ប្រហែសមិនបានដាច់ខាតជាមួយនឹងកូវីដ១៩

មិនអាចលេងសើចឬធ្វេសប្រហែសបានទេ ជាមួយនឹងមេរោគកូវីដ១៩ ពីព្រោះពេលនេះវាបានឆ្លងទៅដល់មនុស្សប្រហែលជា១០លាននាក់ហើយ នៅទូទាំងពិភពលោក ហើយនៅកម្ពុជាយើងវិញចំនួនបានកើនឡើងជានិច្ច។

រហូតមកដល់ពេលនេះ បើតាមសេចក្តីរាយការណ៍ពីក្រសួងសុខាភិបាលកម្ពុជាយើងបានរកឃើញ ករណីមេរោគកូវីដ១៩ នេះសរុប១៤១ ករណី ហើយកាលពីម្សិលម្ង៉ៃគឺកើនដល់ទៅ៩ករណីដែលសុទ្ធតែជាពល​រដ្ឋកម្ពុជា ដូច្នេះសូមកុំធ្វេសប្រហែសឲ្យសោះ។

ជាការពិតនៅក្នុងចំណោម១៤១ករណីដែលបានរកឃើញ យើងពិតជាមិនទាន់មានអ្នកស្លាប់នៅឡើយទេ ហើយអត្រានៃការជាសះស្បើយវិញនោះ គឺមានរហូតដល់ទៅជាង៩០ភាគរយ ដែលនេះអាចថាជាមោទនភាពមួយក៏ថាបាន។ ហើយចំណុចមួយដែលគួរកត់សំគាល់ដែរនោះ គឺថានៅក្នុងចំណោមករណីដែលបានរកឃើញទាំងអស់ភាគច្រើនជា​ករណីនាំចូល។

ភាគរយនៃករណីដែលឆ្លងនៅក្នុងស្រុកតាំងពីខែមករា​នៃការ​រកឃើញអ្នកឆ្លងដំបូងគេនោះ មកដល់ពេលនេះ ភាគរយឆ្លងនៅក្នុងស្រុកគឺមានតិចតួច ប៉ុន្តែសូមកុំមោទនភាពជ្រុលហើយធ្វេសប្រហែស បើមិនដូច្នេះទេ ខ្លាច​តែ​មាន​ប្រហោង បើ​ធ្លោះ​ធ្លោយ​ហើយ​​ឆ្លងនៅក្នុងសហគមន៍នៅក្នុងស្រុក ជាពេលវេលាភ័យន្តរាយដ៏ធំសម្រាប់ស្រុកយើង។
សូមកុំមើលងាយនិងមើលស្រាល ហើយក៏សូមកុំសុទិដ្ឋិនិយមជ្រុលពេក។

មកដល់ពេលនេះតាមការសង្កេតរបស់យើងខ្ញុំ គឺហាក់ដូចជាឃើញថា បងប្អូនប្រជាពលរដ្ឋយើងហាក់ ដូចជាចង់ប្រហែសខ្លួន ហើយហាក់ដូចជាភ្លេចវិធានបង្ការនិងការពារសុវត្ថិភាពផ្ទាល់ខ្លួនបណ្តើរៗហើយ។
តួ​យ៉ាង​នៅតាមដងផ្លូវនិងកន្លែងសាធារណៈនានា ប្រជា​ជន​ហាក់​មិន​សូវ​ធ្វើ​វិធាន​អនាម័យ ឬ​គម្លាត​សុវត្ថិភាព​សង្គម​ឡើយ។​ ​តើមានប៉ុន្មានភាគរយដែលនៅបន្តប្រើម៉ាស់ តើមានប៉ុន្មានភាគរយដែលនៅបន្តព្យាយាមរក្សាគម្លាតសុវត្ថិភាព តើមានប៉ុន្មានភាគរយដែលយកទឹកអាល់កុលឬជែល ដាក់តាមខ្លួនដូច​ពេ​លមុន​ៗ​ទៀត? តើមានប៉ុន្មានភាគរយដែលនៅបន្តឧស្សាហ៍លាងដៃនឹងសាប៊ូ? តើមានប៉ុន្មានភាគរយដែលមិនព្យាយាមមិនយកដៃទៅប៉ះភ្នែក ច្រមុះ និងមាត់?

សូមលោក​អ្នក​កុំភ្លេចខ្លួន អង្គការសុខភាពពិភពលោកបានបញ្ជាក់ហើយថា គេ​មិន​អាច​កំណត់​អំពី​​អត្តចរិត និង​ទីកន្លែង​ដែល​កូវីដ​១៩​អាច​រស់នៅ​នៅឡើយ តែអ្វីដែលយើងអាចដឹងបាននោះ គឺការ​ចម្លងរបស់វាបណ្តាលមកពីការប៉ះពាល់ផ្ទាល់ទៅនឹងដំណក់ទឹកមាត់តូចៗ ឬទឹករំអិលផ្លូវដង្ហើមរបស់អ្នកដែលមានផ្ទុកវីរុស ហើយបុគ្គលដែលមិនបានអនុវត្តន៍វិធានការការពារខ្លួនបានត្រឹមត្រូវ គឺ​អាច​នឹង​ជួប​​ហានិភ័យ​នៃ​​ការចម្លងវីរុសដ៏កាច់សាហាវនេះខ្ពស់​ជាង​អ្នក​ដែល​ចេះ​ការពារ និង​​អនុវត្តវិធានការពារខ្លួន។ ការចម្លងអាចនឹងកើតមានឡើងសម្រាប់បុគ្គលនៅគ្រប់កាលៈទេសៈ គ្រប់ពេលវេលានិងគ្រប់ទីកន្លែង។

ដូច្នេះសរុបមកវិញ សូមលោកអ្នក​កុំធ្វេសប្រហែស។ យើងទាំងអស់គ្នាត្រូវតែបង្កើនការអនុវត្តវិធានសុវត្ថិភាពរបស់យើងឡើងវិញ។ សូមកុំភ្លេចខ្លួនឲ្យសោះ ដោយត្រូវចេះផ្លាស់ប្តូរទម្លាប់របស់ខ្លួន តាមការណែនាំរបស់ក្រសួងសុខាភិបាល និង​ស្របតាមការរស់នៅធម្មតាតាមគន្លងថ្មី។ សូមកុំរំលងការប្រុងប្រយ័ត្នពីព្រោះមេរោគនេះ វាអាចវាយលុកផ្លូវដង្ហើមយ៉ាងសាហាវ ដែលធ្វើឲ្យមនុស្សពិបាកដកដង្ហើមរហូតដល់ត្រដរខ្យល់ ដោយសារតែខ្វះអុកស៊ីសែន ហើយអាចឈានដល់ស្លាប់បានដោយសារតែកូវីដ១៩នេះ។

សូមទាំងអស់គ្នាបន្តការពារខ្លួន គ្រួសារ សហគមន៍ សាច់ញាតិ និងប្រជាជាតិរបស់យើងឲ្យ​ចៀស​ផុត​ពី​ការ​រីក​រាល​ដាល​នៃ​មេរោគកូវីដ១៩នេះ៕

Add new comment

4 + 11 =

Please wait while the page is loading