ជង្ហុកផ្លូវនៅតាមរាជធានីនិងខេត្ត គួរដល់ពេលលុបហើយ!

ជង្ហុកនៅតាមដងផ្លូវនានានៅក្នុងរាជធានីនិងបណ្តាខេត្តមួយចំនួន ដែលយើងខ្ញុំបានធ្វើដំណើរនឹងបានឃើញថា វាកើតមានតូចៗកន្លងមក កន្លែងខ្លះកំពុងតែរីកធំ ហើយជ្រៅដែលល្មមនឹងធ្វើឲ្យបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមទោចក្រយានយន្តអាចដួល ឬជួបគ្រោះថ្នាក់ចរាចរណ៍បានដោយចៃដន្យ។

គ្រលុកឬជង្ហុកទាំងនោះ កំពុងតែលេចឡើងនៅសឹងតែគ្រប់ដងវិថីនានា នៅតាមផ្លូវនៅក្នុងខេត្តមួយចំនួន និងសូម្បីតែរាជធានីភ្នំពេញដែលជាបេះដូង ជាមជ្ឈមណ្ឌលនយោបាយ វប្បធម៌ សេដ្ឋកិច្ច និង ប្រវត្តិ​សា​ស្រ្ត​របស់ប្រទេស។ គ្រលុកឬជង្ហុកពីមុនតូច ក្លាយជាធំនិង​ជ្រៅហើយ កន្លែងខ្លះទៀត គឺមានបញ្ហាប្រេះស្រាំ និងឡើងប៉ោង ដែលទាមទារនូវការជួសជុលកន្លែងនោះ ជាបន្ទាន់បើមិនដូច្នេះទេ វានឹងរីកកាន់តែធំ ហើយទម្រង់នៃការខូចខាតក៏កាន់តែធំ ដែលនាំឲ្យយើងកាន់តែខាតបង់នូវថវិកា។

សូមកុំបណ្តោយឲ្យដងផ្លូវ វីថី មហាវិថី ដែលបានស្ថាបនាឡើងអស់លុយរាប់សិបលានដុល្លារ វិវត្តន៍ទៅរកការខូចខាតដោយគ្មានការថែទាំ។ ថវិការជួសជុលជង្ហុក​តូច​ៗ គឺវាអាចចំណេញពេល មិនសូវប៉ះពាល់ដល់ប្រជាពលរដ្ឋ និង​អ្នកដំណើរ ហើយក៏អាចសន្សំសំចៃថវិការជាតិបានផងដែរ។  

ផ្លូវ វិថី មហាវិថីនៅក្នុងស្រុកយើងមួយចំនួន កំពុងតែរងគ្រោះដោយសារតែយានយន្តធំៗមួយចំនួន ដឹកជញ្ជូនលើសទម្ងន់អនុញ្ញាត ដែលនាំឲ្យវាងាយស្រួលនឹងស្រុត វាខូចវាខាត វាប្រេះស្រាំ ប៉ុន្តែប្រសិន​បើនៅពេលដែលវាខូចវាខាត លេចចេញជាជង្ហុកឡើង ហើយយើងមិនជួសជុលវារឹតតែរីកកាន់តែធំទៅទៀតហើយ ដូច្នេះមន្ទីរសាធារណការរាជធានីខេត្ត និងក្រសួង ក៏ដូចជាអាជ្ញាធរដែនដី​គួរតែពិនិត្យចំណុចនេះផង។ ថាផ្លូវនៅក្នុងភូមិ សង្កាត់ ចូលលំនៅដ្ឋានប្រជាពលរដ្ឋចុះវាខូចខាត គ្មានការថែទាំជួសជុល  ប៉ុន្តែផ្លូវនៅកណ្តាលរាជធានី កណ្តាលខេត្ត កណ្តាលផ្លូវជាតិខ្លះ គួរណាស់តែមានការយកចិត្តទុកដាក់ ពីព្រោះថា នេះគឺជាមុខមាត់របស់ជាតិ ឬមួយក៏ថា ដោយសារតែកូវីដ ១៩ ប្រទេសមិនសូវមានភ្ញៀវទេ​សចរ មិនសូវមានភ្ញៀវអន្តរជាតិមកបានជាទុកចោលសិន?

ការលើកឡើងខាងលើនេះ គឺគ្រាន់តែជាមតិយោបល់មួយចំនួនតែប៉ុណ្ណោះ ពីព្រោះយើងខ្ញុំ មិនចង់ឃើញសមិទ្ធផលដែលជាតិយើងបានមកយ៉ាងលំបាក ខ្លះកសាងឡើងដោយថវិការជាតិ ខ្លះដោយប្រាក់ជំនួយ ខ្លះដោយប្រាក់កម្ចីពីគេ  ក្រោយពេលដែលកសាងសន្តិភាពបានពេញបរិបូរណ៍ ក្រោយថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ​១៩៩៨ ក្រោយការដាក់ចេញនូវគោលនយោបាយឈ្នះឈ្នះ ខូចខាតទៅវិញនៅក្នុងសភាពបែបនេះនោះទេ៕

Add new comment

2 + 5 =