សមត្ថកិច្ចគួរពង្រឹងសន្តិសុខនៅក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោក ឬ World Cup

World Cup ដែលភាសារខ្មែរហៅថា ការប្រកួតកីឡាបាល់ទាត់ពិភពលោក មិនមែនជាព្រឹត្តិ ការណ៍ នៅក្នុងស្រុកទេ ប៉ុន្តែជាទូទៅឲ្យតែដល់ព្រឹត្តិការណ៍នេះ អ្នកដែលពុលនឹងព្រឹត្តិការណ៍នេះ គឺ តែងតែមានជាប្រចាំ ដូច្នេះសមត្ថកិច្ចគួរតែរិតបន្តឹងនិងពង្រឹងបញ្ហាសន្តិសុខ។ ​

ព្រឹត្តិការណ៍ចាប់ពីថ្ងៃទី ២០ ខែ វិច្ឆិកា ដល់ ថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ​​២០២២ វាកើតនៅប្រទេសកាតា ឯណោះទេ ប៉ុន្តែការប្រកួតកីឡាបាល់ទាត់៥ឆ្នាំមានម្តងនេះ វាតែងតែបង្កើតនូវបញ្ហាអសកម្មជាច្រើនកើតមាននៅក្នុងសង្គម រាប់ចាប់តាំងពីបញ្ហាសណ្តាប់ធ្នាប់ បញ្ហាចោរកម្ម អំពើហិង្សា បញ្ហាស្រវឹង គ្រោះថ្នាក់ចរាចរណ៍ ហើយ​អាចដល់ករណីអត្តឃាតផងក៏ថាបាន ដូច្នេះ សូមមានការប្រុងប្រយ័ត្ន។ ​

ជាទូទៅនៅក្នុងព្រឹត្តិការណ៍នេះ អ្នកដែលញៀននឹងកីឡាបាល់ទាត់ អាចដើរលេង និងមើលបាល់ដាច់យប់ ដូច្នេះពួកគេអាចនឹងផឹកស៊ី ឡូឡា ដើម្បីកំដរកម្មវិធីទស្សនាបាល់ទាត់ដែលពួកគេចូលចិត្ត។ ដូច្នេះ​ ពេលខ្លះអាចនឹងមានបញ្ហាហិង្សាបណ្តាលមកពីការស្រវឹង ការចំអន់ ឬបង្អាប់គ្នា ហើយក៏ជាពេលដែលពួកគេប្រហែស ដែលអាចឲ្យពួកគេងាយនឹងបាត់បង់ទ្រព្យសម្បត្តិ ជាពិសេស​ទូរស័ព្ទ ​ម៉ូតូ ... ជាដើម​។ ​

ក្រៅពីនេះ ពួកគេក៏អាចស្រវឹងហើយងងុយកើតគ្រោះថ្នាក់ចរាចរណ៍ផងដែរ នោះយើងនៅមិនទា​ន់គិតដល់ក្រុមដែលញៀន ហើយប្រពឹ្រត្តការភ្នាល់ នោះទេ។  ការភ្នាល់ ដែលគេចាត់ទុកថា ជាល្បែងស៊ីសងមួយប្រភេទនោះ គឺមានសន្ទុះខ្លាំងក្លានៅក្នុងអំឡុងពេលនេះ ដូច្នេះសូមសមត្ថកិច្ចយកចិត្តទុកដាក់ បើទោះបីជាកម្ពុជាមិនមានក្រុមហ៊ុនភ្នាល់បាល់ផ្លូវការក៏ដោយ ប៉ុន្តែគេអាចចាក់តាមអនឡាញ និងមានអ្នកទទួលដោយខុសច្បាប់ជាច្រើនកន្លែង។ ដូច្នេះ ចេញពីការភ្នាល់នេះ នឹងមានអ្នកឈ្នះនឹងអ្នកចាញ់ ហើយចំពោះអ្នកដែលឈ្នះសប្បាយ ប៉ុន្តែអ្នកដែលចាញ់ អាចនឹងបែកគំនិតធ្វើរឿងនេះរឿងនោះ សូម្បីតែរឿង ឬសកម្មភាពខុសច្បាប់ ដូចជា លួច ឆក់ ប្លន់ ក៏អាចមានដែរ។ ​

សរុបមកវិញ នេះគឺជាការប៉ាន់ស្មានទេ ប៉ុន្តែក៏កុំមើលស្រាលដែរ ដូច្នេះសូមអស់លោក និងសមត្ថកិច្ចពាក់ព័ន្ធលើកកម្ពស់ការប្រុងប្រយ័ត្ន នៅក្នុងអំឡុងពេលនេះ និង​ក្រោយអំឡុងពេលនេះ ដើម្បីធ្វើយ៉ាងណាធានាសេចក្តីសុខសុវត្ថិភាពជូនពលរដ្ឋ៕

 

Add new comment

4 + 4 =