Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ប្អូនៗយុវវ័យ! សូមកុំយកអំពើហិង្សាជាដំណោះស្រាយ
ប្អូនៗយុវវ័យ កំហឹងនរណាក៏មានប៉ុន្តែសូមកុំអោយកំហឹងដែលប្អូនៗមាន ប្រែក្លាយទៅជា អំពើហិង្សាលើអ្នកដទៃ ពីព្រោះថា ប្រសិនបើប្អូនៗខឹង ហើយទប់កំហឹងមិនបានបញ្ចេញសកម្ម ភាពហិង្សាលើអ្នកដទៃ ប្អូនៗនឹងប្រពឹត្តអំពីឧក្រិដ្ឋ ដែលច្បាប់មិនអាចអត់ឱនឲ្យបានឡើយ។
ប្អូនៗជាទីស្រលាញ់ សង្គមរបស់យើងទៅថ្ងៃអនាគតសង្ឃឹមថា ប្អូនៗនឹងក្លាយជាអ្នកបន្តវេន ដូច្នេះសូមរៀនអត់ធ្នត់ រៀនករុណា រៀនស្រលាញ់ និងរៀនអធ្យាស្រ័យ។ នរណាក៏ចេញខឹង នរណាក៏ចេះស្អប់ នរណាក៏ចេះស្រលាញ់ ប៉ុន្តែការខឹងក្តី ស្អប់ក្តី ស្រលាញ់ក្តីគឺគួរតែមាន ព្រំដែន ហើយយើងទាំងអស់គ្នាត្រូវតែរៀនទប់ឫរម្ងាប់អារម្មណ៍។
ការខឹង ការស្អប់ ការស្រលាញ់គឺជាសិទ្ធិរបស់យើងម្នាក់ៗ ប៉ុន្តែប្រសិនបើបញ្ហានេះវាវិវត្តទៅ ជាសកម្មភាព ប្រសិនបើដៃគូគេយល់ស្រប និងស្រុះស្រូលជាមួយយើងវាមិនជាបញ្ហាទេ ប៉ុន្តែនៅពេលដែលយើងសំដែងអារម្មណ៍ទៅ ហើយគេប្រតិកម្ម ហើយយើងបែជាប្រតិកម្មទៅវិញលើសពីព្រំដែននៃសិទ្ធិ ពោលគឺប៉ះពាល់ដល់សិទ្ធិអ្នកដ៏ទៃយើងនឹងមានពិរុទ្ធភាព។ នេះគឺជាច្បាប់ឫជាក្រិត្យក្រមសង្គមដើម្បីដាក់កំណត់ព្រំដែននៃការខឹង ការស្អប់ ការស្រលាញ់របស់យើង បើមិនដូច្នេះសង្គមយើងនឹងអនាធិបតី។
ប្អូនៗបានឃើញទេ អ្វីដែលកើតឡើងនៅខេត្តតាកែវ ដែលក្រុមយុវជនមួយក្រុមកាប់យុវជន ម្នាក់ស្លាប់ដោយដាច់ករនេះ គឺជាផលនៃអ្វីដែលយើងខ្ញុំបានលើកឡើងខាងលើ។ ហើយសកម្មភាពមួយទៀត ដែលពាក់ព័ន្ធនឹងក្រុមយុវជន៦ នាក់ជិះម៉ូតូដេញកាប់យុវជនពីរនាក់នៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យកាលពីយប់ថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២៣ នៅចំណុចផ្លូវលេខ៦ស្ថិតក្នុងភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក៏ជាឧទាហរណ៍មួយករណីទៀត ដែលបញ្ជាក់ប្រាប់ប្អូនៗថា នេះគឺជាសកម្មភាពខុសដែលគួរតែជៀសវាង។ នៅក្នុងករណីនេះ ប្អូនដែលជាក្រុមជនដៃដល់គឺត្រូវបានសមត្ថកិច្ចចាប់បានពីរនាក់ហើយ ដើម្បីយកមក ផ្តន្ទាទោសតាមច្បាប់ ដោយឡែកបក្សពួក៤ នាក់ផ្សេងទៀតគឺសមត្ថកិច្ចកំពុងតែស្រាវជ្រាវ ចាប់ខ្លួន។
ឃើញករណីទាំងនេះប្អូនៗថា វាចំណេញឫសម្រាប់សកម្មភាពដែលបំផ្លាញខ្លួនឯងបែបនេះ។ ទាំងអស់គ្នាគឺជាជនជាតិតែមួយ មិនគួរយកបញ្ហាគំនុំធ្វើជាមូលហេតុទេ ។ ទោះខឹងទោះស្អប់ ទាំងអស់គ្នានៅតែជាជនរួមជាតិ ដូច្នេះគួរតែចេះអធ្យាស្រ័យ ចេះយោគយល់។ ទោះលើសលោះ ឬខុសអ្វីក្តីគួរតែព្យាយាមសម្រួលអារម្មណ៍សម្រួលផ្លូវចិត្ត ទប់កំហឹង និង បញ្ចុះកំំដៅនៃ កំហឹងហើយបង្វិលវាទៅជាការនិយាយការជជែករកមូលហេតុ និងផលដោយសន្តិវិធីវិញ៕
Add new comment