សង្ឃឹមថា អ្នកដែលមានសមត្ថភាពពិតប្រាកដនឹងអាចជាប់ជាមន្រ្តីរាជការនៅឆ្នាំក្រោយ

ក្រោយពេលដែលផ្អាកការជ្រើសរើសមន្រ្តីឲ្យចូលបម្រើការងាររាជការនៅតាមក្រសួងមន្ទីរនានា ដើម្បីកាត់បន្ថយការចំណាយទប់ទល់នឹងកូវីដ១៩ ពេញមួយឆ្នាំ២០២០ កន្លងមកនេះ រាជរដ្ឋាភិបាលបានចេញ ភ្លើងខៀវឲ្យជ្រើសរើសជាថ្មីហើយ ដូច្នេះយើងខ្ញុំសង្ឃឹមថា អ្នកដែលមានសមត្ថភាពនឹងជាប់នៅក្នុងការជ្រើសរើសនេះ។

តាមសេចក្តីប្រកាសមួយដែលចេញដោយក្រសួងមុខងារសាធារណៈបានអះអាងថា នៅឆ្នាំ២០២១ ខាងមុខនេះ ក្រសួងមន្ទីរចំនួន ២២ បានត្រូវរាជរដ្ឋាភិបាលបានសម្រេចជ្រើសរើសក្របខណ្ឌថ្មីនៅក្នុងចំនួន សរុបប្រមាណជា ជាង៦០០០ នាក់។ ដោយនៅក្នុងនោះ គឺក្រសួងអប់រំ យុវជន និងកីឡា គឺមានច្រើនជាងគេ ពោលគឺដល់ទៅ ៣៦០០ នាក់ បន្ទាប់មកក្រសួងសុខាភិបាលដែលមាន ជាង ១០០០ នាក់ដែរ ក្រៅពីនេះ មាន​ក្រសួង​ខ្លះ៥ ខ្លះទៀត ៨ ខ្លះខ្ទង់រយនាក់ទៅតាមតម្រូវការចាំបាច់របស់ក្រសួងស្ថាប័ននីមួយៗ។

ក្រៅពីលើកទឹកចិត្តឲ្យប្អូនៗដែលស្រលាញ់ការងាររាជការឲ្យត្រៀមរៀនសូត្រ ដើម្បីប្រឡងហើយនោះ យើងខ្ញុំក៏សង្ឃឹមថា ក្រសួងមុខងារសាធារណៈ អង្គភាពប្រឆាំងអំពើពុករលួយ និងក្រសួងស្ថាប័នដែលពាក់ព័ន្ធនឹងការប្រឡងនេះ សូមមានការត្រួតពិនិត្យ និងរឹតបន្តឹងការប្រឡងនេះ ឲ្យវាក្លាយជាការប្រឡង​ពិតប្រាកដ ហើយអ្នកដែលជាប់គឺសុទ្ធសឹងតែជាអ្នកដែលមានសមត្ថភាពពិតប្រាកដ។

កន្លងមក មានការរិះគន់ជាបន្តបន្ទាប់ថា ការប្រឡងជ្រើសរើសក្របខណ្ឌទំាងនេះនៅតាមស្ថាប័ននានា គឺគ្រាន់តែជាការសម្ដែង ប៉ុន្តែតាមពិតអ្នកដែលជាប់ដោយការជ្រើសរើសនេះ គឺសុទ្ធតែមានកូតា សុទ្ធ​តែជាអ្នកដែលមានខ្សែ រីឯអ្នកដែលមានសមត្ថភាពប្រឡងជាប់នោះ ភាគរយនៅមានចំនួនតិច រហូតដល់អ្នកខ្លះតែងតែនិយាយលេងថា អ្នកដែលជាប់គឺគេមានស្រាប់ហើយ រីឯការរៀបចំការប្រឡងគឺគ្រាន់តែជារូបភាពបង្ហាញពីភាពត្រឹមត្រូវនៃការប្រឡងតែប៉ុណ្ណោះ។

កន្លងមកមានការរិះគន់ត្រង់ៗចំពោះស្ថាប័ននានាថា អ្នកដែលជាប់គឺសុទ្ធតែកូនមេនេះ មេនោះ កូតាអ្នកនេះ កូតាអ្នកនោះ ដូច្នេះនៅក្នុងឆ្នាំ២០២១ ខាងមុខនេះ គួរតែលុបបំបាត់ពាក្យរិះគន់នេះ ហើយរៀបចំឲ្យ វាសុក្រិត ដើម្បីធ្វើយ៉ាងណាឲ្យការប្រឡងនេះគឺជាការចម្រាញ់យកអ្នកដែលមានសមត្ថភាពពិត​ប្រាកដដើម្បីបម្រើប្រទេសជាតិពិតប្រាកដ ពីព្រោះនៅពេលនេះ ការងារជាច្រើនគឺសុទ្ធសឹងតែទាមទារ​សមត្ថភាពមិនមែនទាមទារមន្រ្តីដែលគ្មានសមត្ថភាពហើយជាប់តាមកូតា​តាមឥទ្ធិពលនោះទេ។

ការងាររាជការនៅពេលបច្ចុប្បន្ននេះ កាន់តែសំខាន់ និងកាន់តែចាំបាច់នៅក្នុងការស្វែងរកមន្រ្តីដែលមានសមត្ថភាពពិតប្រាកដ​ដើម្បីបំពេញការងារ។​ កន្លង​មក​មាន​ការ​រិះ​គន់​ថា​ មន្រ្តីដែលជាប់ខ្លះកន្លងមក សូម្បីតែ​អានកាសែតក៏អ្នកខ្លះសឹងតែមិនចេះអានផងក៏មានដែរ ប៉ុន្តែអាចក្លាយជាមន្រ្តីរាជការម្នាក់បាននឹងគេដែរ។

សរុបមកវិញធនធានមនុស្សដែលមានសមត្ថភាពបំពេញការងារ និង ការទទួលខុសត្រូវគឺសំខាន់ណាស់ ហើយវាទាមទារអ្នកដែលមានសមត្ថភាព ដូច្នេះយើងខ្ញុំសង្ឃឹមថា ការប្រឡងជ្រើសរើសមន្រ្តីរាជការ នៅឆ្នាំក្រោយនេះនឹងសុក្រឹតពិតប្រាកដ៕

Add new comment

4 + 6 =