សូមកុំខ្លាចរអានឹងការទៅធ្វើតេស្តរកមេរោគកូវីដ១៩

ករណីឆ្លងរីករាលដាលជាសហគមន៍លើកទី៣បានផ្ទុះជាថ្មីនៅកម្ពុជាតាំងតែពីថ្ងៃទី២០ ខែកុម្ភៈ ដោយពីពេលដំបូងរកឃើញតែជនជាតិចិន ប៉ុន្តែពេលនេះ គឺមានពលរដ្ឋខ្មែរនិងបរទេសផ្សេងទៀតដែរ ដែលនាំ ឲ្យរាជរដ្ឋាភិបាលបានរិតត្បិតបន្ថែមទៅលើវិធានការណ៍មួយចំនួនដើម្បីទប់ទល់នឹងការរីករាលដាលនៃមេរោគកូវីដ១៩នេះ។

នៅយប់ថ្ងៃទី២២ ខែកុម្ភៈ នាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលកម្ពុជាគឺសម្តេចតេជោ ហ៊ុន សែន បានចេញនូវ សារជាសម្លេងដោយឲ្យអាជ្ញាធរនៅរាជធានីនិងខេត្តកណ្តាលបិទ សាលារៀនទាំងអស់ទាំងឯកជន និង រដ្ឋចំនួន យ៉ាងតិច២សប្តាហ៍។ ហើយក៏បានអំពាវនាវឲ្យផ្អាកកម្មវិធីជួបជុំនានា ជាពិសេសគឺពិធីរៀបការ នៅក្នុងករណីផ្អាកមិនបានត្រូវកំណត់ចំនួនភ្ញៀវចូលរួម ហើយអនុវត្តន៍​នូវវិធានសុវត្ថិភាព  ហើយសកម្មភាពរៀបចំការប្រជុំនានាតាមក្រសួង មន្ទីរនានាត្រូវពន្យារពេលឬផ្អាក ឬប្រជុំតាមអនឡាញ។

សម្តេចមិនបាន បញ្ជាឲ្យផ្អាកសកម្មភាពសេដ្ឋកិច្ចរបស់ប្រទេសនៅឡើយទេ ដោយភោជនីដ្ឋាន ផ្សារ និង សកម្មភាពសេដ្ឋកិច្ចផ្សេងៗនៅដំណើរការធម្មតា តែត្រូវរឹតបន្តឹងវិធានសុវត្ថិភាព ហើយប្រគល់អំណាចនៃការសម្រេចចិត្ត ចាត់វិធានការយ៉ាងណាតាមការសម្រេចរបស់់អាជ្ញាធររាជធានីនិងខេត្ត ។ នៅក្នុងពេលជាមួយគ្នានេះ សម្តេចក៏បានអំពាវនាវប្រជាពលរដ្ឋនៅខេត្តផ្សេងៗបើមិនចាំបាច់កុំធ្វើដំណើរមកភ្នំពេញ ។

នៅក្នុងសារដដែលនេះសម្តេចតេជោ ក៏បានអំពាវនាវឲ្យអ្នកដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០ កុម្ភៈនេះប្រញាប់ទៅធ្វើតេស្តរកមេរោគហើយដាក់ខ្លួនឲ្យនៅដាច់ដោយឡែក១៤ ថ្ងៃ។

នេះគឺជាសាររបស់នាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលកម្ពុជា ដូច្នេះដើម្បីការពារសុខភាពនិងអាយុជីវិតរបស់ខ្លួន គ្រួសារ និងសហគមន៍ សូមអ្នកដែលពាក់ព័ន្ធសូមរួសរាន់ទៅពិនិត្យរកមេរោគ ដើម្បីអាចចាត់វិធានការ ទប់ស្កាត់និងព្យាបាលទាន់ពេលវេលា។ ទន្ទឹមនឹងនោះ នៅពេលដែលប្រជាពលរដ្ឋទៅពិនិត្យ អាជ្ញាធរ និងអ្នកជំនាញសូមយកចិត្តទុកដាក់គិតអំពីវិធានសុវត្ថិភាពនេះផង កុំដូចពេលព្រឹត្តិការណ៍៣ និង២៨វិច្ឆិកា កន្លងមក ដែលអាជ្ញាធរអំពាវនាវឲ្យពលរដ្ឋទៅពិនិត្យរកមេរោគ តែនៅពេលដែលទៅគឺខ្វះការរៀបចំត្រឹមត្រូវ ជាពិសេសគឺបញ្ហាគន្លាត ដែលជាក្តីបារម្ភមួយដ៏ធំ ដូច្នេះនៅពេលនេះចំណុចនេះគួរតែមានការកែលំអរ និងរៀបចំឲ្យបានត្រឹមត្រូវតាមស្តង់ដាសុវត្ថិភាពដែលបានកំណត់កន្លងមក។

សម្រាប់អ្នកដែលរកឃើញមេរោគសូមទទួលការព្យាបាលពីក្រុមគ្រូពេទ្យ ហើយអ្នកដែលរកមិនទាន់ឃើញមេរោគ គឺសូមធ្វើចត្តាឡីស័កខ្លួនឯងឲ្យបានគ្រប់រយៈពេល ១៤ ថ្ងៃ ។ សូមព្យាយាម អនុវត្តន៍ឲ្យបាននូវវិ​ធា​នសុវត្ថិភាពនានាដែលបានដាក់ចេញកន្លងមក។ ការពារខ្លួនយើងមិនឲ្យឆ្លងពីគេ និង ចម្លងទៅគេ គឺជាការការពារគ្រួសារយើង សហគមន៍យើង និងប្រទេសជាតិយើង សូមភ្ញាក់រលឹក និង ចូលរួមពង្រឹងចំណុចទាំងនេះ៕

Add new comment

1 + 3 =