ទោះបីការបិទខ្ទប់រាជធានីនិងក្រុងតាខ្មៅត្រូវបានបញ្ចប់ ប៉ុន្តែការឆ្លងនៅតែច្រើន !

ការបិទខ្ទប់រាជធានីភ្នំពេញនិងក្រុងតាខ្មៅនៃខេត្តកណ្តាលនឹងបញ្ចប់នៅថ្ងៃទី ០៦ ខែឧសភាឆ្នាំ២០២១ ខាងមុខ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ទាំងអស់គ្នាត្រូវតែបន្តប្រុងប្រយ័ត្នពីព្រោះមេរោគកូវីដ ១៩ នៅតែមានអត្រាឆ្លងប្រចាំថ្ងៃកាន់តែអាក្រក់ទៅៗ ។

រហូតមកដល់ថ្ងៃទី០៣ ខែ ឧសភា ឆ្នាំ២០២១ មេរោគឆ្លងកូវីដ ១៩ បានឆ្លងរីករាលដាលដល់ប្រជាពលរដ្ឋសរុបចំនន ១៥.៣៦១ នាក់ ហើយ នៅក្នុងនោះករណីអ្នកជំងឺបាត់បង់ជីវិតបានឡើងដល់ទៅ ១០៦ នាក់ហើយ ហើយដោយឡែកចំនួនអ្នកឆ្លងថ្មីគឺមានរហូតដល់ទៅ ៨៤១ នាក់ ។

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលបានឲ្យដឹងថា នៅទូទាំង២៥ខេត្តរាជធានីគឺមានតែខេត្តរតនៈគីរីមួយគត់ដែលនៅមិនទាន់មានអ្នកដែលឆ្លងក្រៅពីនោះគឺឆ្លងទាំងអស់ ដូច្នេះសូមកុំបាត់ម្ចាស់ ការនិងការប្រុងប្រយ័ត្ន ខណៈពេលដែលការបិទខ្ទប់រាជធានីនិងក្រុងតាខ្មៅនឹងបញ្ចប់នៅថ្ងៃទី០៦ ខែ ឧសភា ខាងមុខនេះឲ្យសោះ ។

បើនិយាយអំពីតួលេខនៃការឆ្លងរវាងកម្ពុជាយើងនឹងបណ្តាប្រទេសជិតខាង ដូចជាថៃ វៀតណាម និង ឡាវ គឺអត្រាឆ្លងនៅក្នុងប្រទេសយើងគឺមានស្ថានភាពអាក្រក់បំផុតនោះបើគេប្រៀបធៀបនឹងចំនួន ប្រជាសាស្រ្ត ។ ជាការពិត បើយោងទៅតាមបញ្ជីឈ្មោះនៃអ្នកឆ្លងដែលបានប្រកាសដោយអាជ្ញាធររាជធានីប្រចាំថ្ងៃ បានឲ្យដឹងថា ការឆ្លងគឺច្រើនតែត្រូវបានរកឃើញនៅក្នុងផ្នែកតូចៗមួយចំនួននៃតំបន់ក្រហម ដោយនៅតាមតំបន់ដែលផ្ទុះគឺរកឃើញមានការឆ្លងខ្ពស់មែនទែន ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ របាយនៃការឆ្លងគឺនៅតែមានរាយប៉ាយ និង ការឆ្លងទៅកាន់តំបន់ដទៃរប៉េះរប៉ោះ សឹងតែពាសពេញរាជធានី ដោយកន្លែងខ្លះមួយករណី កន្លែងខ្លះពីរករណី។ ដូចនេះ នៅពេលដែលរាជធានីភ្នំពេញនិងក្រុងតាខ្មៅបញ្ចប់ការបិទខ្ទប់ សូមលើកកំពស់ការប្រុងប្រយ័ត្ន និង ស្វ័យបង្ការការពារខ្លួនឯង បន្ថែមលើអ្វីដែលរាជរដ្ឋាភិបាលនិងអាជ្ញាធរបានរៀបចំ ។ នៅពេលនេះរាជធានីនិងក្រុងតាខ្មៅកំពុងតែបង្កើននូវយុទ្ធនាការនៃការចាក់វ៉ាក់សាំង ជាពិសេសគឺនៅតំបន់ក្រហម ដោយត្រូវបានចាក់ដោយមិនប្រកាន់ថា នរណាជានរណាឡើយឲ្យតែមានអាយុ ចាប់ពី ១៨ ឆ្នាំ ឡើង ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយគឺសូមកុំព្រលែងខ្លួនពីការបង្ការពីព្រោះទោះបីជាបានចាក់វ៉ាក់សាំងហើយក៏ពិតមែន ប៉ុន្តែប្រសិទ្ធភាពនៃវ៉ាក់សំាងគឺមិនបានធានាការឆ្លង១០០ ភាគរយឡើយ គឺនៅតែត្រូវការអនុវត្តនូវវិធានបីកុំ បីការពារជាក់ស្តែងដដែល ។

សរុបមកវិញនៅពេលដែលរាជធានីនិងក្រុងតាខ្មៅបញ្ចប់ការបិទខ្ទប់ សូមលើកកំពស់វិធានការបីកុំ និងបីការពារ បើមិនដូច្នេះទេ សង្គមយើងនឹងរស់នៅក្រោមស្រមោលនៃការរីករាលដាលនិងផ្ទុះនៃមេរោគ កូវីដ ១៩ នេះជាបន្តបន្ទាប់ ។

សូមរួមគ្នាការពារខ្លួន និង ចូលរួមកាត់ផ្តាច់ឫសគល់នៃការឆ្លងមេរោគកូវីដ ១៩ នេះ នៅក្នុងសង្គមយើងឲ្យបាន៕

Add new comment

6 + 8 =