បណ្តាញសង្គមស្រួលទំនាក់ទំនង ក៏​ងាយ​រងគ្រោះ​ដែរ

អ្នកដែលងប់ងល់នឹងបណ្តាញសង្គមហើយខ្វះការប្រុងប្រយ័ត្នត្រូវបានគេដឹងថា ជាជនដែលងាយរងគ្រោះបំផុត ដូចនេះយើងទាំងអស់គ្នាដែលបានកំពុងតែប្រើប្រាស់បណ្តាញទាំងនេះ សូមប្រុងប្រយ័ត្នទាំងអស់គ្នាបើមិនដូច្នេះទេ យើងអាចនឹងក្លាយជាជនរងគ្រោះមិនខានឡើយ។​

និយាយអំពីលក្ខណៈងាយស្រួលនៃការប្រើប្រាស់បណ្តាញសង្គមនានា យើងឃើញថា យើងងាយស្រួលទទួលព័ត៌មាន ព័ត៌មានដែលយើងទទួលសំបូរបែបហើយរហ័សថ្មីៗទាន់ចិត្ត ដែលប្រព័ន្ធផ្សព្វផ្សាយតាមបែបប្រពៃណី មានទូរទស្សន៍ វិទ្យុ ជាពិសេសគឺប្រព័ន្ធផ្សព្វផ្សាយបោះពុម្ភ ពិបាកនឹងអាចធ្វើបាន។ ក្រៅពីនោះបណ្តាញសង្គមក៏ងាយស្រួលទំនាក់ទំនង  ដោយក្រៅពីទទួលព័ត៌មានហើយនោះ យើងអាចទំនាក់ទំនងជាមួយគ្នាសឹងតែដូចជា ប្រព័ន្ធទូរសព្ទទៅហើយ។ ម្យ៉ាងវិញទៀត វាក៏កាន់តែទំនើបជាងទូរសព្ទទៅទៀត ដោយសារតែយើងអាចឃើញមុខគ្នាថែមទៀត។ ក្រៅពីនោះ នៅលើបណ្តាញសង្គម គឺមានទាំងអាជីវកម្ម និងការលក់ទំនិញនេះទំនិញនោះជាច្រើនប្រភេទ នោះយើងខ្ញុំមិននិយាយដល់សក​ម្មភា​ពផ្សេងទៀត រហូតមានអំពើ​ពេស្យាផងដែរ។ វាកា​ន់​​តែងាយស្រួលទៅទៀត នៅពេលដែលយើងរកទីតាំងណាមួយមិនឃើញ យើងអាចសួរគ្នា ហើយគេអាចចែករំលែកនូវទីតាំងភូមិ​សាស្រ្តគ្នាទៅវិញទៅមក ពោលគឺមានទាំងផែនទី មានការកំណត់គោលដៅបានច្បាស់លាស់។​ កត្តានេះ​ហើយ ដែលយើងត្រូវប្រុងប្រយ័ត្ន។

និយាយឲ្យចំទៅនៅលើបណ្តាញសង្គម អ្វីៗក៏មាននៅលើនោះដែរ ដូច្នេះហើយបានជាយើងត្រូវតែប្រុងប្រយ័ត្ន ពីព្រោះថា ប្រសិនបើយើងមិនប្រុងប្រយ័ត្នទេ វាអាចនឹងនាំទុក្ខទោសមកដល់ខ្លួនយើង សង្គមយើង គ្រួសារយើង និងសហគមន៍យើងក៏ថាបាន ដោយសារតែខ្វះការប្រុងប្រយ័ត្ន។ ដូចដែលយើង​ខ្ញុំធ្លាប់ចែករំលែកកន្លងមករួចហើយ គឺយើងអាចមានពិរុទ្ធភាពនឹងផ្លូវច្បាប់ មានទុក្ខទោស ដែលអា​ច​នឹងត្រូវបានចាប់ខ្លួនដោយសមត្ថកិច្ច និងកាត់ទោស ពិន័យជាប្រាក់ ឬកាត់ទោសដាក់ពន្ធនាគារ  យើងក៏អាចនឹងបាត់បង់កត្តិយសខ្លួនឯង ពីព្រោះថា មកដល់ពេលនេះមាននារី និងយុវវ័យមួយចំនួន បានបង់ខ្លួនប្រាណ  កិត្តិយសនៅក្នុងនាមជាស្រ្តី ដោយសារតែងប់ងល់ឬទំនាក់ទំនងតាមបណ្តាញ​សង្គម មានរាប់តាំងពីការរួមភេទមុនពេលរៀបការ ការលេចធ្លាយរូបភាពអណាចារ្យ ការចាប់រំលោភ ជាដើម។ ហើយខ្លះទៀត ក៏រងគ្រោះដោយសារតែសកម្មភាពឆបោកអស់ទាំងប្រាក់អស់ទាំងសម្ភារ ការរងគ្រោះនឹងអំពើ​ទារុណកម្ម និងអំពីឃាតកម្ម ...។ល។

យើងខ្ញុំមិនបន្លាចបងប្អូននោះទេ ហើយបងប្អូនខ្លះក៏បានធ្លាប់ជាប់រួចមកហើយ ដូច្នេះគប្បីប្រុងប្រយ័ត្ន ផ្ទៀងផ្ទាត់ព័ត៌មានឲ្យបានច្បាស់លាស់ មានការវិនិច្ឆ័យ​ មានការគិតពិចារណា ឲ្យបានត្រឹមត្រូវ មុននឹងសម្រេចចិត្តធ្វើអ្វីមួយ ដែលយើងគិតថា មិនសមរម្យតាមបណ្តាញសង្គម។ សូមរិះគិតនិងមានការប្រុងប្រយ័ត្ន ពីព្រោះមួយវិនាទីនៃការសម្រេចចិត្តរបស់អស់លោកនៅលើបណ្តាញសង្គម អស់លោកអា​ច​នឹងទទួលលាភសក្ការៈ ហើយក៏អាចនឹងជួបនៅការខាតបង់នៅក្នុងតម្លៃណាមួយ ឬចំណែកណាមួយដោ​យ​មិនដឹងខ្លួនក៏ថាបាន៕

Add new comment

7 + 0 =