យើង​ត្រូវ​រៀន​រស់នៅក្នុងគន្លងថ្មី

នៅពេលនេះ​ករណីឆ្លងនៃមេរោគនៅកម្ពុជាហាក់នៅទ្រឹងមិនឡើងមិនចុះ នេះប្រហែលជា វាកំពុងតែស្ថិតនៅក្នុងដំណាក់កាលនៃការឈានទៅរៀបចំបើកដំណើរការឡើងវិញនៃសកម្មភាពសង្គម និង សេដ្ឋកិច្ចនៅក្នុងប្រទេសវិញហើយ ដូច្នេះយើងខ្ញុំសង្ឃឹមថា យើងទាំងអស់គ្នានឹងបន្តរៀនរស់និងព្យាយាមបន្សាំនឹងបរិបទនៃការរីករាលដាលនៃកូវីដ ១៩ នេះឲ្យបានទាំងអស់គ្នា ដើម្បីបន្តធ្វើយ៉ាងណាកុំឲ្យមានការរីករាលដាលកើនឡើងលើសពីនេះ។​

យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ចាប់តាំងពីឈប់សម្រាកពេលភ្ជុំបិណ្ឌមកដល់ ពេលនេះ តួលេខនៃការឆ្លងរីករាលដាលនៃមេរោគកូវីដ ១៩ នៅកម្ពុជាហាក់បីដូចជាឡើងមួយរយៈពេល ប៉ុន្តែតួលេខគឺមិនទាន់បានកើនឡើងដល់ ៣០០ នៅឡើយទេ​ ហើយប្រហែលជាដោយសារតែករណីនេះហើយទើបកាលថ្ងៃទី ១៦ ខែ តុលា កន្លងទៅនេះ ក្រសួងសុខាភិបាល បានចេញនូវសេចក្តីជូនដំណឹងមួយ ដើម្បីបន្ធូរបន្ថយស្ថានការណ៍ នៃការធ្វើចត្តាឡីស័ក សម្រាប់ពលរដ្ឋកម្ពុជា អ្នកវិនិយោគទុន និង អ្នកដំណើរទូទៅ។

សេចក្តីជូនដំណឹងនោះបានបញ្ជាក់ថា សម្រាប់អ្នកដំណើរទូទៅ ដែលចាក់វ៉ាក់សាំងហើយពេញលេញ គឺ អាចកាត់បន្ថយរយៈពេលនៃការធ្វើចត្តាឡីស័កត្រឹមតែ ៧ ថ្ងៃតែប៉ុណ្ណោះ ខណៈដែលវិនិយោគិន និង ភ្ញៀវរបស់រដ្ឋាភិបាល គឺត្រឹមតែរយៈពេល ៣ ថ្ងៃប៉ុណ្ណោះ ហើយ ដោយឡែក សម្រាប់ភ្ញៀវផ្លូវការ និង ថ្នាក់ដឹកនាំ គឺតាមការសម្រេចជាក់ស្តែងរបស់រាជរដ្ឋាភិបាល ប៉ុន្តែសម្រាប់អ្នកដែលមិនទាន់ចាក់វ៉ាក់សាំងពេញលេញ គឺត្រូវបន្តធ្វើចត្តាឡីស័ក រយៈពេល ១៤ ថ្ងៃដដែល។

នេះគឺជាការកែសម្រួលថ្មីមួយ ហើយយើងខ្ញុំមានសុទិដ្ឋិនិយមថា នៅក្នុងករណីដែលយើងទាំងអស់គ្នាបន្តអាចបន្សាំខ្លួននៅក្នុងបរិបទនៃការរីករាលដាលនៃមេរោគកូវីដ ១៩ នេះ​បានល្អបន្តទៀត សកម្មភាពនានាជាប្រក្រតីនៅកម្ពុជានឹងត្រឡប់មកវិញ ប៉ុន្តែទោះជាយ៉ាងណាសូមកុំបោះបង់នូវវិធានបីកុំ បីការពារឲ្យសោះ ពីព្រោះនេះគឺជារបាំងការពារមេរោគកូវីដ ១៩ ដ៏សកម្ម និង មានប្រសិទ្ធិភាព។

វា​ពិត​ជា​សំណាងណាស់​ដែល​នៅកម្ពុជាយើង រយៈពេលនៃការបិទខ្ទប់គឺមានត្រឹមតែ ២១ថ្ងៃ ​នៅប្រទេសជិតខាង ដូចជា​នៅថៃ នៅវៀតណាម និងឡាវ គឺកំពុងតែបន្តរងនូវវិធានការណ៍នេះនៅឡើយទេ។ ហើយ​នៅ​ក្នុង​ថ្ងៃ​នេះ នៅ​កម្ពុជា​ អត្រា​នៃ​ការ​ឆ្លង​គឺ មាន​ចំនួន​ត្រឹម​តែ​១៩៥នាក់ប៉ុណ្ណោះ មានអ្នក​ជា​សះស្បើយ​ចំនួន២៧៩នាក់ និង​ស្លាប់​ចំនួន​១២​នាក់។ ទាំងនេះគឺដោយសារតែយើងទាំងអស់គ្នា​បានមូលមតិគ្នា រួមគ្នា ហើយចូលរួមទាំងអស់គ្នា នៅក្នុងការបង្ការនិងការពារនៃការរីករាលដាលនៃមេរោគ តាមការផ្តួចផ្តើមដោយរដ្ឋាភិបាល ដែលរួមមាន ការចូលរួមយុទ្ធនាការចាក់វ៉ាក់សាំង ការចូលរួមអនុវត្តនូវវិធានការផ្សេងៗ បានបង្គួរ​ ដូច្នេះ យើងត្រូវតែបន្តខិតខំអនុវត្តវិធានការណ៍ទាំងនេះបន្តទៀត ដើម្បីភាពវិជ្ជមាន និង ដើម្បីឈ្នះលើមេរោគកូវីដ ១៩។ ​៕

 

Add new comment

7 + 1 =