តើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ជារឿងគួរឲ្យអបអរ?

កំពង់ផែ​ក្រុងព្រះសីហនុ

បើតាមការពន្យល់របស់មន្រ្តីជាន់ខ្ពស់ដែលទទួលបន្ទុកចរចារនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងកម្ពុជានិងចិននេះបានពន្យល់ វាពិតជាមោទនភាពខ្លាំងណាស់ ដែលយើងនៅក្នុងនាមជាប្រទេសតូចមួយអាចទទួលបាននូវកិច្ចព្រមព្រៀងបែបនេះជាមួយនឹងមហាយក្សចិន។ ជាមួយនឹងកិច្ចព្រមព្រៀងមួយនេះ មន្រ្តីកម្ពុជាមានសង្ឃឹមថា កម្ពុជាអាចនឹងនាំចេញទំនិញជាង១ម៉ឺនមុខទៅកាន់ទីផ្សារនៅប្រទេសចិន ដែលមកដល់ពេលនេះនរណាក៏ដឹងថា ប្រទេសនេះគឺជាទីផ្សារធំជាងគេបំផុតនៅលើពិភពលោក។ លោក សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មនិងជាប្រធានក្រុមចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាចិន បានឱ្យដឹងក្នុងសន្និសីទសារព៌តមាននាព្រឹកថ្ងៃទី២៨ កក្កដាថា តាមរយៈការចរចារកន្លងមកជាមួយភាគិចិន លទ្ធផលដែលទទួលបាននោះ គឺទំនិញកម្ពុជាប្រមាណជាង១ម៉ឺនមុខនឹងអាចនាំចេញទៅកាន់ទីផ្សារប្រទេសចិន រួមមានទាំងសាច់សត្វ ផលិតផលកសិកម្ម អាហារកំប៉ុង ភេសជ្ជៈកំប៉ុង និងផលិតផលជាច្រើនទៀត ដែលលើសពីការនាំទំនិញចូលពីប្រទេសចិន មកកាន់កម្ពុជាច្រើនជាង៣៤០មុខ។

នេះគឺជាក្តីសង្ឃឹមរបស់កម្ពុជា ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយនៅពេលនេះតើកម្ពុជាអាចនឹងនាំចេញ ទំនិញទាំងនេះទៅចិនដោយសេរីដោយមិនមានអ្វីមែនទេ គឺទោះបីជាយ៉ាងណាក៏ដោយទំនិញកម្ពុជា គឺនៅជាប់នូវបញ្ហាមួយទៀត ដែលលោកសុខ សុភ័ក្រ្ត បានអះអាងថា នោះគឺរបាំងនៃស្ដង់ដារភូតគាមអនាម័យត្រឹមត្រូវដែលទាមទារឲ្យសហគ្រិននិងអ្នកផលិតកម្ពុជា ត្រូវតែបង្កើនគុណភាពទំនិញរបស់ខ្លួន ដើម្បីត្រៀមនាំចេញទៅកាន់ទីផ្សារចិន នៅពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះចូលជាធរមាន។

ដូច្នេះ ហើយនេះគឺជាអ្វីដែលយើងត្រូវតែគិត ពីព្រោះរហូតមកដល់ពេលនេះ ទំនិញកម្ពុជាដែលអាចនាំចូលទៅចិនបានគឺមិនទាន់មានច្រើនទេ គឺមានតែអង្ករនិងទំនិញកសិកម្មមួយចំនួនតែប៉ុណ្ណោះ ដូចជាចេក ស្វាយ ជាដើម រីឯទំនិញផ្សេងៗ គឺយើងនៅខ្វះខាតច្រើន ដូច្នេះវាគឺជាហានិភ័យមួយ ខណៈដែលទំនិញចិននៅពេលនេះគឺមាននៅលើទីផ្សារកម្ពុជាដ៏ហូរហៀរ។

សរុបមកវិញ វាមិនមែនជារឿងងាយស្រួលនោះទេ ហើយវាក៏ជារឿងដែលយើងមិនត្រូវសុទិដ្ឋិនិយមពេកដែរ ពោលគឺត្រូវតែរិះគិតនិងរួបរួមគ្នាធ្វើយ៉ាងណា ដើម្បីព្យាយាមរកឲ្យឃើញនូវហានិភ័យ ហើយត្រៀមឆ្លើយតបនឹងហានិភ័យ ដើម្បីប្រែក្លាយវាជាឱកាស។

ដូច្នេះសូមទាំងអស់គ្នារួបរួមគ្នាជាធ្លុងមួយឆ្លើយតបនឹងបញ្ហា។ យើងមានទីផ្សារ តែបើទីផ្សារយើងជាប់ស្តង់ដារ នោះយើងត្រូវតែធ្វើយ៉ាងណាទម្លុះរបាំងជាឧបសគ្គនោះឲ្យបាន តាមវិធីសាស្រ្តណាមួយដែលអាចនឹងកាត់បន្ថយហានិភ័យឲ្យដល់កម្រិតតិចបំផុតតាមដែលអាចធ្វើបាន បើមិនដូច្នេះទេវាច្បាស់ជាមិនចំណេញ បែរជាដាច់ចំណងទៅវិញ៕

Add new comment

5 + 3 =