សុវត្ថិភាពផ្ទះសំបែងជាកត្តាចាំបាច់មុនចេញដំណើរ!

ក្នុង​ឱកាស​ភ្ជុំបិណ្ឌខាងមុខទន្ទឹមនឹងការប្រុងប្រយ័ត្នរឿងបញ្ហាសុខភាព ជាពិសេសគឺការឆ្លងមេរោគ​កូវីដ១៩ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងអគ្គីភ័យ លោក​អ្នក​ក៏ត្រូវ​យកចិត្តទុកដាក់​នឹងសុវត្ថិភាពផ្ទះសំបែងដែរ។

មួយរយៈពេលនេះដោយសារតែការរីករាលដាលនៃមេរោគកូវីដ ១៩ ដែលបណ្តាលឲ្យមានការបាត់បង់ការងារធ្វើ ការធ្លាក់ចុះនូវប្រាក់ចំណូល បញ្ហាចោរកម្មដូចជាកម្រើកខ្លួន​ ទោះបីជាការប្លន់ដូចជាស្ងប់ស្ងាត់ ប៉ុន្តែចោរគាស់ផ្ទះ លួចរបស់របរ លួចមធ្យោបាយដឹកជញ្ជូន ដូចជា ម៉ូតូឡាន គឺហាក់ដូចជាសំបូរណាស់។

រឿងមួយដែលគួរឲ្យកត់សំគាល់ កន្លងមកចោរលួចដោះកង្ហារម៉ាស៊ីនត្រជាក់។ រឿង​បាន​ស្ងប់​ស្ងាត់​មួយ​រយៈ​ពេល​យូរ តែ​ពេល​នេះ​បានឮជាថ្មី​ ដោយប្រព័ន្ធផ្សព្វផ្សាយក៏បាន​រាយការណ៍ពីករណីនេះផងដែរ។ ដូច្នេះ សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានគួរតែពង្រឹងនិងរឹតបន្តឹងសន្តិសុខ លើបញ្ហចោរ​កម្មនេះឲ្យបាលម៉ឺងម៉ាត់និងហ្មត់ចត់។ ដោយឡែក យើងទាំងអស់គ្នាដែលជាពលរដ្ឋ នៅពេលសម្រាកបុណ្យភ្ជុំបិណ្ឌនៅពាក់កណ្តាលសប្តាហ៍ក្រោយនេះ សូមប្រុងប្រយ័ត្នចំណុចនេះ ដោយអាចនឹងផ្តែផ្តាំអ្នកជិតខាង ឬ ក៏មានអ្នកដែលនៅចាំផ្ទះ ដើម្បីបង្ការបញ្ហាអសុវត្ថិភាព​ណាមួយកើតឡើង ដែលនាំឲ្យខូចខាតទាំងទ្រព្យសម្បត្តិ និងលុយកាក់ដែលបានសន្សំមក។

សូមប្រយ័ត្ន ករណីចោរកម្មបែបនេះ គឺល្បីល្បាញជាយូមក ហើយនៅពេលនេះគាប់ជួននឹង សង្គមកំពុងតែមានបញ្ហាផលប៉ះពាល់បែបនេះទៀត វារឹតតែជាហានិភ័យមួយ​កម្រិតទៀត។ រឿងនេះបើកើតចំពោះអ្នកដែលគេមានធនធាន វាមិនអីនោះទេ  ប៉ុន្តែសម្រាប់យើងទាំងអស់គ្នាដែលស្ថិតនៅក្នុងឋានៈជាមនុស្សវណ្ណៈកណ្តាល ឬ មធ្យម គឺអាចនឹងប៉ះពាល់់គួរសមដែរ ដូច្នេះសូមប្រុងប្រយ័ត្ន  និង​សម្រេចចិត្តដោយភាពម្ចាស់ការ។

បច្ចុប្បន្ននេះ នៅតាមផ្ទះនីមួយៗ គឺគ្មាលុយកាក់ មាសប្រាក់អីច្រើននោះទេ  ដោយភាគច្រើន លុយកាក់និងវត្ថុមានតម្លៃ គឺរមែងតែយកទៅរក្សាទុកនៅ ធនាគារ ប៉ុន្តែសំបកផ្ទះដែលយើងមាន​នោះ វាក៏​មាន​តម្លៃដែរ ជាពិសេសគឺសំភារៈ អេឡិចត្រូនិច គ្រឿងផ្ទះបាយផ្សេងៗ ដែលផ្ទះខ្លះមានជីវភាពធូធារគេបានចំណាយពេលបំពាក់សំភារៈទាំងនេះ អស់មិនតិចនោះទេ ប៉ុន្តែបើចៃដន្យវាកើតមាននោះ ក៏វាអាចអស់ ក្រែលដែរ។

សរុបមកវិញ សូមប្រុងប្រយ័ត្ន ហើយសង្ឃឹមថា អស់លោកសមត្ថកិច្ចតាមមូលដ្ឋាននានា មេត្តាម្ចាស់ការនិងទទួលខុសត្រូវបញ្ហាទាំងនេះនៅក្នុងដែនរដ្ឋបាលការងារនិង សហការគ្នា ផ្តល់នូវទំនុកចិត្តដល់ពលរដ្ឋឲ្យបានគត់មុត។

Add new comment

2 + 1 =