Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ដរាបណាទីផ្សារការងារចង្អៀត អ្នកដែលស្ម័គ្រចិត្តចូលរៀនជំនាញសិល្បៈក៏នៅតែតិច
នរណាក៏ស្រលាញ់ គោរពឱ្យតម្លៃ និងទទួលស្គាល់ជំនាញសិល្បៈដែរ ប៉ុន្តែប្រសិនបើទីផ្សារការងារចង្អៀតសម្រាប់ពួកគេ វាលំបាកណាស់នៅក្នុងការលើកទឹកចិត្តឲ្យយុវវ័យសម័យ ក្រោយអោយទៅរៀនជំនាញសិល្បៈ។
ជំនាញសិល្បៈនៅពេលនេះមានច្រើនប្រភេទណាស់ រាប់តាំងពីរបាំប្រពៃណី ភ្លេងបុរាណ តន្រ្តីសម័យ ល្ខោនយីកេ ភាពយន្ត សូន្យរូប ...រហូតដល់បុរាណវត្ថុវិទ្យា ប៉ុន្តែមកដល់ពេលនេះ អ្នកដែលជំនាញនិងមានទីផ្សារនៅក្នុងវិស័យសិល្បៈគឺមានឱកាសតិចតួចស្តួចស្តើងមែនទែន។
សព្វថ្ងៃនេះអាជីពសិល្បករដែលគេឃើញមានភាពហ៊ឺហារឡូយឆាយ ទាន់សម័យ និងជីវភាពធូរធារ ឃើញតែក្រុមសិល្បៈដែលមានជំនាញសម្តែង និងអ្នកចម្រៀង ប៉ុន្តែទោះបីជាយ៉ាងណា ក្រុមអ្នកសិល្បករ និងសិល្បការិនី ដែលធូរធារនោះ គឺភាគរយក៏តិចដែរ ដូច្នេះហើយយុវវ័យភាគច្រើនមិនចាប់អារម្មណ៍ និងជំនាញនេះទេ។
ម្នាក់ៗចង់អភិរក្ស ចង់រក្សា និងការពារតម្លៃនៃជំនាញសិល្បៈនានា ឲ្យគង់វង្ស ដូច្នេះគួរតែធ្វើកិច្ចការច្រើនថែមទៀត ប្រសិនបើពិតជាចង់ មិនមែនចង់តែមាត់ និងភាសា និយាយនោះទេ គឺត្រូវតែមានផែនការ និង កម្មវិធី ពោលគឺធ្វើយ៉ាងណាធានាឲ្យអ្នកដែលរៀបចប់ជំនាញនេះ មានបាយហូប មានជីវភាពប្រដាំប្រសងនឹងជំនាញឯទៀត ។
ប្រសិនបើស្ថានការណ៍នៅតែដូចជាបច្ចុប្បន្ន មិនបាច់ចាំគាស់នោះទេ ទោះយកស្អីមកអូសទាញ ក៏មិនអាចសម្រេចទៅបានដែរ ពីព្រោះរៀនដើម្បីមានការងារធ្វើ មានប្រាក់ចំណូលចិញ្ចឹមខ្លួននិងគ្រួសារ ហើយបើរៀនចប់មិនដឹងធ្វើស្អី រកការងារធ្វើមិនបាន ចាំបាច់រៀនធ្វើអ្វី ។ នៅពេលនេះ អ្វីដែលអាចអូសទាញសកម្មភាព និងការងារអភិរក្ស ក៏ដូចជាលើកកំពស់ជំនាញសិល្បៈនេះ គឺគ្មានអ្វីក្រៅពីបង្កើតស្ថានការណ៍ និងឱកាស ធ្វើយ៉ាងណា ដើម្បីឱ្យអ្នកដែលសម្រេចចិត្តចាប់យកជំនាញសិល្បៈនេះអាចរស់នៅបានសមរម្យ នោះ យុវវ័យ នឹងចាប់អារម្មណ៍ហើយ។
នៅពេលនេះដោយសារតែវិស័យឌីជីថលកំពុងតែផុលផុស យុវវ័យគឺចាប់អារម្មណ៍ខ្លាំងណាស់លើជំនាញដែលពាក់ព័ន្ធនឹងវិស័យនេះ ក្រៅពីនោះ ពួកគេក៏កំពុងតែចាប់អារម្មណ៍ នឹងជំនាញដែលពួកគេគិតថា ឡូយ និងកំពុងតែមានទីផ្សារការងារ គឺហិរញ្ញវត្ថុ និងធនាគារ វេជ្ជសាស្រ្ត ... ។
សរុបមកវិញចង់អភិរក្ស និងការពារក៏ដូចជាលើកកំពស់ជំនាញសិល្បៈគឺស្រួលទេ ពោលគឺបង្កើតគោលនយោបាយ និងកម្មវិធីផ្សេងៗដើម្បីធ្វើយ៉ាងណាអោយជំនាញនេះ អាចមានលទ្ធភាពរកការងារធ្វើបានងាយស្រួល គឺជួយអភិរក្សនិងការពារជំនាញនេះទៅហើយ៕
Add new comment