បម្រាមលើការធ្វើដំណើរឆ្លងខេត្ត ចំនួន១៤ថ្ងៃ ជារឿងដែលយើងត្រូវតែគោរព

ដោយសារតែការរីករាលដាលនៃមេរោគកូវីដ១៩ ការចេញបម្រាមលើការធ្វើដំណើរឆ្លងខេត្តនិងការប្រកាសបិទរមណីដ្ឋាននានានៅទូទាំងប្រទេសរយៈពេល១៤ថ្ងៃនេះ គឺជារឿងដែលត្រឹមត្រូវបំផុត ដើម្បីបង្ការនិងការពារការផ្ទុះរីករាលដាលនៃមេរោគកូវីដ១៩ កាន់តែអាក្រក់ឡើងថែមទៀត។

ស្ថានភាពនៃការរីករាលដាលនៃមេរោកកូវីដ១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជានៅពេលនេះ គឺកំពុងតែស្ថិតនៅក្នុងស្ថានភាពមួយដែលពិបាកនឹងទស្សន៍ទាយ និងគ្រប់គ្រង ហើយពីមួយថ្ងៃទៅមួយថ្ងៃវាចេះតែរីករាលដាលឡើងជាបន្តបន្ទាប់។ ដូច្នេះសូមនាំគ្នាគោរពបម្រាមរបស់រាជរដ្ឋាភិបាល ហើយកុំជ្រួលជ្រើម ទៅ​ណា ជាពិសេសនៅក្នុងអំឡុងពេលសម្រាកបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៅសប្តាហ៍ក្រោយនេះ។

ការសម្រេចរបស់រាជរដ្ឋាភិបាលលើការចេញបម្រាមការធ្វើដំណើរឆ្លងខេត្តលើកលែងតែខេត្តកណ្តាលនិងរាជធានីភ្នំពេញ​នេះ និងការប្រកាសបិទបណ្តារមណីដ្ឋាននានានៅទូទាំងប្រទេសរយៈពេល១៤ថ្ងៃ គឺជាការសម្រេច ដើម្បីការពារនិងបង្ការការឆ្លងរីករាលដាលមេរោគកូវីដ១៩ប៉ុណ្ណោះ។ ដោយសារតែចលនារប​ស់យើងម្នាក់ៗ ដែលផ្លាស់ទីពីកន្លែងមួយទៅកន្លែងមួយគឺសុទ្ធសឹងតែជាហានិភ័យនៅក្នុងការឆ្លងទាំងអស់ ។ ការសម្រេចនេះ មិនមែនជាការបំបិទសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋណាម្នាក់ឡើយ ប៉ុន្តែគឺជាការសម្រេច មួយសម្រាប់ជាផលប្រយោជន៍របស់យើងទាំងអស់គ្នា។

មកដល់ពេលនេះការឆ្លងរីករាលដាលនៃមេរោគកូវីដ១៩ គឺបានផ្ទុះសឹងតែគ្រប់ខេត្តរាជធានីអស់ហើយ ហើយគ្រប់គ្នានៅពេលនេះ មិនដឹងថា តើយើងផ្ទុកមេរោគឬក៏អត់នោះទេ ហើយអ្នកដទៃទៀតក៏ដូចគ្នា។ ដូច្នេះប្រសិនបើរាជរដ្ឋាភិបាលលោកមិនបិទទេ នៅពេលឈប់សម្រាកចូលឆ្នាំប្រពៃណីជាតិខាងមុខនេះ មិនដឹងថា សន្ទុះនៃការឆ្លងមេរោគនេះនឹងកើនដល់កម្រិតណានោះទេ ដូច្នេះសូមយោគយល់និងចូលរួម គោរពតាមការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលទាំងអស់គ្នា។

ទាក់ទងនឹងការរីករាលដាលនៃមេរោគនេះ ការចល័តទីរបស់យើងម្នាក់ចេញពីគេហដ្ឋានទៅទីណាក៏ដោយ គឺសុទ្ធតែជាហានិភ័យ។ គ្រប់គ្នាមិនដឹងថា នរណាម្នាក់មានមេរោគនៅក្នុងខ្លួននៅឡើយទេ ដូច្នេះការចល័​ត​របស់យើងគឺមានន័យថា យើងអាចទៅទទួលមេរោគពីគេ ឬមួយក៏ទៅចែកចាយមេរោគឲ្យគេ ហើយបើនៅពេលឈប់សម្រាកនាពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខ យើងនាំគ្នាមិនគោរពតាមបម្រាម ហើយចេះតែដើរទៅស្រុកទៅភូមិឬរមណីដ្ឋាននេះនោះ វាដូចជាយើងនាំគ្នាធ្វើដំណើរទៅចែកចាយមេរោគឬទៅទ​ទួលមេរោគមកវិញដែរ។ ដូច្នេះយកល្អគឺរស់នៅទីណា រស់នៅទីនោះសិន ចាំពេលអស់មេរោគឬស្ថានកា​រណ៍ធូរស្បើយ ចាំយើងគិតគ្នាជាក្រោយថែមទៀត។

សរុបមកវិញសូមនាំគ្នាគោរពនិងអនុវត្តន៍នូវបម្រាមនេះទាំងអស់គ្នា ហើយនៅពេលឈប់សម្រាកនាឱ​កា​សបុណ្យចូលឆ្នាំថ្មីប្រពីណីជាតិខាងមុខនេះ ទាំងអស់គ្នាកុំធ្វើនិងជ្រួលច្របល់ដូចកាលពីឆ្នាំទៅទៀត។ កាលពីឆ្នាំមុន យើងអត់អី ដោយសារការផ្ទុះការឆ្លងជាសហគមន៍នៅពេលនោះយើងអាចគ្រប់គ្រងបាន តែពេលនេះការផ្ទុះជាសហគមន៍កំពុងតែក្តៅគគុក ហើយតើយើងប្រុងទៅសម្រុកបង្កើនកំដៅនេះបន្ថែមទៀតឬយ៉ាងណា?

Add new comment

19 + 0 =