របាយការណ៍សមត្ថកិច្ចថា គ្រោះថ្នាក់ចរាចរណ៍ថយ ប៉ុន្តែសម្រាប់ចំនួននេះមើលទៅនៅតែខ្ពស់

រហូតមកដល់ពេលនេះវាមានរយៈពេលជាង១៣០ ថ្ងៃហើយដែលកម្ពុជាបានពង្រឹងនិង អនុវត្តនូវច្បាប់ចរាចរណ៍ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយករណីរបួសនិងគ្រោះថ្នាក់រហូតដល់ជីវិតគឺ នៅតែច្រើន។ ដូច្នេះ​​យើង​គួរតែបន្តចូលរួមប្រុងប្រយ័ត្ននិងពង្រឹងការគោរពច្បាប់ចរាចរណ៍នេះបន្ថែមមួយកម្រិតទៀត ជាពិសេសនៅក្នុងអំឡុងពេលឈប់សម្រាកនៅពេលភ្ជុំបិណ្ឌសប្តាហ៍ក្រោយនេះ។

តាមការកត់ត្រារបស់សមត្ថកិច្ចប៉ូលីសបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ គិតចាប់ពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ បានកើតឡើងរហូតដល់ទៅ ១.០៥៩លើក រីឯជនរងគ្រោះដល់ជីវិតនោះគឺមានចំនួនរហូតដល់ទៅ ៥៣៨នាក់ រីឯអ្នករបួសមានចំនួនរហូតដល់ ១.៦៦៦នាក់ ក្នុងនោះរបួសធ្ងន់គឺជិត១០០០ នាក់ឯណោះ។

បើផ្អែកតាមរបាយការណ៍បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ឆ្នាំ២០២០ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ក្នុងឆមាសទី១ ឆ្នាំ២០២០ បានកើតឡើងចំនួន ១.៦១៩លើក បណ្ដាលឲ្យស្លាប់ចំនួន៨១៦នាក់ និងរបួសចំនួន២.៤៤៩នាក់ នៅក្នុងនោះរបួសធ្ងន់១.១២៣នាក់ ហើយ អ្នកស្លាប់ភាគច្រើននៅរាជធានីភ្នំពេញ ១៤៦នាក់ ខេត្តកំពង់ធំ ៦០នាក់ និងខេត្តកណ្ដាល ៥៩នាក់។ នេះគឺជាតួលេខថ្មីៗដែលយើងខ្ញុំបានទទួល ហើយបើប្រៀបធៀបឆមាសទី១ ឆ្នាំ២០១៩វិញយើងឃើញថា គ្រោះថ្នាក់ថយចំនួន៥៥២លើក ស្មើ២៥% ពោលពី ២.១៧១ លើកមកនៅត្រឹមតែ ១.៦១៩ រីឯអ្នកស្លាប់ថយចំនួន១៧២នាក់ស្មើ១៧% និងរបួសវិញថយ៧៧៨នាក់ ស្មើ២៤%។

ជាការពិតក្រោយការរឹតបន្តឹងការគោរពច្បាប់ចរាចរណ៍ឃើញថា មានប្រសិទ្ធិភាពមែន ប៉ុន្តែចំនួននេះនៅតែខ្ពស់ ដែលយើងជាពិសេសអ្នកដែលបើកបរទាំងអស់ ត្រូវតែបន្តរក្សា និងដាស់តឿនគ្នាទៅវិញទៅមកដើម្បីបង្ការនិងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ នៅពេលដែលយើងធ្វើដំណើរនៅតាមដងផ្លូវនានា។

សរុបមកវិញសូមបន្ថែមការប្រុងប្រយ័ត្ននិងគោរពច្បាប់ចរារណ៍ នៅក្នុងអំឡុងពេលបើកបរ និងពេលធ្វើដំណើរ ដើម្បីរួម​គ្នាកាត់បន្ថយគ្រោះថ្នាក់នេះ។ នៅពេលដែលអស់លោកធ្វើដំណើរ ជាពិសេសគឺនៅពេលដែលកាន់ចង្កូតយានយន្ត គឺត្រូវតែនឹកដល់ការប្រុងប្រយ័ត្ន ហើយចំណុចដែលត្រូវតែចាំនិងយកចិត្តទុកដាក់ ដើម្បីបង្ការគ្រោះថ្នាក់ចរាចរណ៍នោះគឺ ល្បឿនយានយន្ត និងគោរព​អធ្យាស្រ័យ​គ្នាទៅវិញទៅ​មក។

តាមការកត់ត្រារបស់សមត្ថកិច្ចបានឲ្យដឹងថា មូលហេតុនៃការបង្ករគ្រោះថ្នាក់ចរាចរណ៍ គឺមកពី បើកបរលើសល្បឿនកំណត់៣៣% មិនគោរពសិទ្ធិ២៣% មិនប្រកាន់ស្តាំ១៤% វ៉ាជែង១០% បត់១០% ស្រវឹង៦% កត្តាយានយន្ដ៤% និងងងុយ១%។

ការប្រុងប្រយ័ត្ននិងគោរពច្បាប់ចរចរណ៍មិនត្រឹមតែការពារអាយុជិវិតយើង ក្រុមគ្រួសារយើង ហើយក៏ការពារអាយុជីវិតពលរដ្ឋដទៃទៀត និងទ្រព្យសម្បត្តិយើងនិងរបស់អ្នកដទៃផងដែរ។ សូមបន្តគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា៕

Add new comment

8 + 5 =