ឃើញតួលេខធ្លាក់ចុះ តិចព្រលែងដៃណា អស់លោក!

មួយឆ្នាំ២០២១ បទល្មើសព្រហ្មទណ្ឌ កើតមានឡើងជាង៣០០លើក ថយចុះជាងពាក់កណ្តាល ឯគ្រោះថ្នាក់ចរាចរណ៍ ថយចុះជាង៥០០ករណី សម្រាប់បញ្ហាសង្គមទាំងពីរដែលបានកើតមានឡើងនៅរាជធានីភ្នំពេញ។

តួលេខនេះបានត្រូវប្រកាសក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣២ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២២នេះ ​ដោយអាជ្ញាធររាជធានីភ្នំពេញ និងសមត្ថកិច្ចពាក់ព័ន្ធ បន្ទាប់ពីបានពុះពារជំនះរាល់ការលំបាក ទាំងការទប់ស្កាត់ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ប្រែក្លាយរាជធានីភ្នំពេញពីគ្រោះអា​ស​ន្នមកកាន់ភាពកក់ក្តៅ ភាពញញឹម ដូចសព្វថ្ងៃ ជាមួយនិងការដោះស្រាយសង្គ្រោះប្រជាពលរដ្ឋបានទា​ន់ពេលវេលាដែលបង្កមកពីទឹកជំនន់ហើយនោះ អាជ្ញាធរនិងកងកម្លាំងនូវរក្សាបានសន្តិសុខល្អប្រសើរថែមទៀត។

ប្រភពដដែលបានបន្តថា នៅក្នុងឆ្នាំ២០២១កន្លងមកនេះ បទល្មើសព្រហ្មទណ្ឌកើតមាន ៣២៨លើកនៅក្នុងចំណោមបទល្មើសកើតឡើង៦៥៤លើក ថយចុះ ៣២៦លើក បង្ក្រាបបាន ៣១១ករណី ស្មើនឹង ៩៤,៨១%។ ចំណែកគ្រោះថ្នាក់ចរាចរណ៍មានការថយចុះ ៥៦៤លើក។ ចំណុចដែលបានលើកឡើងទាំងនេះ យើងខ្ញុំសូមកោតសរសើរចំពោះអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធដែលបានខិតខំយកចិត្តទុកដាក់អនុវ​ត្តបានល្អប្រសើរសម្រាប់ប្រជាពលរដ្ឋនៅក្នុងរាជធានី។​

បានអានព័ត៌មាននេះ យើងខ្ញុំជាប្រជាពលរដ្ឋ ពិតជាមានសេចក្តីរីករាយណាស់ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយសង្ឃឹមថា អស់លោកបងៗសមត្ថកិច្ចសូមមេត្តាកុំភ្លេចខ្លួនហើយមោទកភាព រួចទម្លាក់ដៃ ឬធ្វេសប្រ​ហែសនឹងតួនាទី ពីព្រោះបញ្ហាទាំងពីរនេះទំនងជាមិនមានការថយចុះទេ ប្រសិនបើសង្គមកម្ពុជាមិនមានបញ្ហាឆ្លងរីករាលដាល ហើយរាជរដ្ឋាភិបាលបានបិទរាជធានីជិតមួយខែ បិទការជួបជុំ និងសេវាកម្មមួយចំ​នួនអស់រយៈពេលយូរគួរសម ដែរនោះ។

កិច្ចការការពារសន្តិសុខសង្គម និងបញ្ហារិតបន្តឹងច្បាប់នេះគឺជារឿងដែលស្មុគស្មាញ និងមិនងាយស្រួលឡើយ ហើយជាមួយនឹងកិច្ចការនិងភារកិច្ចនេះ កាលណាមានមោទកភាព ហើយភ្លេចបេសកកម្មនិងភារកិច្ច បញ្ហានឹងកើតមានឡើងដូច្នេះ គួរតែពង្រឹងនិងយកចិត្តទុកដាក់ឆ្លើយតបនឹងបញ្ហាអសកម្មសង្គមធំៗទាំងពីរនេះឲ្យបានបន្តទៀតនាឆ្នាំ​២០២២ ដែលជាថ្មីថ្មីនេះ ។​

សរុបមកវិញ សម្រាប់ឆ្នាំ​២០២២ នេះ យើងខ្ញុំសង្ឃឹមថា លទ្ធផលការងារសន្តិសុខសង្គមនៅក្នុងរាជធានី ក៏ដូចជាបណ្តាខេត្តទូទាំងប្រទេសនឹងមានស្ថានភាពប្រសើរដូចជានៅក្នុងឆ្នាំនេះបន្តទៀត​ ហើយសមត្ថកិច្ចទាំងអស់ត្រូវតែចាំថា ការការពារនិងផ្តល់សុវត្ថិភាពដល់ប្រជាពលរដ្ឋគឺជាតួនាទីនិងភារកិច្ច ស្នូលរបស់កងកម្លាំងនិងសមត្ថកិច្ច​៕

Add new comment

3 + 12 =