យើងម្នាក់ៗក៏ជាចំណែកមួយនៃការចូលរួមកាត់បន្ថយបញ្ហាបម្រែបម្រួលអាកាសធាតុ​!

នៅចុងខែតុលានេះ​ ពោលគឺចាប់ពីថ្ងៃទី ៣១ តុលា ដល់ ថ្ងៃទី​១២ ខែ វិច្ឆិកា ឆ្នាំ​២០២១ មេដឹកនាំពិភពលោក ដោយរួមទាំងកម្ពុជាផង នឹងចូលរួមសន្និសីទកំពូលមួយស្តីអំពីបញ្ហាបម្រែបម្រួលអាកាសធាតុ ដែលគេតែងតែស្គាល់និងហៅកាត់ថា COP26 ដែលគ្រោងនឹងរៀបចំឡើង ក្នុងទីក្រុង ក្លាសហ្គូវ (Glasgow)​នៅប្រទេសស្កុតឡែន ។

នៅកិច្ចប្រជុំកំពូល COP26 នេះ គេគ្រោងនឹងនាំគ្រប់ភាគីរួមគ្នាដើម្បីពន្លឿនសកម្មភាពឆ្ពោះទៅរកគោលដៅនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ ខណៈដែលប្រទេសមួយចំនួន បានប្តេជ្ញាធ្វើការជាមួយប្រទេសទាំងអស់ និងចូលរួមកម្លាំងជាមួយសង្គមស៊ីវិល ក្រុមហ៊ុន និងប្រជាជននៅជួរមុខដើម្បីដោះស្រាយបញ្ហានៃការប្រែប្រួលអាកាសធាតុ ដែលមកដល់ពេលនេះ ពិភពលោកកំពុងតែ ទទួលឥទ្ធិពលនៃគ្រោះធម្មជាតិកាន់តែសាហាវ ដូចជាកំណើនកំដៅផែនដី រលកកំដៅ ព្យុះសង្ឃរា ព្យុះទឹកកក ទឹកជំនន់ ការធ្លុះធ្លាយស្រទាប់អូហ្សូន ដោយរួមទាំងបញ្ហានៃការរីករាលដាលនៃ ជំងឺកាចសាហាវនានា។

តាមពិតទៅរហូតមកដល់ពេលនេះ មានទឡ្ហីករណ៍ខ្លះបានលើកឡើងថា ការរីករាលដាលដ៏សាហាវ នៃមេរោគកូវីដ ១៩ នៅលើពិភពលោកអស់រយៈពេលប្រមាណជា ២ឆ្នាំមកនេះ ក៏ជា ផ្នែកមួយដែលមានឥទ្ធិពលបណ្តាលមក ពីបញ្ហាបម្រែបម្រួលអាកាសធាតុនេះផងដែរ ខណៈដែលមតិជាច្រើនទៀត បានដាក់បន្ទុកទៅលើសកម្មភាពរបស់មនុស្ស និង មានការចោទប្រកាន់គ្នាចុះឡើងកន្លងមកនោះ។

នេះគឺជាព្រឹត្តិការណ៍ពិភពលោក ប៉ុន្តែតើយើងគួរតែដោះស្រាយបញ្ហានេះដោយរបៀបណា នៅក្នុងនាមជាប្រជាពលរដ្ឋដ៏សមញ្ញនោះ? ចម្លើយគឺងាយស្រួលទេ ប្រសិនបើយើងទាំងអស់គ្នា មានការប្តេជ្ញាចិត្តនៅក្នុងការធ្វើវា។ យើងទាំងអស់គ្នាអាចចូលរួមបាន ទោះបីជាយើងជាប្រជាពលរដ្ឋដែលមានឋានៈតូចតាចក៏ដោយ។ ការកាត់បន្ថយបញ្ហានិងផលប៉ះពាល់ដល់ បម្រែបម្រូលអាកាសធាតុ គឺចេញមកពីយើងម្នាក់ៗនេះឯង ហើយយើងអាចចូលរួមបាន តាមរយៈការរស់នៅដោយផ្សាភ្ជាប់នឹងធម្មជាតិ ដូចជា ព្យាយាមចូលរួមដាំដើមឈើ កុំកាប់បំផ្លាញឈើ ព្យាយាមចូលរួមកាត់បន្ថយនិងសន្សំសំចៃការប្រើប្រាស់ថាមពល ទាំងសាំង ទាំងភ្លើង ទាំងការប្រើប្រាស់អុសនិងធ្យូង ហ្គាសក្តី ហើយត្រូវចូលរួមញែកសំរាម ឲ្យដាច់ពីគ្នារវាង របស់ដែលមិនរលាយ ដូចជាប្លាស្ទីក លោហៈ និង សរីរាង្គ ដើម្បីជួយដល់ដំណើរការកែច្នៃនិងប្រើប្រាស់ឡើងវិញ ឬយកទៅបំប្លែងធ្វើជាវត្ថុមានតម្លៃដល់ធម្មជាតិ កុំព្យាយាម បំពុលបរិយាកាស បំពុលបរិស្ថានផ្សេងៗចូលទៅក្នុងធម្មជាតិ។ ប្រសិនបើយើងទាំងអស់គ្នា អាចកាត់បន្ថយនិងចូលរួមអនុវត្តលើចំណុចទាំងនេះបាន គឺបានន័យថា យើងបានចូលរួម ដូច្នេះប្រសិនបើយើងម្នាក់ៗបានធ្វើ គ្រួសារយើងបានធ្វើ សហគមន៍យើងបានធ្វើ សង្គមយើងបានធ្វើ ហើយទាំងអស់គ្នានៅលើពិភពលោកបានធ្វើនិងចូលរួម នោះ​យើងទាំងអស់គ្នា នឹងអាចចូលរួមលើកកម្ពស់ដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុនេះបានហើយ ។

សរុបមកវិញ សូមកុំមើលស្រាលខ្លួនយើងម្នាក់ៗ ហើយសូមកុំបន្តបណ្តោយខ្លួនទៅបំផ្លាញ ធម្មជាតិនិងបរិស្ថានបន្តទៀត សូមទាំងអស់គ្នាព្យាយាមចូលរួមទាំងអស់គ្នា ដើម្បីពិភពលោក យើងទាំងអស់គ្នា ពីព្រោះផែនដីនេះមិនមែនជាកម្មសិទ្ធិដាច់មុខរបស់នរណានោះទេ គឺជា របស់យើងទាំងអស់ ដែលមានចំនួនសរុបរហូតដល់ទៅ ៧,៩ ពាន់លាននាក់៕

 

Add new comment

2 + 0 =