គ្រូពេទ្យមិនគួរខ្លាចអ្នកជំងឺ តែត្រូវលើកទឹកចិត្តនិងផ្តល់ប្រឹក្សា

ដោយសារតែអត្រានៃការឆ្លងរីករាលដាលនៃមេរោគកូវីដ១៩ចេញពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈចេះ តែកើនឡើងច្រើនទៅៗពីមួយថ្ងៃទីមួយថ្ងៃ និងក្រោយពេលដែលទទួលគោលការណ៍ពីក្រសួងសុខាភិបាល ករណីទទួលអ្នកជំងឺដែលសង្ស័យថា កើតកូវីដ១៩ទៀតនោះ នៅពេលនេះ ក្រុមគ្រូពេទ្យនៅតាមបណ្តាគ្លីនិក និងមន្ទីរពេទ្យមួយចំនួនចាប់ផ្តើមខ្លាចអ្នកជំងឺ។

កត្តានេះ អ្នកជំងឺមួយចំនួន បានកំពុងត្អូញត្អែរអំពីការរើសអើង ខណៈដែលខ្លួនមានបញ្ហាសុខភាព ហើយកំពុងតែស្វះស្វែងរកជំនួយពីសេវាសុខាភិបាលនានា តែបែជាត្រូវបដិសេធ ឬរុញពីមួយទៅមួយ។ 

ជាការពិតមកដល់ពេលនេះ រោគសញ្ញាចម្បងដែលក្រុមគ្រូពេទ្យសង្ស័យថា អ្នកជំងឺកូវីដ ១៩ នោះ គឺពាក់ព័ន្ធនឹងកត្តាសីតុណ្ហភាព និងរោគសញ្ញាផ្លូវដង្ហើមមួយចំនួន។ 

ក្នុងនិយាមរបស់ក្រសួងសុខាភិបាល បានកំណត់នូវអាការៈសង្ស័យនៃកូវីដ១៩ ចំណុចមួយចំនួន គឺ អ្នកជំងឺធ្លាប់ធ្វើដំណើរទៅក្រៅប្រទេស ឬធ្លាប់ប៉ះពាល់នឹងអ្នកមានជំងឺកូវីដ១៩ និងមានអាការៈមួយក្នុងចំណោមអាការៈទាំងនេះ គឺគ្រុនក្តៅយ៉ាងតិច៣៨អង្សាសេ ក្អក ហៀរសំបោរ ឈឺបំពង់-ក ហត់ ពិបាកដកដង្ហើម ឬអ្នកជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរដោយមិនដឹងពីមូលហេតុច្បាស់លាស់។ នេះជាអាការៈសង្ស័យអំពីអ្នកជំងឺកូវីដ១៩។  

ប៉ុន្តែក្នុងករណីខ្លះ បើនិយាយអំពីកំដៅលើសពី ៣៧,៥អង្សាសេ ដែលគេតែងកំណត់សម្គាល់នៅតាមកន្លែងផ្សេងៗនោះ ជំងឺផ្សេងៗក៏អាចកើតមានដែរ ដូចជាគ្រុនពោះវៀន គ្រុនចាញ់ ឬការមុតរបួសឆ្លងមេរោគជាដើម។ ម្យ៉ាងវិញទៀត អ្នកខ្លះគ្មានកំដៅក្តៅនោះទេ ប៉ុន្តែឲ្យតែឃើញសភាពហេវហត់ អស់កម្លាំងព្រោះមេរោគផ្សេងក្រៅពីកូវីដ១៩ ធ្វើទុក្ខទោស ក៏មានក្រុមគ្រូពេទ្យបដិសេធមិនទទួលមើលជំងឺជូនដែរ។ រឿងនេះ ត្រូវបានប្រជាជន ជាពិសេសអ្នកជំងឺផ្ទាល់មានអារម្មណ៍ថា ខ្លួនត្រូវបានគេរើសអើង និងមិនអាចទទួលបានការសង្គ្រោះ។
តើកន្លែងផ្តល់សេវាសុខភាពទាំងអស់ គួរមានវិធានការយ៉ាងដូចម្តេចខ្លះ ដើម្បីអាចជួយដល់អ្នកជំងឺនិងផ្តល់ក្តីសង្ឃឹមដល់ពួកគាត់ ខណៈពេលដែលកូវីដ១៩ កំពុងរាតត្បាត?

