Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ប្រច័ណ្ឌគឺជារងើកភ្លើងនៃអំពើហិង្សានៅក្នុងគ្រួសារ
ប្រច័ណ្ឌពាក្យនេះធម្មតាទេ ប៉ុន្តែនៅក្នុងសង្គមជាពិសេសនៅកម្ពុជា វាគឺជារងើកភ្លើងមួយនៃ អំពើហិង្សានៅក្នុងគ្រួសារ ហើយករណីខ្លះបានវិវត្តន៍រហូតក្លាយជារឿងឧក្រិដ្ឋកម្មថែមទៀតផង ។
សូមប្រយ័ត្ននិងលើកកំពស់ការរិះគិតដើម្បីកុំអោយប្រច័ណ្ទនេះវាវិវត្តន៍ទៅជាបញ្ហានេះបើមិនដូច្នេះទេសង្គមគ្រួសារនឹងមានវិបត្តិ ករណីដូចជាហេតុការណ៍មួយដែលបានកើតមានឡើងនៅក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន កាលពីពេលថ្មីៗកន្លងទៅ ។
ដោយសារតែភ្លៀងប្រច័ណ្ឌដែលបានកើតមានឡើងនៅក្នុងគ្រួសារតាំងពីយូរយារ មកហើយ ក្តីប្រច័ណ្ឌនេះ បានករកើតទៅជារឿងអំពើហិង្សានៅក្នុងគ្រួសាររាប់ឆ្នាំរហូតដល់ កាលពីវេលាម៉ោងប្រហែល៣និង៣០នាទីឈានចូលព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ ក៏បានកើតទៅជា រឿងក្តីឃាតកម្មដោយភរិយាសម្លាប់ប្តីខ្លួនឯងនឹងកាំបិតប៉័ងតោកាប់ប្រហារប្តីស្លាប់នៅលើគ្រែ ។
ក្រោយកើតរឿងរ៉ាវនេះឡើងភ្លាម ស្រ្តីជាឃាតករក៏បានទៅសារភាពប្រាប់សមត្ថកិច្ច ហើយគេដឹងថា មុនពេលឈានដល់ការសម្លាប់បុរសវ័យចំណាស់ជាប្តីខាងលើនេះ គឺទាំង២នាក់ប្តីប្រពន្ធ តែងតែឈ្លោះទាស់ទែងប្រកែកគ្នាជារឿយៗ ពោលគឺចាប់តាំងតែកូននៅតូចៗម្លេះ ដោយអ្នកភូមិគិតថា វាជារឿងធម្មតា ព្រោះគ្រាន់តែឈ្លោះរួចក៍ត្រូវគ្នាវិញ តាមទម្លាប់របស់ពួកគាត់។
តែមិនដូចការគិតឡើយស្រ្តីបានទ្រាំទ្រលែងបានរហូតដាច់ចិត្តសម្លាប់ប្តីខ្លួនឯងដ៏រន្ធត់រហូតដល់គ្មាននរណាអាចនឹងស្មានដល់ ។
ករណីនេះមិនមែនជាករណីដំបូងដែលក្តីប្រច័ណ្ឌបានវិវន្តទៅជារឿងក្តីឃាតកម្ម ។ កន្លងមក នៅក្នុងសង្គមកម្ពុជាយើង ពេលខ្លះប្តីប្រច័ណ្ឌប្រពន្ធខ្លាំងក៏កាប់សម្លាប់ប្រពន្ធ ហើយ ពេលខ្លះ ក៏ប្រពន្ធសម្លាប់ប្តីដូចករណីខាងលើ ដូច្នេះហើយបានជាយើងខ្ញុំសូមយកករណីទាំងនេះ ជាសក្ខីភាពដើម្បីចែករំលែកថា ក្តីប្រច័ណ្ឌបែបនេះគឺគ្រោះថ្នាក់ខ្លាំងណាស់ ។
ជាការពិតក្តីប្រច័ណ្ឌគឺកើតមកដោយសារតែក្តីស្រលាញ់ ប៉ុន្តែដោយសារតែវាងប់ងុលជ្រុល ពេកវាទៅជាបញ្ហាដែលមិនអាចទទួលយកបាន ។ ហើយនៅពេលដែលក្តីប្រច័ណ្ឌនេះវាកាន់តែធ្ងន់ធ្ងរវានឹងក្លាយទៅជារឿងឧក្រិដ្ឋកម្ម បែបនេះ ។
នរណាក៏មានក្តីស្រលាញ់ ក្តីប្រច័ណ្ឌប៉ុន្តែសូមកុំងប់ងុល។ ការដែលយើងសម្រេចចិត្តរួបរស់ជីវភាពជាស្វាមីនិងភរិយានឹងគ្នា គឺត្រូវតែគោរពអោយតម្លៃស្មោះត្រង់នឹងគ្នា ហើយនៅក្នុង ករណីប្រច័ណ្ឌ ខ្លាំងហើយទ្រាំមិនបាន សូមកាត់ចិត្តហើយចែកផ្លូវគ្នាដោយសន្តិវិធី ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយដើម្បីរក្សាចំណងសុភមង្គលអោយគង់វង្ស ការគោរពអោយតម្លៃ ជួយគ្នា ស្តាប់គ្នាអត់ឱន ចំណងនៃជីវិតគួរនឹងថែរក្សារហូតដល់អាវសាន្ត៕
Add new comment