ដាក់បិណ្ឌប៉ុន្មានថ្ងៃនេះ ប្រជាពលរដ្ឋហាក់ភ្លេចកូវីដ១៩

គិតត្រឹមថ្ងៃទី ០៨ ខែកញ្ញា នេះ គឺជាវេនឬបិណ្ឌទី០៦ ហើយដែលប្រជាពលរដ្ឋយើងភាគច្រើនជាពុទ្ធបរិស័ទតែងតែនាំគ្នាទៅវត្ត ដើម្បីប្រគេនចង្ហាន់ ភេសជ្ជៈ និង ទេយ្យទាន ព្រមទាំងទេយ្យវត្ថុផ្សេងៗដល់ព្រះសង្ឃ និង ពិធីផ្សេងៗតាមជំនឿរបស់ខ្លួន ប៉ុន្តែសូមកុំសន្តិភាពនឹង​មេរោគព្រមទាំងជំងឺកូវីដ១៩ ឲ្យសោះ។

តាំងពីវេនឬបិណ្ឌមួយ មកដល់ពេលនេះយើងខ្ញុំសង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋដែលជាពុទ្ធបរិស័ទ ជាច្រើនបានទៅវត្តជាបន្តបន្ទាប់ ហើយជាពិសេសគឺកាលពីថ្ងៃសៅរ៍ និងអាទិត្យ។ ប៉ុន្តែភាគរយនៃអ្នកដែលប្រតិបត្តិវិធានការសុវត្ថិភាពដែលប្រមុខដឹកនាំរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ក្រសួងធម្មការនិងសាសនា ព្រមទាំងគណៈសង្ឃនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវ ហាក់មិនត្រូវបានពុទ្ធបរិស័ទអនុវត្តបានឡើយ រហូតដល់មានការព្រួយបារម្ភ អំពីការប្រឈមនឹងការរីករាលដាលជំងឺនេះជាសហគមន៍។

ជំនឿយើងត្រូវតែប្រណិប័តន៍ ហើយចុះហេតុអ្វីយើងមិនប្រត្តិបត្តិវិធាន​សុវត្ថិភាពដែលណែនាំដោយស្ថាប័ននិងអ្នកដឹកនាំផងនោះ ឬមួយអាងថា ជំងឺនិងមេរោគកូវីដ១៩ មិនមាននៅក្នុងសហគមន៍យើង? សូម្បី​តែ​ពាក់​ម៉ាស់ ក៏​មិនសូវយកចិត្តទុកដាក់ គម្លាត​សុត្ថិភាព​ក៏​មិន​រវល់ ចំណែក​ការ​ត្រួតពិនិត្យកំដៅវិញ​ក៏​មិន​ខ្វល់ ហើយ​ការ​ប្រើ​អាល់កុលឬជែលក៏​មិន​ឃើញ​មាន​ទៀត។

អ្នកដែលផ្ទុកមេរោគកូវីដនៅកម្ពុជាយើងពិតជានៅថេរមែន គឺនៅមិនទាន់ដល់៣០០ នាក់នៅ​ឡើយ​ទេ ពោលគឺតួលេខដែលកត់ត្រាផ្លូវការត្រឹមថ្ងៃម្សិលមិញ គឺមានត្រឹមតែ ២៧៤ នាក់​ដដែល ក្នុងនោះ ស្រ្តី ៥៤ នាក់បុរស ២២០ នាក់ ខណៈអ្នកជាសះស្បើយសរុប (គិចចាប់ពីខែ មករា) ២៧២ នាក់ ក្នុងនោះស្ត្រី ៥៤ នាក់ បុរស ២១៨ នាក់  ហើយអ្នកដែលកំពុងសម្រាកព្យាបាល ត្រឹមតែ  ០២ នាក់ប៉ុណ្ណោះ។ ប៉ុន្តែសូមកុំភ្លេចថា នៅលើពិភពលោក អង្គការសុខភាពពិភពលោកបានអះអាងថា វាបានកើនឡើង ដល់ជាង ២៧,០៣ លាននាក់ហើយ ដោយឡែកអ្នក ដែលស្លាប់គឺមាន ៨៨១.៤៦៤ នាក់ដែរ។ តួរលេខនេះគឺ ប្រែប្រួលរាល់ពេលវេលា ដោយឡែកអត្រាឆ្លងវិញគឺនៅមិនទាន់បានគេបញ្ឈប់បាននៅឡើយទេ នៅលើពិភពលោក។ ដូច្នេះសូមកុំធ្វេសប្រហែស សូមបន្តរឹតបន្តឹងនិងប្រុងប្រយ័ត្ន តាមដែលស្តង់ដារ និង​អនុសាសន៍គឺរក្សាគន្លាតសង្គម ពាក់ម៉ាស់ កុំយកដៃប៉ះផ្ទៃមុខនិង ភ្នែក ឧស្សាហ៍លាងសម្អាតដៃនឹងជែល ឬសាប៊ូឬអាល់កុល។ សូមកុំអាងទៅលើវ៉ាក់សាំងដែលគេបានប្រកាស ជាបន្តបន្ទាប់ ដោយសារតែមកដល់ពេលនេះ វាមិនទាន់សុក្រិតភាពនៅឡើយទេ ហើយក៏កំពុងតែប្រទាញប្រទង់គ្នាជាច្រើន នៅក្នុងចំណោមប្រទេសអ្នកដែលមានសេដ្ឋកិច្ចរីកចម្រើន។

ដោយសារតែមើលឃើញការធ្វេសប្រហែសនេះ លោកស្រីអ្នកនាំពាក្យក្រសួងសុខាភិបាលក៏បានអង្វរនិងទទូចដល់ប្រជាពលរដ្ឋទាំងអស់សូមឲ្យការពារខ្លួនតាមវិធានសុវត្ថិភាពខាងលើ ហើយដោយឡែកព្រះសង្ឃមួយចំនួនក៏ព្រះអង្គបានបិណ្ឌបាតសូ មឲ្យពុទ្ធិបរិស័ទយកចិត្តទុកដាក់លើសុវត្ថិភាពខ្លួនឯងផងដែរ។

 

សរុបសេចក្តីមកសូមកុំធ្វេសប្រហែស សូមពង្រឹងវិធានសុវត្ថិភាពឡើងវិញ ពីព្រោះថា ប្រសិនបើលោកអ្នក​ប្រហែសដូចជាពេលនេះ ហើយមានករណីឆ្លងដោយចៃដន្យដល់ណាមួយ​នោះ គឺជារឿងដ៏លំបាកហើយសម្រាប់ខ្លួនយើង គ្រួសារយើង សង្គមជាតិយើងនិង​ប្រទេស​យើងតែម្តង។ ដូច្នេះសូមកុំសន្តិភាពនឹងមេរោគកូវីដ១៩នេះឲ្យសោះ៕

Add new comment

7 + 6 =