ផ្លាស់ប្តូរការងារក្នុងពេលនេះ ឱកាសដូចជាស្រអាប់

ក្នុងអំឡុងពេលនេះ មិនថាទីណាក៏ដូចជាទីណាដែរ គឺកំពុងប្រឈមនឹងពេលវេលាដ៏តានតឹងដោយសារតែផលប៉ះពាល់ដែលបណ្តាលមកពីការរីករាលដាលនៃមេរោគកូវីដ១៩ ដូច្នេះប្រសិនបើអាចទ្រាំបានគួរតែស៊ូទ្រាំ ហើយត្រូវតែចេះលៃលកកែច្នៃនិងបង្កើនទិន្នផលការងារបន្ថែមទៀត ពីព្រោះវិបត្តិនៃការអត់ការងារធ្វើកំពុងកើនឡើង ជាពិសេសគឺក្នុង​ស្រទាប់​យុវជន។

តាមតួលេខនៃបណ្តាញព័ត៌មាននៅក្នុងតំបន់មួយចំនួន យើងខ្ញុំបានដឹងថា យុវជននៅលើពិភពលោកជាពិសេសគឺតំបន់អាស៊ាន កំពុងប្រឈមនឹងភាព​អត់ការងារខ្ពស់នៅអំឡុងពេលនៃការរីករាលដាលកូវីដ១៩។ ជំងឺរាតត្បាតកូវីដ១៩ បានកំពុងតែបង្កនូវការរំខានយ៉ាងខ្លាំងដល់សេដ្ឋកិច្ចនិងទីផ្សារការងារនៅគ្រប់កន្លែងនៅលើពិភពលោក។

កាលពីខែមេសា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្រមានថាជំងឺរាតត្បាតនេះនឹងគំរាមកំហែងដល់ការ​ងាររបស់កម្មករចំនួន ៦៨ លាននាក់នៅទូទាំងទ្វីបអាស៊ី ប្រសិនបើការផ្ទុះឡើងបានបន្តរហូតដល់ខែកញ្ញា។ ចំពោះយុវជនដែលមានអាយុពី ១៥ ទៅ ២៤ ឆ្នាំ ដែលបានប្រឈមមុខនឹងបញ្ហាទីផ្សារការងារដ៏តឹងតែងស្រាប់តាំងពីមុនពេលផ្ទុះវិបត្តិជំងឺឆ្លងនេះ នាំ​ឲ្យ​ពួកគេ​ទទួល​ឥទ្ធិពល​កាន់​តែ​អាក្រក់​ទៅៗ។

របាយការណ៍រួមគ្នាមួយដែលបានធ្វើឡើងដោយធនាគារអភិវឌ្ឍអាស៊ីនិងអង្គការពលកម្មអន្តរជាតិ (ILO) បានបញ្ជាក់ថា វិបត្តិការងារនេះនឹងបន្តជះឥទ្ធិពលដល់យុវជនផ្សេងៗពីគ្នា អាស្រ័យលើស្ថានភាពរបស់ពួកគេនៅក្នុងទីផ្សារការងារ។ យុវជនមួយចំនួននឹងប្រឈមនឹងការលំបាកក្នុងការរក្សាតុល្យភាពការអប់រំនិងការបណ្តុះបណ្តាលជាមួយនិងតំរូវការផ្គត់ផ្គង់ប្រាក់ចំណូលគ្រួសារ។ អ្នកផ្សេងទៀតអាច​នឹងប្រ​ឈ​មបញ្ហា​ការស្វែងរកការងារដំបូងរបស់ពួកគេក្នុងទីផ្សារ​ដែល​ចង្អៀត​ខ្លាំង។ តាមការស្ទង់មតិថ្មីៗរបស់ក្រុមការងារយុវជន​នៅក្នុងការិយាល័យទីផ្សារការងារនៃអង្គការពលកម្មអន្តរជាតិបានប្រកាសថា យុវជនក្មេងខ្ចីទំនងជាជួបប្រទះនូវបញ្ហាលំបាកនៅក្នុងការស្វែងរកការងារធ្វើ ដែល​មាន​កម្រិតដល់ទៅ៣ដងលើសក្រុមយុវជនដែលមានអាយុ ២៥ឆ្នាំឬលើសពីនេះ ហើយភាគច្រើននៃការបាត់បង់ការងារក្នុងចំណោមយុវជនទាំងនេះគឺដោយសារតែអាជីវកម្មឈប់ដំណើរការ ឬត្រូវបានបញ្ឈប់ដោយសារតែការរីករាលដាលនៃមេរោគ។

នៅកម្ពុជាក៏កំពុងប្រឈមមុខនឹងបញ្ហានេះផងដែរ ដោយរោងចក្រ​ សេវាកម្មមួយចំនួន ជាពិសេសគឺផ្នែកភោជនីដ្ឋាន និងសណ្ឋគារ ដែលសុទ្ធតែជាកន្លែងទីផ្សារការងារសម្រាប់យុវជននោះ កំពុង​ជួប​ស្ថានភាពមិនច្បាស់លាស់។ ផ្អែកលើស្ថានភាពនេះយើងខ្ញុំសង្ឃឹមថា លោកអ្នក​ដែលនៅមិនទាន់មានបញ្ហាការងារ សូមពង្រឹងគុណភាពការងារ ហើយខិតខំរក្សាទីតាំងការងារមួយឲ្យបាន។ នៅក្នុងករណីចៃដន្យ ណាមួយកើតមានឡើងត្រូវតែរិះគិតបម្រុងទុកថា ខ្លួននឹងធ្វើអ្វីដើម្បីធ្វើយ៉ាងណាធានាថា ស្ថាន​ភាពហិរញ្ញវត្ថុអាចនៅក្នុងកម្រិតមួយដែលមានស្ថេរភាពសម្រាប់គ្រួសារ ពោលគឺត្រូវតែត្រៀម​ចិត្តត្រៀមគំនិត ត្រៀមវិធានការបម្រុង ពីព្រោះវិបត្តិនេះទំនងជាមិនអាចនឹងស្តារឡើងវិញបាន​នៅក្នុងអំឡុងពេលដ៏ខ្លីខាងមុខនេះបានឡើយ។ ក្នុងអំឡុង​ពេលនេះ ហានិភ័យមាន​ច្រើន​ជាង​ឱកាស​ការងារ។  សូមថ្លឹងថ្លែង​ឲ្យ​ហ្មត់ចត់​មុន​នឹង​សម្រេចចិត្ត​៕

Add new comment

1 + 0 =