ដោះស្រាយការប្រមូលសំរាមអាចដោះស្រាយមានប្រសិទ្ធភាពឬទេ?

តាមការ​អានព័ត៌មានកាលពីម្សិលមិញ យើងបានទទួលព័ត៌មានមួយទាក់ទងនឹងរឿងសំរាមហើយតាមរយៈព័ត៌មាននោះ យើងបានដឹងថា រដ្ឋបាលរាជធានីកំពុងវាយតម្លៃក្រុមហ៊ុនមួយចំនួនដើម្បីផ្តល់សេវាប្រមូលសំរាមក្នុងរាជធានីភ្នំពេញ ក្រោយពេលដែលសំរាមនៅពេលនេះកំពុងតែមានបញ្ហាអំពីការប្រមូលនិងទុកដាក់សឹងតែគ្រប់កន្លែង។

តាមការតាមដាននូវព័ត៌មាននោះ គឺយើងខ្ញុំបានដឹងថា ក្រោយពីទទួលពាក្យស្នើសុំ និងឆ្លងកាត់នីតិវិធីដេញថ្លៃរួចមក នាពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ កំពុងពិចារណា វាយតម្លៃដើម្បីជ្រើសយកក្រុមហ៊ុនចំនួន៣ ដើម្បីផ្តល់សេវាប្រមូលសំរាម និងសំណល់រឹង ប្រកបដោយលក្ខណៈស្តង់ដារ ក្នុងរាជធានីភ្នំពេញ។

ក្រុមហ៊ុនទាំង៣ ដែលសម្រេចជ្រើសរើស នៅដំណាក់កាលចុងក្រោយ នឹងទទួលខុសត្រូវប្រមូលសំរាម ក្នុងខណ្ឌទាំង១៤ តាមតារាងពេលវេលាជាក់លាក់ ក្នុងការប្រមូល និងគ្រប់ច្រកផ្លូវទាំងអស់។

ប៉ុន្តែព័ត៌មាននេះមិនបានលំអិតថា តើក្រុមហ៊ុនទាំងបីមានឈ្មោះអ្វី មានធនធានប៉ុណ្ណា មានបទពិសោធន៍យ៉ាងណាគឺនៅមិនទាន់មានព័ត៌មានលំអិតនៅឡើយទេ  រីឯពេលវេលានៃការចាប់ផ្តើមនៃការចូលអនុវត្តការងាររបស់ក្រុមហ៊ុនប្រមូលសំរាមថ្មីទាំងនេះក៏នៅ មិនទាន់បានកំណត់ជាក់លាក់ តែរដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំការប្រមូលសំរាម ដោយបែងចែកខណ្ឌទាំង១៤ ជា៣តំបន់។  តំបន់នីមួយៗ មានមួយក្រុមហ៊ុនមួយ ជាអ្នកទទួលខុសត្រូវ និងរៀបចំតារាងពេលវេលាជាក់លាក់ក្នុងការប្រមូលសំរាមពីគ្រប់ច្រកផ្លូវផងដែរ។

 

យើង​ខ្ញុំ​សូម​ស្វាគមន៍នូវព័ត៌មាននេះ ប៉ុន្តែសង្ឃឹមថា អាជ្ញាធរនឹងពន្លឿនកិច្ចការនេះឲ្យបានលឿន ពីព្រោះនៅពេលនេះប្រជាពលរដ្ឋរាជធានីកំពុងតែប្រឈមមុខខ្លាំងនឹងកាកសំណល់នេះ ដែលតាមតួលេខនៅក្នុងមួយថ្ងៃ នៅរាជធានីមានកាកសំណល់ប្រមាណជា ៣.០០០ តោន ដូច្នេះវាគឺជាកិច្ចការមួយដែលត្រូវតែជាកិច្ចការអទិភាព។

សរុបមកវិញយើងខ្ញុំជាពលរដ្ឋគឺសូមស្វាគមន៍ចំពោះព័ត៌មាននេះ និងសូមឲ្យអាជ្ញាធរជ្រើសរើសក្រុមហ៊ុន ដែលប្រមូលសំរាមទាំងបីនេះ ឲ្យមានតម្លាភាព និង មានប្រសិទ្ធភាពពិតប្រាកដ មិនមែនមានតែសន្យា ហើយចេះតែប្រមូលលុយពីពលរដ្ឋប្រចាំខែនោះទេ៕

Add new comment

5 + 0 =