យ័ន្តការពារគ្រោះថ្នាក់ចរាចរណ៍ជាអ្វី?

រហូតមកដល់ពេលនេះជាទូទៅលោកអ្នកជាច្រើន គឺមានទម្លាប់រៀបចំពិធីសែនព្រេនផ្សេងៗ ហើយបានផ្សព្វផ្សាយឬចែករំលែកតាមបណ្តាញសង្គមជាហូរហែរ ពេលពួកគេបានទិញយានយន្តថ្មី​ចូលគេហដ្ឋាន នៅក្នុងគោលបំណងដើម្បីកុំឲ្យយានយន្តនោះ​មានបញ្ហា ឬកុំ​ឲ្យ​មាន​គ្រោះថ្នាក់ផ្សេងៗ។

នោះគឺជាជំនឿ និង ជាប្រពៃណីទំនៀមទម្លាប់ ហើយយើងខ្ញុំក៏មិននិយាយថា ការរៀបចំពិធីបែបនេះវាល្អឬមិនល្អ វាស័ក្តសិទ្ធិ ឬ យ៉ាងណានោះទេ ដោយសារតែនោះគឺជាជំនឿ ហើយមក​ដល់ពេលនេះរឿងជំនឿនេះ វាមានពិតឬមិនពិតគឺគ្មានរណាដឹងពិតប្រាកដនោះទេ ពោលគឺបានត្រឹមតែគិតនិងប្រតិបត្តិតៗគ្នាជាបន្តបន្ទាប់តាមបរិបទសង្គមនិងប្រពៃណីវប្បធម៌ ប៉ុន្តែប្រសិនបើទាំងអស់គ្នាចង់ឲ្យយានយន្តរបស់អ្នកទាំងអស់គ្នា កាន់តែមានសុវត្ថិភាពនៅក្នុងពេល​ធ្វើដំណើរក្រោយពេលដែលយើងបានទិញនិងប្រើប្រាស់វាហើយនោះ គួរតែកុំភ្លេចយ័ន្តមួយទៀត គឺការគោរពច្បាប់ចរាចរណ៍ ដោយបើកបរនិងប្រើប្រាស់យានយន្តនៅលើទ្រូងផ្លូវប្រកបដោយ ការយោគយល់ គោរពសិទ្ធិគ្នាទៅវិញទៅមក ជាពិសេសគឺការត្រួតពិនិត្យ និងគ្រប់គ្រង ប្រព័ន្ធសុវត្ថិភាពនៅក្នុងយានយន្តនោះផង។

បើលោកអ្នកសែនព្រេនហើយ រួចផឹកស្រវឹង បញ្ជាចង្កូតយានយន្ត​នៅក្នុងល្បឿនលឿន មិនយោគមិនយល់អធ្យាស្រ័យ មិនគោរពភ្លើងសញ្ញាចរាចរណ៍ និង ស្លាកសញ្ញា ទោះអស់លោកសែនព្រេនធំដុំប៉ុណ្ណា ក៏​មិន​អាច​ជួយ​សង្រ្គោះ​បាន​ដែរ។ លោកអ្នកអាចរួចខ្លួនបានម្តង ពីរដង តាមព្រេងសំណាងរបស់អស់លោកប៉ុណ្ណោះ។

សូមរិះគិតនិងចូលរួមពង្រឹងនូវការអនុវត្តការគោរពច្បាប់ចរាចរណ៍ផង អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១០ខែកញ្ញា ឆ្នាំ២០២០កន្លងទៅនេះ គ្រោះថ្នាក់ចរាចរណ៍ កើតឡើងរហូតដល់ទៅចំនួន ១០លើក ដោយមានជនរងគ្រោះ ស្លាប់ ៤នាក់ និងរបួសចំនួន ១២នាក់ ក្នុងនោះរបួសធ្ងន់៩នាក់។

បើតាមរបាយការណ៍បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ឆ្នាំ២០២០ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ក្នុងឆមាសទី១ ឆ្នាំ២០២០ បានកើតឡើងចំនួន ១.៦១៩លើក បណ្ដាលឲ្យស្លាប់ចំនួន៨១៦នាក់ និងរបួសចំនួន២.៤៤៩នាក់ (របួសធ្ងន់១.១២៣នាក់) អ្នកស្លាប់ភាគច្រើននៅរាជធានីភ្នំពេញ ១៤៦នាក់ ខេត្តកំពង់ធំ ៦០នាក់ និងខេត្តកណ្ដាល ៥៩នាក់។

របាយការណ៍ដដែលបានបន្តថា មូលហេតុនៃការគ្រោះថ្នាក់ចរាចរណ៍មកពី បើកបរលើសល្បឿនកំណត់៣៣% មិនគោរពសិទ្ធិ២៣% មិនប្រកាន់ស្គាំ១៤% វ៉ាជែង១០% បត់១០% ស្រវឹង៦% កត្តាយានយន្ដ៤% និងងោកងុយ១%។

សរុបមកវិញយើងខ្ញុំលើកយកចំណុចនេះគឺដើម្បីចូលរួមបន្តពញាក់ស្មារតីលោកអ្នកឲ្យប្រុងប្រយ័ត្ននៅក្នុងពេលបើកបរឬពេលបញ្ជាចង្កូតយានយន្តប៉ុណ្ណោះ។ ទោះ​ជាយ៉ាងណា​ក៏​ដោយ សូម​លោក​អ្នក​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​សុខ​សុវត្ថិភាព​៕

Add new comment

1 + 0 =