង្គមជាតិរបស់យើងបានដែរ៕

Add new comment

5 + 3 =