យើងខ្ញុំដឹងថា វាគឺជាការលំបាកសម្រាប់គ្លីនិកតូចៗ ដែលបើកបម្រើសេវាសុខាភិបាលនៅតាមផ្ទះ ពីព្រោះគាត់គ្មានធនធានមនុស្ស គ្មានសម្ភារបច្ចេកទេសបង្ការនិងការពារគ្រប់គ្រាន់ ប៉ុន្តែមិនគួររុញអ្នកជំងឺចេញ ដោយសារតែបារម្ភអំពីករណីឆ្លងនៃមេរោគកូវីដ ១៩នោះទេ។ លោកអ្នកអាចផ្តល់កិច្ចប្រឹក្សាមួយដ៏ល្អ សម្រាប់អ្នកជំងឺទាំងអស់ នូវទីតាំងដែលអាចពិនិត្យរកមេរោគកូវីដ១៩ ដែលក្រសួងសុខាភិបាលបានណែនាំដល់អ្នកជំងឺដែលលោកអ្នកសង្ស័យ។ ចំណុចនេះ សូមលោកអ្នកលើកទឹកចិត្តពួកគាត់ កុំឲ្យពួគាត់អស់សង្ឃឹម ភ័យតក់ស្លុត ត្រូវពន្យល់ឲ្យគាត់បានយល់ និងធ្វើតាមគោលការណ៍ណែនាំ។ 

នៅកម្រិតមន្ទីរពេទ្យ លោកគ្រូពេទ្យទាំងឡាយទាំងរដ្ឋនិងឯកជន បានជ្រាបច្បាស់អំពីករណីសង្ស័យនេះ ត្រូវរៀបចំបញ្ជូនអ្នកជំងឺទៅទីណាពិតប្រាកដ និងចំគោលដៅ។ ហើយមន្ទីរពេទ្យនីមួយៗ គួរតែមានក្រុមគ្រូពេទ្យជួរមុខដែលប្រដាប់ទៅដោយសម្ភារៈនិងឧបករណ៍បង្ការនិងការពារ តាមការណែនាំរបស់ក្រសួងសុខាភិបាល។ ដូចបានជម្រាបខាងដើម ករណីខ្លះ ការឡើងកំដៅអាចមកពីមេរោគដទៃទៀត។ យ៉ាងហោចណាស់ នៅពេលអ្នកជំងឺបានឈានជើងដល់កន្លែងលោកអ្នក សូមអនុញ្ញាតឲ្យគាត់បានជួបពិភាក្សាឬហៅថាប្រឹក្សាជំងឺរបស់គាត់ជាមុនសិន មុននឹងបដិសេធទទួលជំងឺរបស់គាត់មកព្យាបាល។  ការធ្វើបែបនេះ នឹងអាចជួយសម្រួលបន្ទុកប្រឹក្សាយោបល់ជំងឺដល់ក្រសួងសុខាភិបាលផងដែរ ដែលក្នុងពេលនេះ មន្ត្រីសុខាភិបាលម្នាក់ៗដែលធ្វើការងារក្នុងជំនាញនេះ បានខិតខំអស់ពីសមត្ថភាព ដើម្បីជួយដល់ប្រជាជនកម្ពុជាឲ្យរួចពីជំងឺក៏សាហាវនេះ។ ប្រសិនបើការប្រឹក្សា និងការបញ្ជូនទាន់ពេល លោកអ្នកអាចសង្គ្រោះជីវិតរបស់អ្នកជំងឺបាន។ ពិតមែន ជំងឺនេះ ជាជំងឺសាហាវមួយ ដែលយើងកំពុងភ័យខ្លាច ប៉ុន្តែមិនមែនមានតែជំងឺមួយនេះដែលធ្វើឲ្យមនុស្សស្លាប់នោះទេ មានជំងឺជាច្រើនទៀត ដូចជាជំងឺធ្លាក់ទឹកចិត្ត ជំងឺបាក់ស្មារតី ជំងឺភ័យខ្លាច និងជំងឺអស់សង្ឃឹម។ 

យើងខ្ញុំសូមកោតសរសើរការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក្រសួងសុខាភិបាល និងបណ្តាសេវាសុខភាពទាំងអស់ ដែលបានចូលរួមយ៉ាងសស្រាក់សស្រាំ ដើម្បីរួមគ្នាកំចាត់មេរោគកូវីដ១៩នៅក្នុងប្រទេសយើង។ យើងបន្តគាំពារ និងគាំទ្រថែរក្សាស្មារតីនៃសាមគ្គីភាព ភារតភាព និងក្តីស្រឡាញ់ ដែលមានចំពោះគ្នាទៅវិញទៅមកក្នុងស្មារតីនៃការរួបរួមជាធ្លុងតែមួយដើម្បីឈ្នះកូវីដ១៩៕

Add new comment

15 + 4 =